សៀមរាប៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ មានអ្នកប្រើប្រាស់បណ្តាញសង្គម (Facebook) ម្នាក់ ធ្វើការបង្ហោះសារ អមជាមួយរូបថតជនបរទេសម្នាក់ និងសរសេររៀបរាប់អំពី ចំនុចអវិជ្ជមាន ដែលបានកើតឡើង នៅក្នុងប្រាសាទអង្គរតូច។

យោងតាមប្រភពខាងលើនេះ ឲ្យដឹងថា នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ សីហា ភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ បានមកទស្សនាប្រាសាទអង្គរវត្ត។ នៅពេលដែលគាត់ឡើងដល់ លើជាន់បាកានអង្គរតូច មានយុវជន ២នាក់ ឲ្យបុរសអង់គ្លេសនោះ អុជធូប និងបរិច្ចាគប្រាក់។ ប្រភពសរសេរថា៖ «យុវជន ពីរនាក់ អោយគាត់អុជធូបមុខ ព្រះពុទ្ធ បន្ទាប់មកពួកគាត់ ប្រាប់ភ្ញៀវអោយបរិច្ចាគលុយ ពេលនោះភ្ញៀវក៏ បរិចាក ១០$ ដោយភ្ញៀវអោយលុយក្រដាស ២០$ ហើយយុវជន ពីរនាក់នោះ លាតក្រណាត់ ដែលមានក្រដាស ១០$ មូលរួច អាប់អោយភ្ញៀវ»

ក្រោយមកទៀត ភ្ញៀវទេសចរអង់គ្លេសដដែលនោះ មិនបានចាប់អារម្មណ៍នឹងលុយអាប់ ក៏បន្តដំណើរទៅទិញទឹក ទើបអ្នកលក់ប្រាប់ថាជាលុយក្លែងក្លាយ។ ប្រភពបានសរសេរថា៖ «ភ្ញៀវមិនបានចាប់អារម្មណ៍នឹងលុយអាប់នោះទេ តែពេលគាត់យកទៅទិញទឹក អ្នកលក់ប្រាប់ថានេះ លុយក្លែងក្លាយ សសេរដាក់ថាលុយសែន ពេលនោះភ្ញៀវប្រាប់ថា គេអាប់អោយគាត់ នៅជាន់ខាងលើប្រាសាទ អង្គរវត្ត»

ជាចុងក្រោយអ្នកប្រើប្រាស់បណ្តាញសង្គម (Facebook) ដដែលនេះ គណនី Sunrise Love បានបញ្ចេញមតិរបស់ខ្លួន ជាចុងក្រោយថា៖ «សូមអជ្ញាធរ មានវិធានការផង ចំពោះយុវជនខាងលើ ដែលតែងប្រាប់ភ្ញៀវ អោយអុជធូប ហើយជួលកាលបង្ខំភ្ញៀវអោយដាក់លុយជាដើម ហើយមិនមែនម្តងនេះទេ កន្លងមកក៏មានបងប្អូនខ្លះផុសពីរឿងនេះដែរ តែម្តងនេះដល់លុយក្លែងក្លាយទៀត នេះជាការប៉ះពាល់ ដល់មុខមាត់ទេសចរណ៍កម្ពុជាខ្លាំងណាស់ ដោយសារតែបុគ្គលមួយចំនួនតូច ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្ញៀវក៏សំណូមពរផងដែរ ថាលុយ ១០ $ មិនបញ្ហាទេសំរាប់គាត់ ចុះបើរឿងវាកើតរាល់ថ្ងៃ តើភ្ញៀវប៉ុម្មាននាក់ដែលនឹងរងគ្រោះ ជួនកាលត្រូវគេចោទថា ចាយលុយក្លែងក្លាយទៀត »

គួរបញ្ជាក់ដែរថា ព័ត៌មានបង្ហោះឡើង ដូចបានរៀបរាប់ខាងលើ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយគិតមកត្រឹមព្រឹកថ្ងៃទី ២៧ នេះ ពោលគឺ រយ:ពេលមួយថ្ងៃ មានអ្នកចុចចែករំលែកបន្ត ដល់ទៅជាង ៨,០០០ Shares និងមានអ្នកបញ្ចេញមតិប្រតិកម្មយ៉ាងច្រើនផងដែរ៕




ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]