ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានប្រទះភ្នែកឃើញ ឬជិះឆ្លងកាត់ចំណតឡានថ្មី នៅម្តុំផ្សារកណ្តាល ដែលទើបនឹងបើកដំណើរការ បានរយៈពេលប្រហែល ៣ ទៅ ៤ខែ ចុងក្រោយនេះប៉ុណ្ណោះ។ ចំណតឡានថ្មីនេះ គឺជារបស់ក្រុមហ៊ុនឯកជនមួយ ឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា” សហការណ៍ ជាមួយនឹងក្រុមហ៊ុនជប៉ុន។ គេបានដាក់ឈ្មោះចំណតនេះថា «សូណាត្រាខាលីង» (Sonatra Caling) ដែលជាចំណតឡានផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលប្រើប្រាស់។


ចំណតឡាន សូណាត្រាខាលីង ឬ Sonatra Caling

លោក សុថុន អ្នកមើលការខុសត្រូវ ចំណតឡាន សូណាត្រាខាលីង ថ្លែងប្រាប់ Khmerload ឲ្យដឹងថា «ចំណតឡាននេះ គឺខុសពីចំណតឡានដទៃទៀត ដោយសារតែវា មានលក្ខណៈពិសេស ផ្តល់ជូននូវសុវត្ថិភាពខ្ពស់ និងមានតម្លៃសមរម្យ ហើយមានទីធ្លាធំទូលាយ និងគន្លាតពីប្រលោះនៃចំណតមួយ ទៅប្រលោះនៃចំណត មួយទៀត ឃ្លាតឆ្ងាយពីគ្នា ងាយស្រួលបើកទ្វារឡាន និងមិនបង្កឲ្យមានការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរ ដទៃទៀតឡើយ។ ចំណតឡាននេះ មានលក្ខណៈពិសេសត្រង់ថា រាល់ឡានទាំងអស់ ដែលចូលមកចត គឺមិនត្រូវបានប្រើប្រាស់សំបុត្រ ដូចចំណតឡានដទៃទៀតឡើយ ព្រោះនៅចំណតនីមួយៗ បានប្រើប្រាស់ Lock Board ដើម្បីឃាំងឡានរបស់ភ្ញៀវ»។


ដុំ Lock Board សម្រាប់ឃាំងឡានភ្ញៀវ

លោក សុថុន បន្តថា «ភ្ញៀវដែលយកឡាន មកចតរួច គឺតម្រូវឲ្យទៅប្រាប់ បុគ្គលិកផ្នែកគ្រប់គ្រងម៉ាស៊ីន ដើម្បីឲ្យបុគ្គលិកបញ្ជា Lock Board ឡើង។ លុះពេលភ្ញៀវ ត្រលប់មកយកឡានវិញ គ្រាន់តែប្រាប់បុគ្គលិកដដែល ឲ្យបញ្ជាទម្លាក់ Lock Board ចុះ និងបង់លុយ គឺរួចជាស្រេច។ ចំពោះតម្លៃ នៃចំណតឡាននេះ គឺសមរម្យបំផុត ដោយគិតជាម៉ោង និងមិនមានទទួលផ្ញើរខែឡើយ។ ក្នុង១ម៉ោង តម្លៃ១ពាន់រៀល ហើយភ្ញៀវអាចចត ប៉ុន្មានម៉ោង ក៏បានដែរ ព្រោះ សូណាត្រាខាលីង បើកដំណើរការ និងមានអ្នកយាមកាមច្រើននាក់ ដើម្បីផ្លាស់ប្តូរវេនគ្នា មើលការខុសត្រូវ រយៈពេល ២៤ម៉ោងពេញតែម្តង។ ចំណតឡាននេះ ផ្តល់សុវត្ថិភាព និងភាពងាយស្រួល ដល់ភ្ញៀវខ្លាំងណាស់ ជាពិសេសភ្ញៀវដែលមកចតឡាន ដើម្បីចូលផ្សារទិញម្ហូប ឬរបស់របរប្រើប្រាស់ផ្សេងៗ»។


ចំណតឡាន សូណាត្រាខាលីង ជាប់នឹងរបងវត្តឧណ្ណាឡោម ម្តុំផ្សារកណ្តាល

ទោះបីជាយ៉ាងណា ក៏មានភ្ញៀវមួយចំនួន បានរអ៊ូពីតម្លៃនៃការចតឡាន នៅសូណាត្រាខាលីង នេះផងដែរ ហើយលោក សុថុន បានឲ្យដឹងថា «មានភ្ញៀវខ្លះរអ៊ូថា ចតឡាន ១ពាន់រៀល ថ្លៃណាស់! ប៉ុន្តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថា បង... ១ពាន់រៀល អត់ថ្លៃទេបង... បានកន្លែងចតស្រួល ហើយបើមានបញ្ហា ខាងក្រុមហ៊ុនជួយដោះស្រាយឲ្យទៀត បើបងចូលផ្សារ ហើយទៅចតតាមផ្លូវ ក៏បងត្រូវឲ្យលុយ អ្នកមើលឡានបងប៉ុណ្ណឹងដែរ ណាមួយស្ទះផ្លូវគេទៀត»។

លោក សុថុន ប្រាប់ទៀតថា «ដឹងស្រាប់ហើយ នៅតំបន់ផ្សារ ពិបាករកកន្លែងចតឡានណាស់ ចតត្រង់ណា ក៏ស្ទះផ្លូវគេដែរ តែបើចតនៅនេះ (សូណាត្រាខាលីង) វិញ ចតឡានរួច ចូលផ្សារ ទិញឥវ៉ាន់ ១ម៉ោង-២ម៉ោង ចេញមកវិញ អស់តែ ១ពាន់-២ពាន់រៀល បានចតឡានស្រួល អត់ស្ទះផ្លូវគេ ហើយមានអ្នកនៅចាំមើលឡានឲ្យ ស្រួលអស់ទាស់ហ្មង»។

ជាមួយគ្នានេះដែរ ចំណតឡានសូណាត្រាខាលីង ក៏ប្រកាន់ជំហរផ្តល់ទំនុកចិត្តដល់ភ្ញៀវ ដែលយកឡានមកចត ផងដែរ ដោយលោក សុថុន បានបញ្ជាក់ថា «ចំពោះការខូចខាត ឬបាត់បង់ ទ្រព្យសម្បត្តិផ្សេងៗ គឺខាងក្រុមហ៊ុន នឹងធានាចេញសងតែម្តង ប៉ុន្តែលុះត្រាតែ ឡាននោះមិនមានបញ្ហា ឬខូចខាត ពីកន្លែងផ្សេងមក»។


ចំណតឡាន សូណាត្រាខាលីង ជាប់នឹងរបងវត្តឧណ្ណាឡោម ម្តុំផ្សារកណ្តាល

លោក សុថុន បានបន្ថែមថា «កន្លងមក ក៏ធ្លាប់មានបញ្ហាបន្តិចបន្តួចដែរ ជាមួយនឹងរថយន្តភ្ញៀវ ប៉ុន្តែមិនមែន នរណាផ្សេង ជាអ្នកធ្វើនោះទេ គឺភ្ញៀវខ្លួនឯងផ្ទាល់តែម្តង ព្រោះដោយសារតែភ្ញៀវមួយចំនួន ពេលមកយកឡានវិញ មិនបានទៅ (ភ្លេច) ប្រាប់ ខាងបុគ្គលិក ឲ្យបញ្ជាទម្លាក់ Lock Board ចុះ ហើយក៏បើកឡានចេញ បណ្តាលឲ្យបុក ជាមួយនឹង Lock Board គៀបឡានជាប់ និងបង្កការខូចខាត បន្តិចបន្តូច ទាំងរថយន្ត និង Lock Board តែម្តងទៅ។ ចំពោះករណីបែបនេះ ខាងបុគ្គលិកត្រូវបញ្ជា Lock Board ធ្វើយ៉ាងណា ដើម្បីអាចឲ្យភ្ញៀវ យកឡានចេញបាន និងសម្របសម្រួល ជាមួយភ្ញៀវ ព្រោះវាជាកំហុសភ្ញៀវ ហើយខាងក្រុមហ៊ុន ក៏មិនបានទាមទារ ថ្លៃខូចខាតអ្វីដែរ ព្រោះខូតខាតទាំងសងខាង»។

«Lock Board នេះ គឺជាប្រភេទដែកថែប រឹងខ្លាំងណាស់ បើទោះបីជាឡានបើកបុកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ Lock Board នេះ មិនខ្ទេចដែរ ច្រើនណាស់ បាក់បណ្តូលខាងក្នុងវា បន្តិចតែប៉ុណ្ណោះ ប៉ុន្តែឡានវិញ ប្រហែលជាបាក់កាង និងកៀបជាប់ នឹងដែក Lock Board នេះបាត់ទៅហើយ» លោក សុថុន បញ្ជាក់ ប្រាប់ Khmerload។

គួរបញ្ជាក់ផងដែរថា សូណាត្រាខាលីង គឺជាចំណតឡានសុវត្ថិភាពថ្មី ដែលបានបើកដំណើរការ ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយមានសាខាទី១ នៅតាមបណ្តោយ ផ្លូវលេខ១៥៤ ខណ្ឌដូនពេញ ម្តុំផ្សារកណ្តាល ជាប់របង វត្តឧណ្ណាឡោម ក្នុងរាជធានីភ្នំពេញ។

បើតាមសម្តី លោក សុថុន បានឲ្យដឹងថា ខាងក្រុមហ៊ុន ក៏កំពុងតែពិចារណា និងគ្រោងបើកសាខាថ្មីៗ មួយចំនួនទៀត ដូចជា នៅម្តុំផ្សារបឹងកេងកង និងផ្សារអូឡាំពិក ជាដើម ប៉ុន្តែមិនទាន់ កំណត់ទីតាំង ជាក់លាក់ ណាមួយឡើយ៕


ម៉ាស៊ីនបញ្ជា Lock Board និងគិតលុយ

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]