ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិត ខណៈពេលគ្រូពេទ្យ កំពុងវះកាត់ នៅក្នុងមន្ទីរពេទ្យខេត្ត ហើយក្រុមគ្រួសារ ជនរងគ្រោះ បានចោទប្រកាន់ថា មកពីក្រុមគ្រូពេទ្យ មិនយកចិត្តទុកដាក់ សង្គ្រោះអ្នកជំងឺ ហើយវេជ្ជបណ្ឌិត មិននៅ ទៅសែនចិនអស់ ដោយទុកអ្នកជំងឺ រហូតហួសពេល ជួយសង្គ្រោះ លែងកើត ទើបបណ្តាល ឱ្យស្លាប់ ចោលប្រពន្ធកូន ។ ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី១៨ កុម្ភៈ វេលាម៉ោង៦ និង៣០នាទី ល្ងាច នៅមន្ទីរពេទ្យខេត្ត ។
បើតាម ស្ត្រីឈ្មោះ ព្រាប ស៊ីណេត អាយុ២៧ឆ្នាំ ជាប្រពន្ធ ជនរងគ្រោះ បានរៀបរាប់ ទាំងទឹកភ្នែកថា នាងមានការ សោកស្តាយជាខ្លាំង ព្រោះប្តីរបស់នាង ស្លាប់ដោយសារ គ្រូពេទ្យ មិនយកចិត្តទុកដាក់ ជួយសង្គ្រោះ រហូតហួសពេល ទើបវះកាត់ ហើយស្លាប់ ពេលកំពុង វះកាត់ បែបនេះ។ ប្តីរបស់នាង ឈ្មោះ ឥន សែន អាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានកូន២នាក់ (ស្រី១) និងមានផ្ទៃពោះ ៥ខែទៀត ។ នេះជាបន្ទុក យ៉ាងធ្ងន់សម្រាប់នាង ដែលប្តីស្លាប់ចោល ក្លាយជាស្ត្រីមេម៉ាយ ។
ស្ត្រីជាប្រពន្ធ បន្តទៀតថា កាលពីថ្ងៃទី១៧ កុម្ភៈ វេលាម៉ោង៦ល្ងាច ប្តីនាង ពេលចេញពី ធ្វើការសំណង់ បានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ត្រឡប់មកផ្ទះវិញ តាមផ្លូវជាតិលេខ១ ពីកើតទៅលិច ។ លុះមកដល់ ភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏បុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកទឹកកក ដែលបើកបញ្ច្រាស ទិសគ្នា ពេញទំហឹង បណ្តាលឱ្យ រងរបួសពកក្បាល និងជាំពោះធ្ងន់ សន្លប់ឈឹង ហើយត្រូវនគរបាល ក្រុងស្វាយរៀង ហៅរថយន្តឯកជន ដឹកទៅកាន់ មន្ទីរពេទ្យ ខេត្តដើម្បីសង្គ្រោះ ប៉ុន្តែគ្រូពេទ្យ គ្រាន់តែយក សេរ៉ូមមួយប្លោក មកព្យួរហើយ ទៅបាត់ទៅ ។
រហូតដល់ម៉ោង ៨ព្រឹកថ្ងៃទី១៨ កុម្ភៈ ឪពុកក្មេកនាង បានទៅសាកសួរ ប៉ុន្តែគ្រូពេទ្យម្នាក់ ប្រាប់ថា លោកវេជ្ជបណ្ឌិត មិននៅទេ ជាប់រវល់ សែនចិន អស់ហើយ ។ លុះដល់ម៉ោង១០ព្រឹក អ្នករបួស មានអាការៈ កាន់តែធ្ងន់ធ្ងរ ក៏ទៅតាមគ្រូពេទ្យ ឱ្យមកពិនិត្យ និងថតអេកូ ប៉ុន្តែគ្រូពេទ្យ ហាក់ព្រងើយកន្តើយ មិនយកចិត្ត ទុកដាក់ទេ ហើយរហូត ដល់ម៉ោង២រសៀល ទើបគ្រូពេទ្យ យកទៅថតអេកូ ឃើញបែក ពោះវៀន ធ្លាយក្រពះធ្ងន់ ទើបរាយការណ៍ ។ នៅម៉ោង៤រសៀល ទើបគ្រូពេទ្យ យកប្តីរបស់នាង ទៅវះកាត់ ប៉ុន្តែហួសពេល ទៅហើយ គឺបានស្លាប់ នៅវេលាម៉ោង៦ និង៣០នាទី ល្ងាច ខណៈគ្រូពេទ្យ កំពុងវះកាត់ ។
តាមប្រភពព័ត៌មានថា លោក អន សុភី អនុប្រធាន មន្ទីរពេទ្យខេត្ត បានឱ្យរថយន្ត ដឹកសព ចេញភ្លាមៗ ទាំងយប់ ។ ទាក់ទិននឹង ករណីនេះ មន្ត្រីមន្ទីរសុខាភិបាល មួយរូប ឱ្យដឹងថា ជាង១ឆ្នាំ មកហើយ ពេលមានអ្នកជំងឺ ឬជនរងគ្រោះថ្នាក់ ចរាចរណ៍ តែងតែយករថយន្ត ឯកជនទៅដឹក បើពេលយប់ ចាប់ពីម៉ោង៩ទៅ គឺយកថ្លៃកប់ពពក ។ សម្រាប់ចម្ងាយផ្លូវ ស្វាយរៀង-ភ្នំពេញ តម្លៃ៣០០ដុល្លារ បង់ឱ្យមន្ទីរពេទ្យ ១០០ដុល្លារ។ រីឯរថយន្តមន្ទីរពេទ្យ មាន៥គ្រឿង ហើយ២គ្រឿង ទើបតែទទួល ពីប្រទេសចិន គឺដឹកតែពេលថ្ងៃ ឯពេលយប់ គ្មានអ្នកបើកបរ ប្រចាំការ ។ នៅថ្ងៃកើតហេតុ រថយន្តឯកជន ដឹកចម្ងាយ ២.០០០ម៉ែត្រ យកតម្លៃ ១២ម៉ឺនរៀល ។
សពជន រងគ្រោះ ត្រូវបានបូជា នៅថ្ងៃទី១៩ កុម្ភៈ វេលាម៉ោង ២រសៀល ។ ពេលចប់ពិធីបុណ្យសព ក្រុមគ្រួសារសព នឹងដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្ត ឱ្យរកយុត្តិធម៌ ។ ទាក់ទិននឹងករណីនេះ មិនអាចសុំការបំភ្លឺ ពីលោកប្រធាន មន្ទីរពេទ្យខេត្ត បានភ្លាមៗ ទេនៅ ថ្ងៃទី១៩ កុម្ភៈ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]