ភ្នំពេញ៖ «ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥» គឺជាខួប១៩ឆ្នាំ នៃមរណភាពរបស់ លោកហាំង ង៉ោ ជាតារាភាពយន្តហូលីវូដ ជនជាតិខ្មែរដ៏ល្បីឈ្មោះ ដែលមហាជនស្គាល់លោក ច្បាស់តាមរយៈខ្សែភាពយន្ត ឯកសាររឿង «វាលពិឃាត» ហើយដែលតាមរយៈរឿងនេះ លោកបានទទួលពានរង្វាន់អូស្ការ ។ មានមោទនភាព ចំពោះលោកហាំង ង៉ោ ក្នុងនាមជាជនជាតិខ្មែរដែលល្បី ឈ្មោះលើឆាកអន្តរជាតិ និងរំឭកដោយសេចក្តីស្រឡាញ់ចំពោះលោក កោះសន្តិភាពសូមបង្ហាញ ជូនប្រិយមិត្តអ្នកអានពី ខ្សែជីវិតរបស់លោក ។
ប្រភពដើម
លោកហាំង ង៉ោ កើតនៅថ្ងៃទី២២ មីនា ឆ្នាំ១៩៤០ ។ កន្លែងកំណើតរបស់លោកហាំង ង៉ោ នៅសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ដែលនៅទីនោះគេឃើញ សាលាបឋមសិក្សាមួយនៅតាម បណ្តោយផ្លូវជាតិលេខ២ ភ្ជាប់ឈ្មោះរបស់លោកគឺ សាលាបឋមសិក្សា «ហាំង ង៉ោ ស្មៅខ្ញី» ។
លោកហាំង ង៉ោ មានឈាមជ័រជាខ្មែរកាត់ចិន ដ្បិតម្តាយរបស់លោក គឺជាជនជាតិខ្មែរ និងឪពុកមានឈាមជ័រចិន ។
លោកច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងតំណាងរាស្ត្រមណ្ឌលតាកែវ ដែលបច្ចុប្បន្ន (ខែកុម្ភៈឆ្នាំ២០១៥) ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គឺជាប្អូនប្រុសរបស់លោកហាំង ង៉ោ ។ ជាទូទៅគេស្គាល់ត្រឹមតែឈ្មោះហាំង ង៉ោ ប៉ុន្តែតាមពិតលោកមានឈ្មោះពេញថា «ហាំង សំណាងង៉ោ» ។
របបខ្មែរក្រហមដើមហេតុនាំឱ្យលោកហាំង ង៉ោ និរទេសឆ្ងាយមាតុភូមិ
យោងតាមវិគីភីឌា លោកហាំង ង៉ោ បានសិក្សាវិជ្ជាពេទ្យ ផ្នែកវះកាត់ និងជំនាញរោគ ស្ត្រី។ ពេលបញ្ចប់ការសិក្សា លោកហាំង ង៉ោ បានចុះអនុវត្តការងារនៅភ្នំពេញក្នុងឆ្នាំ១៩៧៥ គ្រាដែលពួកខ្មែរក្រហមដណ្តើមបានអំណាច ហើយប្រកាសរបបថ្មី «កម្ពុជាប្រជាធិប តេយ្យ»។ លោកហាំង ង៉ោ ត្រូវបង្ខំចិត្តលាក់បាំងប្រវត្តិសិក្សា ជំនាញវេជ្ជសាស្ត្រ ហើយសូម្បីតែការពាក់វ៉ែនតា លោកត្រូវលាក់ដែរ ដើម្បីចៀសវាងពីការរង្កៀសចិត្ត និងចងសត្រូវរបស់ របបថ្មីទៅលើអ្នកជំនាញ និងបញ្ញវន្ត ។
លោកហាំង ង៉ោ ត្រូវពួកប៉ុល ពត ជម្លៀសចេញពីភ្នំពេញ ដូចអ្នកក្រុងទាំងអស់ដែរ ។
លោកហាំង ង៉ោ បានជាប់ឃុំឃាំងនៅក្នុងជំរំជាមួយ ភរិយារបស់លោកឈ្មោះម៉ី ហួយ ដែលក្រោយមកបានស្លាប់ ដោយសារការសម្រាលកូន ។ បើទោះបីជាលោកហាំង ង៉ោ មានជំនាញរោគស្ត្រី តែលោកមិនអាចព្យាបាលប្រពន្ធ ដែលតម្រូវឱ្យមានការវះកាត់ផ្នែក ណាមួយទេ ព្រោះលោកគិតថា អាចនឹងមានផលប៉ះពាល់ចំពោះខ្លួនឯង និងប្រពន្ធ ព្រមទាំងកូនរបស់គាត់ ហើយអាចនឹងត្រូវគេសម្លាប់ថែមទៀត ។
បន្ទាប់ពីការដួល រលំនៃរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោកហាំង ង៉ោ បានធ្វើការជាគ្រូពេទ្យនៅ ក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ។ ក្រោយមកលោកហាំង ង៉ោ បានចាកចេញជាមួយក្មួយ ស្រីទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃ៣០ ខែសីហា ឆ្នាំ១៩៨០ ។
លោកហាំង ង៉ោ មិនអាចបន្តវិជ្ជាជីវៈ វេជ្ជសាស្ត្របានទេនៅអាមេរិក ហើយក៏មិនបានរៀបការជាថ្មីទៀតដែរ ។
ស្នាដៃលេចធ្លោញ៉ាំងឱ្យល្បីឈ្មោះ
នៅឆ្នាំ១៩៨៨ លោកហាំង ង៉ោ បានសរសេរសៀវភៅ មួយដោយមានចំណងជើងថា «ហាំង ង៉ោ ៖ ដំណើរផ្សងព្រេងនៃជនជាតិខ្មែរម្នាក់ ឬ Haing Ngor : A Cambodian Odyssey» ។ សៀវភៅនេះ លោកហាំង ង៉ោ ពណ៌នាអំពីជីវិតរបស់លោក ក្រោមរបបខ្មែរក្រហម នៅប្រទេសកម្ពុជាមាតុភូមិ កំណើតរបស់លោក ។ នៅក្នុងការរៀបរៀង លើកទីពីរនៃរឿង «ការរួចជីវិតក្នុងវាលពិឃាត» លោក Roger Warner ដែលជាអ្នកនិពន្ធរួម ជាមួយលោកហាំង ង៉ោ បានបន្ថែមសេចក្តីបញ្ចប់ដោយ រៀបរាប់ដំណើរជីវិតរបស់ លោកហាំង ង៉ោ ក្រោយទទួលបានពានរង្វាន់ ។
លោកហាំង ង៉ោ បានសម្តែងជាតួអង្គឌិត ប្រន នៅក្នុងខ្សែភាពយន្តឯកសារ របស់ហូលីវូដរឿង «វាលពិឃាត» បើទោះបីជាលោកគ្មានបទពិសោធសម្តែងពីមុនមកក្តី ។ បន្ទាប់ពីនោះមក លោកហាំង ង៉ោ បានពានរង្វាន់រួមមាន Golden Globe Award និងពានរង្វាន់ Academy Award ក្នុងផ្នែក Best Supporting Actor ។ បន្ទាប់ពីបង្ហាញខ្លួន នៅក្នុងភាពយន្តរឿង «វាលពិឃាត» មក លោកហាំង ង៉ោ បានប្រាប់ទៅទស្សនាវដ្តី People ថា «ខ្ញុំចង់បង្ហាញទៅពិភពលោក អំពីភាពស្រេកឃ្លានយ៉ាងខ្លាំងនៅកម្ពុជា និងចំនួនមនុស្សដែលបានស្លាប់នៅក្រោមរបបខ្មែរក្រហម ។ បេះដូងរបស់ខ្ញុំស្កប់ស្កល់ហើយ ។ ខ្ញុំបានធ្វើអ្វីមួយដែលល្អរួចហើយ» ។
លោកហាំង ង៉ោ បានចូលរួមសម្តែងនៅ ក្នុងភាពយន្តមួយចំនួនទៀត ព្រមទាំងកម្មវិធីទូរទស្សន៍ មួយចំនួនដែរ ដូចជា Heaven & Earth របស់ Oliver Stone និងរឿងភាគខ្លី Vanishing Son ។ លើសពីនេះលោកហាំង ង៉ោ ក៏បានចូលរួមសម្តែងនៅ ក្នុងខ្សែភាពយន្តហុងកុងមានចំណងជើង «សត្វត្មាតភាគខាងកើត» (Eastern Condors) ដែលដឹកនាំ និងសម្តែងដោយ Sammo Hung ។
លោកហាំង ង៉ោ បានសម្តែងជាតួរងនៅក្នុង រឿងភាគវៀតណាម នាឆ្នាំ១៩៨៩ រឿង «The Iron Triangle» ។ សម្តែងជាតារាកិត្តិយស នៅក្នុងសាច់រឿងពីរភាគនៃ ខ្សែភាពយន្តឆ្នេរសមុទ្រចិន (ក្នុងភាគ How to Stay Alive in Vietname 1 & 2) ដោយលោកហាំង ង៉ោ ដើរតួជាឈ្លើយសង្គ្រាម ជនជាតិខ្មែរម្នាក់បានរងរបួស ហើយជួយនាង Collen McMurphy ពេលស្ថិតក្រោមការថែទាំរបស់នាង ។
លោកហាំង ង៉ោ ក៏បានសម្តែងជាតារាកិត្តិយស ក្នុងខ្សែភាពយន្ត Miami Vice មួយភាគចំណងជើង «The Savage, Duty and Hornor» ។ លោកក៏បានដើរ តួនៅក្នុងរឿង My Life បន្ទាប់ពីលោក Michael Keaton ។
វេជ្ជបណ្ឌិតហាំង ង៉ោ ជាតួសម្តែង និងជាអ្នកនិពន្ធដែលបាន ទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែកតួសម្តែងរងល្អបំផុត សម្រាប់ការសម្តែងជាលើកដំបូង របស់លោកនៅក្នុងរឿង «វាលពិឃាត» (The Killing Fields) ដែលនិយាយពីជីវិតរបស់ អ្នកសារព័ត៌មានលោកឌិត ប្រន។ លោកហាំង ង៉ោ ជាតារាសម្តែង បុរសរបស់អាស៊ីដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់ Oscar ក្នុងផ្នែកសម្តែង ។ លោកហាំង ង៉ោ និងហារ៉ូលរ៉ូសេល (Harold Russell) គឺជាតារាសម្តែងមិនមាន ជំនាញពីរនាក់ប៉ុណ្ណោះដែលទទួលបានពានរង្វាន់អូស្ការ ក្នុងផ្នែកសម្តែង ។
បង្កើតមូលនិធិជួយមាតុភូមិ
មូលនិធិវេជ្ជបណ្ឌិតហាំង ង៉ោ បានរៀបចំឡើងនៅឆ្នាំ១៩៩០ ដោយលោកហាំង ង៉ោ និង Jack Ong ។ តារាសម្តែងទាំងពីរនាក់នេះបានជួបគ្នានៅឆ្នាំ១៩៨៩ ពេលថតរឿង «The Iron Triangle» ហើយក្រោយមកព្រះវិហាររបស់អ្នកគង្វាល Ong (សមាគមគ្រឹស្តបរិស័ទនៅ Venice,CA) បានចាប់ផ្តើម «គម្រោងកម្ពុជា» ស្វែងរកប្រាក់ដើម្បីថែទាំកុមារកំព្រា និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ «គម្រោងកម្ពុជា» (Project Cambodia) គឺជាមូលនិធិដើមនៃមូលនិធិរបស់លោកហាំង ង៉ោ ដែលបានដាក់បញ្ចូលជាអង្គការ សប្បុរសធម៌នៅឆ្នាំ១៩៩៧ ក្រោយឃាតកម្ម របស់លោកហាំង ង៉ោ (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦) ។ គោលដៅនៃមូលនិធិ នេះរួមមានការថែរក្សាការសម្រេច (សមិទ្ធផល) របស់លោកហាំង ង៉ោ និងសិទ្ធិមនុស្ស ក៏ដូចជាការផ្សព្វផ្សាយ អំពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា តាមរយៈការអប់រំសកម្មភាព និងសិល្បៈ ។
ក្មួយស្រី របស់លោកហាំង ង៉ោ អ្នកស្រីសុភីយ៉ា ង៉ោ ឌីមេទ្រី ដែលជាអ្នកផ្តល់ភស្តុតាង នៅក្នុងសវនាការឃាតកម្ម របស់លោក និងជាអ្នកដែលលោកបាន យកនៅអាមេរិកជាមួយ បច្ចុប្បន្ននេះគឺប្រធានមូលនិធិ ហើយលោក Ong គឺជានាយកប្រតិបត្តិ ។
មូលនិធិលោកហាំង ង៉ោ ដែលបង្កើតឡើងនោះ ដើម្បីស្វែងរកប្រាក់ជួយដល់មាតុភូមិកម្ពុជារបស់លោក ។
ក្នុងការរួមចំណែកផ្នែកមនុស្សធម៌ លោកហាំង ង៉ោ បានសាងសង់សាលាបឋមសិក្សាមួយ និងបើកដំណើរការរោងអារឈើតូចមួយ ដើម្បីផ្តល់ការងារនិង ចំណូលដល់គ្រួសារនៅមូលដ្ឋាន ។
ក្មួយស្រីឈ្មោះង៉ោ សុភីយ៉ា ឌីមេទ្រី របស់លោកហាំង ង៉ោ ជាអ្នកផ្តល់សាក្សីមួយរូប នៅសវនាការក្នុងរឿងក្តីឃាតកម្ម ទៅលើរូបលោក។ បច្ចុប្បន្នអ្នកស្រីង៉ោ សុភីយ៉ា ឌីមេទ្រី គឺជាប្រធានមូលនិធិនោះ ។
មរណភាពពាក់ព័ន្ធបន្តោងខ្សែ.ករូបសពភរិយា និងភាពមន្ទិលនានា
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ លោកហាំង ង៉ោ ត្រូវឃាតករបាញ់សម្លាប់ នៅក្រោយផ្ទះរបស់លោក នៅសង្កាត់ចិន ក្នុងទីប្រជុំជន ឡូស អេនចឺឡេស រដ្ឋកាលីហ្វ៊័រនីញ៉ា ។ ជនជាតិខ្មែរជាច្រើនអះអាងថា ពួកគេជាប់ជំពាក់នៅក្នុង អចលនទ្រព្យរបស់គាត់ ។ ចំណែកស្ត្រីម្នាក់អះអាងថា លោកហាំង ង៉ោ បានរៀបការជាមួយនាងក្រោយ ពេលទៅដល់សហរដ្ឋអាមេរិក ។
ទ្រព្យសម្បត្តិភាគច្រើន របស់លោកហាំង ង៉ោ បានទៅប្អូនរបស់លោក គឺលោកច័ន្ទ សារុន (អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម) ខណៈពេលដែលទ្រព្យសម្បត្តិអាមេរិក របស់គាត់ត្រូវប្រើក្នុងថ្លៃរត់ការ ច្បាប់នៃការពន្យារពាក្យបណ្តឹង ចំពោះអចលនទ្រព្យរបស់លោក ។
សពរបស់លោកហាំង ង៉ោ ត្រូវគេបញ្ចុះនៅ Rose Hills Memorial Park ឯ Whittier, កាលីហ្វ៊័រនីញ៉ា ។
សមាជិកបីនាក់នៃក្រុម Oriental Lazy Boyz ដែលជាក្រុមពាលតាមផ្លូវ ត្រូវបានចោទពីបទឃាតកម្ម ហើយពួកគេក៏ធ្លាប់ បានចាប់ខ្លួនពី មុនមកដែរ ក្នុងបទឆក់កាបូប អលង្ការ ។ ពួកគេត្រូវបានកាត់ទោសរួមគ្នា នៅតុលាការកំពូលនៃ រដ្ឋឡូសអេនចឺឡេស ទោះបីជារឿងក្តីរបស់ពួកគេត្រូវបានក្រុមប្រឹក្សា តុលាការដឹងដាច់ដោយ ឡែកពីគ្នាក៏ដោយ ។ ព្រះរាជអាជ្ញាបានអះអាងថា ពួកគេបានសម្លាប់លោកហាំង ង៉ោ ក្រោយពេល លោកប្រគល់នាឡិកា ដៃមាសម៉ាក Rolex របស់លោកទៅឱ្យ ប៉ុន្តែលោកបដិសេធ មិនឱ្យបន្តោងខ្សែ.ក មានរូបប្រពន្ធរបស់លោកដែល បានស្លាប់ទៅហើយនោះ គឺលោកស្រីម៉ី ហួយ ។
មេធាវីការពារក្ដី បានលើកឡើងថា ឃាតកម្មនេះទាក់ទងនឹងរឿង នយោបាយដែលបានធ្វើឡើង ដោយអ្នកគាំទ្ររបបខ្មែរក្រហម ប៉ុន្តែមិនមានភស្តុតាង ណាមួយគាំទ្រទស្សនៈនេះទេ ។ ទោះជាយ៉ាងណាក្តី កាំង ហ្គេកអ៊ាវ ដែលជាអតីតមន្ត្រីខ្មែរក្រហម និងបានកាត់ទោសដោយសាលាក្តីខ្មែរក្រហមឱ្យជាប់គុក អស់មួយជីវិតធ្លាប់អះអាងកាល ពីខែវិច្ឆិកា ឆ្នាំ២០០៩ ថា ការសម្លាប់លោកហាំង ង៉ោ គឺជាបញ្ជាពីប៉ុល ពត ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត អាមេរិករកមិនឃើញថា គួរឲ្យជឿទុកចិត្តទេ ។
មនុស្សមួយចំនួនបាន រិះគន់មតិដែលថាលោកហាំង ង៉ោ ត្រូវគេសម្លាប់ក្នុងអំពើប្លន់មិនបានសម្រេច ដោយផ្អែកទៅលើប្រាក់ ២.៩០០ដុល្លារ អាមេរិក ដែលបន្សល់ទុក ហើយចោរមិនបានរើ កកាយកាបូបលុយរបស់លោកទេ ។ មកទល់ពេលនេះ គ្មានចម្លើយពីមូលហេតុ ដែលចោរទាមទារបន្តោងខ្សែ.ករបស់លោកហាំង ង៉ោ ទេ ហើយជាធម្មតា លោកតែងពាក់បន្តោងខ្សែ.កនោះនៅខាងក្នុងអាវ ហើយពិបាកនឹងមើលដឹងណាស់ ។ នៅឆ្នាំ២០០៣ បន្តោងខ្សែ.កនោះនៅតែមិនទាន់រកឃើញ ។
ជនជាប់ចោទទាំងបីនាក់ នោះត្រូវបានរកឃើញថា មានទោសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ នៅចំថ្ងៃដែលគេបានបញ្ជាក់អំពីការស្លាប់របស់ប៉ុល ពត នៅកម្ពុជា ។ Tak Sun Tan ត្រូវបានផ្ដន្ទាទោសចាប់ពី៥៦ឆ្នាំ ដល់មួយជីវិត, Indra Lim ពី២៦ឆ្នាំ ដល់មួយជីវិត ចំណែកឯ Jason Chan ជាប់ទោសមួយជីវិត ដោយគ្មានលក្ខខណ្ឌដោះលែង ។
នៅឆ្នាំ២០០៤ តុលាការសង្កាត់អាមេរិក នៃសង្កាត់កណ្ដាលនៅរដ្ឋកាលីហ្វ៊័រនីញ៉ា បានចេញដីកាលើកលែងទោស ជាសេចក្ដីសម្រេចដែលព្រះរាជអាជ្ញាបាន ប្រើការអាណិតអាសូររបស់ ក្រុមប្រឹក្សាតាមរយៈការបង្ហាញ ភស្តុតាងមិនពិត តែការសម្រេចនេះត្រូវបានបដិសេធ។ ជាចុងក្រោយ ការផ្ដន្ទាទោសនៅតែបន្តតម្កល់ទុក ដោយតុលាការសហរដ្ឋអាមេរិក នៃបណ្ដឹងឧទ្ធរណ៍សម្រាប់មណ្ឌលទី៩នៅឆ្នាំ២០០៥ ។
ក្រោយពេល ចេញផ្សាយខ្សែភាពយន្តរឿង«វាលពិឃាត» លោកហាំង ង៉ោ បានប្រាប់ទៅអ្នកយកព័ត៌មាន New York Times ថា «ប្រសិន បើខ្ញុំស្លាប់នៅពេលឥឡូវ គឺគ្មានបញ្ហាទេ ព្រោះភាពយន្តនេះនឹងស្ថិត នៅរាប់រយឆ្នាំទៅមុខទៀត» ។
លោកឌិត ប្រន ដែលលោកហាំង ង៉ោ បានដើរតួនៅក្នុងរឿងវាលពិឃាត បានថ្លែងចំពោះការស្លាប់ របស់លោកហាំង ង៉ោ ថា «គាត់ប្រៀបដូចជាកូនភ្លោះជាមួយខ្ញុំ ។ គាត់ប្រៀបបានជាអ្នក ផ្ញើសារជាមួយខ្ញុំ ប៉ុន្តែពេលនេះខ្ញុំនៅតែ ម្នាក់ឯងហើយ» ។
ការស្រាយចម្ងល់មួយទាក់ទិនការសម្លាប់
ទោះបីប្រាកដប្រជាក្នុងកម្រិតណាក្តី តែវាជាការស្រាយចម្ងល់មួយទាក់ទិន ការស្លាប់របស់លោកហាំង ង៉ោ ដោយកូនខ្មែរនៅ អាមេរិកម្នាក់ជាអតីតបងធំ ។
កូនខ្មែរនៅអាមេរិកម្នាក់ នោះដែលត្រូវអាមេរិកចាប់ បញ្ជូនឱ្យមកនៅកម្ពុជា កាលពីឆ្នាំ២០០៤ បាននិទានឱ្យដឹង (យោងតាមការផ្សាយរបស់ភ្នំពេញប៉ុស្តិ៍នា ខែឧសភា ឆ្នាំ២០១២)ថា រូបគេធ្លាប់នៅប្លុកលេខ ៣២០០ ប្លុកជនអន្ធពាលនៃពន្ធនាគារ សង្កាត់ឡូសអេនចឺឡេស ក្នុងបន្ទប់ ឃុំឃាំងជាប់ក្រុមជន ពាក់ព័ន្ធសម្លាប់់លោកហាំង ង៉ោ កន្លែងដែលរូបគេនៅ២ឆ្នាំកន្លះ ។ ជនពាក់ព័ន្ធទាំងនោះគឺ Oriental Lazy Boyz Jason Chan, Tak Sun Tan និងIndra Lim ។ កូនខ្មែររូបនោះ និយាយថា «ខ្ញុំដឹងពីរឿងខ្សឹបខ្សៀវ តាំងពីពួកគេបាន ប្រឡូកក្នុងបញ្ហានេះដំបូងមក។ មានគេប្រាប់ពួកគេថា លោកហាំង ង៉ោ មានកាបូបមួយដែល មានប្រាក់រាប់ពាន់ដុល្លារទុកនៅ គូទរថយន្តមែរសឺដេស។ លើស ពីនេះ ពួកគេដឹងថា គាត់ពាក់ខ្សែ.កបន្តោងមាស ព្រមទាំងពាក់នាឡិកាម៉ាក Rolex ។ ពួកគេបានចេញទៅប្លន់គាត់ ។
វាពុំមាននរណា នៅពីក្រោយអំពើសម្លាប់នោះទេ ។ ខ្ញុំដឹងព្រោះខ្ញុំបានសួរពួកគេ នៅពេលខ្ញុំជាបងធំក្នុងប្លុកជនអន្ធពាលនោះ ពួកគេមិននិយាយកុហកខ្ញុំ ឬមិត្តភក្តិដទៃទៀតទេ ។
យើងទាំងអស់គ្នាខឹង ដែលពួកគេបានសម្លាប់ មនុស្សល្បីរបស់កម្ពុជានោះ ។ ពួកគេប្រាប់ខ្ញុំថា ពួកគេសុទ្ធតែជក់ថ្នាំ(ញៀន) នៅពេលពួកគេសម្លាប់នោះ ។ អាល្ងើទាំងនោះ ថែមទាំងមិនដឹងថា នរណាដែលពួកគេ សម្លាប់ផងនោះទេ រហូតទាល់តែដល់ពេល ពួកគេត្រូវបានចាប់ខ្លួន» ។
ខកខានគម្រោងមកធ្វើមន្ត្រីនៅកម្ពុជា
នរណាម្នាក់នៅពេលស្លាប់ គម្រោងផែនការអ្វីរបស់គេក៏ ត្រូវបញ្ចប់ទៅជាមួយដែរ ។ ដោយឡែកសម្រាប់លោកហាំង ង៉ោ ក៏មិនអាចបំពេញគម្រោងផែនការ មួយរបស់លោកដែរ នៅពេលជីវិតរបស់លោកត្រូវ បំផ្លាញដោយឃាតករនោះ ។
លោកប៉ែន សាវ៉ាត ជាគ្រូរបាំរស់នៅអាមេរិក ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយលោកហាំង ង៉ោ បានលើកឡើងឱ្យដឹងទាក់ ទិនគម្រោងផែនការរបស់លោកហាំង ង៉ោ មុនពេលស្លាប់នោះ ។ ទោះបីមិនដឹងថាវាពិតកម្រិតណា តែយ៉ាងហោចណាស់ជា ព័ត៌មានមួយដែលបង្ហាញឡើងទាក់ទិនលោកហាំង ង៉ោ អាចថាក្នុងចំណោមព័ត៌មាន ផ្សេងច្រើនទៀត ដែលកប់បាត់ដោយសារ មរណភាព ។
លោកប៉ែន សាវ៉ាត ឱ្យដឹង (តាមការផ្សាយរបស់ភ្នំពេញប៉ុស្តិ៍ ខែឧសភា ឆ្នាំ២០១២) ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៩៤ នៅទីក្រុងបាងកក ប្រទេសថៃ ពេលលោកហាំង ង៉ោ ផ្តល់បទសម្ភាសន៍ដល់កាសែតដឹណេសិន អំពីគម្រោងថតខ្សែភាពយន្តរឿង«The Man From Year Zero » រូបលោករីករាយយ៉ាងខ្លាំង ព្រោះលោកក៏នៅទីនោះដែរ សរសេរសាច់រឿងឡើងវិញ នៅពេលលោកហាំង ង៉ោ ត្រូវបានគេសម្លាប់នៅក្រុងឡូសអេនចឺឡេស នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ។
លោកប៉ែន សាវ៉ាត ទម្លាយអាថ៌កំបាំងមួយឱ្យដឹងថា «មួយខែមុនពេលគាត់ត្រូវ បានធ្វើឃាតលោកហាំង ង៉ោ បានប្រាប់ខ្ញុំថា គាត់មានគម្រោងមក ធ្វើមន្ត្រីនៅប្រទេសកម្ពុជា ហើយខ្ញុំដឹងថា គាត់់មានមុខរបរ និងផ្ទះសម្បែងនៅទីនោះ» ។
មរណភាពបាននាំ យកគម្រោងធ្វើមន្ត្រី របស់លោកហាំង ង៉ោទៅជាមួយ ។
និទានពីខ្លួនឯង
លោកហាំង ង៉ោ បង់ជីវិតទៅហើយ ប៉ុន្តែក្រៅពីខ្សែភាពយន្ត ជាពិសេសរឿង «វាលពិឃាត» នៅជាភស្តុតាងរំឭកពីរូបលោក គឺនៅមានវាចាផ្ទាល់របស់លោក ដែលបានសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន ។ មុនពេលស្លាប់ គឺនៅឆ្នាំ១៩៩៤ លោកហាំង ង៉ោ បានផ្តល់បទសម្ភាសន៍ ជូនអ្នកសារព័ត៌មាន ដោយនិទាន ត្រួសៗពីប្រវត្តិជីវិតរបស់លោក ព្រមទាំងមូលហេតុក្លាយ ជាតារាសម្តែងភាពយន្ត និងដំណើរនៃការផលិតរឿង «វាលពិឃាត» ដែលបណ្តែតជីវិត របស់លោកភ្លឺចិញ្ចាចផងដែរ ។
បទសម្ភាសន៍នេះ យោងតាមគេហទំព័រ «បេះដូងខ្មែរ »។
ដើមកំណើតនិងស្ថានភាពគ្រួសារ
សំណួរ៖ ជនរួមជាតិកម្ពុជាចង់ ដឹងពីជីវិតផ្ទាល់ខ្លួនរបស់លោក តើលោកអាចឱ្យដឹងបានដែរទេ ?
ចម្លើយ៖ បាទ មិនជាបញ្ហាអ្វីទេ ។ ខ្ញុំកើតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ម្តាយខ្ញុំរកស៊ីលក់នំកន្ទក់ លក់ទឹកត្រី ទឹកស៊ីអុីវ គ្រឿងទេសតិចតួច និងធ្វើស្រែផ្សំផង។ ក្រោយពីរកស៊ីបានកាក់កបបន្តិច គាត់ក៏មករកស៊ីនៅផ្សារ។ គាត់បានក្លាយជាពាណិជ្ជករ តូចតាចរកស៊ីខាងរោងចក្រអារឈើ ។ ខ្ញុំមានបងប្អូន ១០នាក់ ខ្ញុំជាកូនប្រុសទី៣នៅក្នុងគ្រួសារ ។
ពីក្មេងខ្ញុំរៀននៅសាលាសំរោងយ៉ោង បន្ទាប់មករៀននៅខេត្តតាកែវ ក្រោយមកទៀតខ្ញុំរៀននៅសាលាពេទ្យក្រុងភ្នំពេញ ។
មូលហេតុឃ្លាតចាកពីមាតុភូមិ
សំណួរ៖ លោកបានចាកចេញ ពីស្រុកខ្មែរនៅពេលណា ដោយសារហេតុអ្វី ?
ចម្លើយ៖ ថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្ញុំរួចពីរបបប្រល័យ ពូជសាសន៍នៅខេត្តបាត់ដំបង ហើយខ្ញុំចាកចេញពីស្រុកខ្មែរទៅប្រទេសទី៣ នៅថៃ្ងទី៩ ខែមករា ឆ្នាំ១៩៨០។ ថៃ្ង១៣ ខែឧសភា ១៩៧៩ ខ្ញុំបានវិលត្រឡប់ទៅ រកផ្នូររបស់ប្រពន្ធខ្ញុំនៅទីដែល នាងបានចែកឋាន។
ខ្ញុំបានសុំប្រពន្ធកូនខ្ញុំថា នឹងចាកចេញពីប្រទេស ដោយសន្យាថា ខ្ញុំនឹងរកឱកាសនិយាយពី រឿងវេទនានិរាសព្រាត់ប្រាស របស់គ្រួសារយើង នៅលើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកទាំងមូល បានដឹងពីទុក្ខវេទនារបស់ខ្មែរ នាសម័យនោះ ។
មរណភាពនៃភរិយា
សំណួរ៖ ភរិយារបស់លោកស្លាប់ ដោយសារមូលហេតុអ្វី ?
ចម្លើយ៖ នាងស្លាប់នៅពេលឆ្លងទន្លេ ព្រោះគ្មានពេទ្យត្រឹមត្រូវ ខ្ញុំបាត់បង់នាង និងកូនក្នុងពេលតែមួយ ។
មូលហេតុក្លាយជាតារាភាពយន្ត និងស្នាដៃដំបូង
សំណួរ៖ មូលហេតុអីដែល លោកក្លាយទៅជាតារាភាពយន្ត ?
ចម្លើយ៖ បាទ នោះគឺជារឿងដែលខ្ញុំពុំគិតដល់ពីមុនមក ។ ពេលដែលខ្ញុំទៅរស់នៅសហរដ្ឋអាមេរិក ខាងក្រុមហ៊ុនភាពយន្តហូលីវូដគេធ្វើការជ្រើសរើសតួខ្មែរ ។ ខ្ញុំស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវគេជ្រើសរើស ។ ពីដំបូងខ្ញុំបដិសេធ ព្រោះក្នុងផ្នត់គំនិតរបស់ខ្ញុំតែងតែគិតថា ជាតួកុនវាពុំមានអ្វីជាការប្រសើរសម្រាប់បំណងខ្ញុំទេ ព្រោះតួកុនច្រើនជាមនុស្សដែលពុំបានការសិក្សារៀនសូត្រអីច្រើនទេ ម្យ៉ាងខ្ញុំរៀនខាងវិជ្ជាពេទ្យ រឿងអីត្រូវទៅដើរតួកុន ? តែដោយសារខាងក្រុមហ៊ុនគេចេះតែព្យាយាមអង្វរខ្ញុំ និងខ្ញុំនឹកដល់ពាក្យសន្យាជាមួយភរិយាដែលចែកឋានរបស់ខ្ញុំថា ទីមួយខ្ញុំឱ្យអន្តរជាតិស្គាល់ពីស្រុកខ្មែរ ទីពីរខ្ញុំអាចរៀបរាប់ពីរឿងគ្រួសារខ្ញុំឱ្យគេដឹងបាន និងទីបីបើខ្ញុំសម្តែងរឿងនេះមានន័យថា មួយជីវិតខ្ញុំនេះបានបូជាជូន ជាតិមាតុភូមិរួចស្រេចទៅហើយ ទើបខ្ញុំសម្រេចចិត្តយល់ព្រមថត ។
សំណួរ៖ រឿង «វាលពិឃាត» ជារឿងទីប៉ុន្មានដែលលោកសម្តែង ? ហើយលោកសម្តែងបានប៉ុន្មានរឿងហើយ ?
ចម្លើយ៖ ខ្ញុំចាំមិនអស់ថា ខ្ញុំសម្តែងបានច្បាស់ប៉ុន្មានទេ តែដឹងថាច្រើនប្រមាណជាប់២០រឿង ឯរឿង «វាលពិឃាត» ជារឿងដំបូងបង្អស់ដែលខ្ញុំឈានជើង ចូលសម្តែងជាតួឯក ។
រឿងគួរឱ្យចង់ដឹងមួយចំនួនពាក់ព័ន្ធការផលិតរឿង «វាលពិឃាត»
សំណួរ ៖ រយៈពេលកសាងរឿង «វាលពិឃាត» ប៉ុន្មានដែរ ហើយទីតាំងថតនៅកន្លែងណាខ្លះ ?
ចម្លើយ៖ រយៈពេលផលិតតាំងពី ចាប់ផ្តើមរហូតដល់បានចប់ សព្វគ្រប់គឺរយៈពេល២ឆ្នាំ (១៩៨៣-១៩៨៤) ហើយបញ្ចាំងមុនគេបង្អស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៥ ។ ឯទីតាំងថតមានទៅទីក្រុងបាងកក ព្រំប្រទល់ប្រទេសភូមា ម៉ាឡេស៊ី ព្រំដែនខ្មែរ-ថៃ ទីក្រុងស៊ិននីយេហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា ទីក្រុងញូវយ៉ក ប្រទេសកាណាដា និងប្រទេសអង់គ្លេស ។
សំណួរ៖ គេនិយាយថា ទីតាំងអ្នកលឿងដែលមាននៅក្នុងសាច់រឿង គឺចម្លងយកពីហ្វ៊ីលឯកសារចាស់មកបញ្ចូល តើមែនដែរ ឬទេ ?
ចម្លើយ៖ អូ ! បាទមិនមែនទេ នៅប្រទេសគេកាលណា គេយកហ្វ៊ីលចាស់មកបញ្ចូល គឺត្រូវទិញថ្លៃជាងរៀបចំឆាកថ្មីច្រើនដងណាស់ គេមិនប្រើវិធីនេះទេ គឺគេយករូបថតពីមុន មកពិនិត្យស្រាវជ្រាវ ហើយរៀបចំឆាកថ្មីឱ្យដូចបេះបិទតែម្តង ។ ជាក់ស្តែងដូចឈុតត្រង់កំពង់ចម្លងអ្នកលឿង មួយឆាកនោះត្រូវរៀបចំ អស់រយៈពេល៣ខែទើបដូច ហើយត្រូវចំណាយថវិកាអស់ជាច្រើន ។
ខ្ញុំសូមជម្រាបផងដែរថា ខ្សែភាពយន្តហូលីវូដថត មួយរឿងៗ ត្រូវប្រើមនុស្សរាប់ពាន់នាក់ ឯរថយន្តរាប់រយគ្រឿង ឧទាហរណ៍គ្រាន់តែរឿង «វាលពិឃាត»រថយន្ត២០០គ្រឿង ដូច្នេះគ្រាន់តែអ្នកបើកបរគឺមាន២០០នាក់ ចុះផ្នែក ផ្សេងៗទៀត អូ៎គឺចំណាយធំធេងណាស់។
ពានរង្វាន់ទទួលបានតាមរយៈរឿង «វាលពិឃាត»
សំណួរ៖ ក្នុងរឿង «វាលពិឃាត» លោកទទួលស្នាដៃអ្វីខ្លះ ?
ចម្លើយ៖ បាទ ខ្ញុំទទួលបានមេដាយច្រើនណាស់ ពិសេសគឺទទួលបានរង្វាន់អូស្ការ អង់គ្លេស២, អាមេរិក១ ។
សំណួរ ៖ នៅក្នុងភាពយន្តហូលីវូដទាំងមូល តើមានតារាជាខ្មែរប៉ុន្មាននាក់ដែរ ?
ចម្លើយ៖ បាទ តារាខ្មែរទាំងអស់មាន៩នាក់។
ទស្សនៈចំពោះវិស័យសិល្បៈភាពយន្តនៅកម្ពុជា
សំណួរ៖ លោកយល់យ៉ាងណាដែរ ចំពោះខ្សែភាពយន្ត-វីដេអូខ្មែរនាពេលបច្ចុប្បន្ន ?
ចម្លើយ៖ ខ្ញុំយល់ឃើញ ថាមានចំណុចខ្វះខាតច្រើន ខ្ញុំមិនមែននិយាយរិះគន់ទេ តែនិយាយពីការជាក់ស្តែង គឺយើងខ្វះសាលា បង្រៀនកុន ខ្វះសាលាហាត់លេងកុន ខ្វះសាលាថតកុន ។ ពិសេសតួសម្តែងយើង សម្តែងមនោសញ្ចេតនា ខាងផ្លូវចិត្តនៅពុំទាន់ត្រូវតាមឆាក នីមួយៗនៃសាច់រឿង ឧទាហរណ៍ យំ សើច ទុក្ខព្រួយ ខឹង ឃោរឃៅ ៘ ខ្ញុំមានគម្រោងចង់បង្កើត សាលាបង្រៀនលេងកុន ដើម្បីបង្រៀនកូនខ្មែរឱ្យចេះសម្តែង មនោសញ្ចេតនាខាងផ្លូវចិត្ត នៅក្នុងឆាក នីមួយៗឱ្យវាជាការណ៍ពិត ឧទាហរណ៍៖ យំគឺច្បាស់ជាយំ យំចេញពីក្នុង ៘
ដើម្បី រួមចំណែកក្នុងវិស័យ ថែរក្សាវប្បធម៌ជាតិ ខ្ញុំបានថតរឿងមួយឈ្មោះថា « A man from year » ប្រែជាបណ្តោះអាសន្ន «បុគ្គលម្នាក់ក្រោយឆ្នាំសូន្យ» ឆ្នាំសូន្យដែលខ្ញុំចង់និយាយ គឺឆ្នាំ១៩៧៥ ។ ដោយមើលឃើញថាវប្បធម៌ ខ្មែររកកលរលំរលាយ ខ្ញុំចង់បង្ហាញឱ្យ ក្មេងៗជំនាន់ក្រោយនៅ ស្រុកអាមេរិកកុំភ្លេចប្រពៃណី វប្បធម៌ជាតិរបស់ខ្លួន ។ នៅស្រុកខ្មែរកុំឱ្យភ្លេចពីសីលធម៌ ទំនៀមទម្លាប់ខ្មែរ ពិសេសសកម្មភាពលួចវត្ថុបុរាណ ព្រលឹងជាតិខ្លួនលក់ឱ្យបរទេស ។
នេះជាកំហុសមិនអាចអត់ឱន គឺត្រូវចាត់ទុកស្មើនឹងទោសឧក្រិដ្ឋ ព្រោះនេះជាការសម្លាប់ជាតិខ្លួន សម្លាប់ខ្លួនឯងដោយភ្លេចខ្លួន ភ្លេចគិតថៃ្ងក្រោយខ្លួនគ្មានអ្វី បញ្ជាក់ថាខ្លួនជាខ្មែរ ។
រឿង A man from year គឺជាការសហការខាងកាណាដា និងហូលីវូដ មានខ្មែរសម្តែងច្រើនដែរ តែខ្ញុំជាតួឯក ។ រឿងនេះគម្រោងនឹងថតនៅស្រុកខ្មែររង់ចាំការឆ្លងពិនិត្យ ពីក្រសួងជំនាញផង ។
សំណួរ៖ តាមរយៈអ្នកកាសែត តើលោកមានសំណូមពរអ្វីដែរ ឬទេ ?
ចម្លើយ៖ ខ្ញុំជាសិល្បករមួយរូប ខ្ញុំមានសំណូមពរចំពោះវិស័យនេះថា សុំឱ្យអ្នកដឹកនាំរឿងព្យាយាមថតឱ្យកាន់តែប្រសើរ មួយរយៈក្រោយនេះ ខ្ញុំឃើញថាកាន់តែគ្រាន់បើហើយ ។ ម្យ៉ាងទៀតមុននឹងថត សុំរើសយកតួសម្តែងណាដែលចេះដាក់ទឹកចិត្តតាមឆាកនីមួយៗ ។ ទីពីរ សុំឱ្យខំថែរក្សាវប្បធម៌ខ្មែរឱ្យគង់វង្ស ព្រោះមានតែសិល្បៈទេដែលអាច និយាយប្រាប់ពិភពលោកបាន ។ ឧទាហរណ៍ «វាលពិឃាត » បើសរសេរលើកាសែតវាមិនអាចទាក់ទាញគេបានឡើយ តែដល់ធ្វើជាកុនវាឆ្លុះបញ្ចាំង ពីទុក្ខវេទនារបស់ខ្មែរឱ្យគេចាប់ អារម្មណ៍ពេញពិភពលោក បាន ។
គម្រោងទាក់ទិនសិល្បៈភាពយន្ត
សំណួរ៖ តើលោកកំពុង ថតរឿងអីផ្សេងទៀត ? ស្នាដៃអ្វីខ្លះដែលលោកបានធ្វើ ?
ចម្លើយ៖ ខ្ញុំកំពុងសម្រុកថតរឿងពីរ ទៀតយ៉ាងប្រញឹក ។ សព្វថៃ្ងនៅស្រុក ថៃកំពុងបញ្ចាំងរឿង «ឋានសួគ៌និងឋាននរក» ស្តីពីសង្គ្រាមនៅស្រុកយួនរបស់ ក្រុមភាពយន្តហូលីវូដ ។ ក្នុងរឿងនោះខ្ញុំដើរតួជាឪពុកម្នាក់ ដែលមានកូនស្រី៥នាក់ ជាស្រីខូចទាំងអស់ ។ រឿងនេះកំពុងធ្វើឱ្យ មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនៅប្រទេសថៃ។ និងមានរឿងមួយដែល ខ្ញុំសរសេរពីជីវិតខ្ញុំផ្ទាល់ ដែលជារឿងខ្លាំងជាងរឿង«វាលពិឃាត» ទៅទៀត «វាលពិឃាត» ប្រពន្ធកូនទៅអាមេរិកមុន ក្រោយមកប្តីចេញ រួចជួបជុំគ្នា តែរឿងនេះប្រពន្ធកូនត្រូវស្លាប់ យ៉ាងអាណោចអាធ័ម ប្តីរងទុក្ខវេទនាបាត់បង់ អស់គ្មានសល់អ្វី ។ សៀវភៅនេះ ខ្ញុំកំពុងដាក់លក់នៅអាមេរិក ឈ្មោះ «A Cambodian Odyssey » ដល់ដាក់ជាចំណង ជើងកុនប្តូរឈ្មោះ « Journey to Freedom » នៅពុំទាន់មានអ្នកទិញនៅឡើយ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]