ភ្នំពេញ៖ វិស័យខុនដូ បានងើបឡើងជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០១៥នេះ ហើយការផ្គត់ផ្គង់ មានទាំងប្រជាពលរដ្ឋកម្រិតខ្ពស់ និងមធ្យម តែខុនដូដែលកំពុងផ្គត់ផ្គង់ នៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន គឺផ្តោតទៅលើប្រជាពលរដ្ឋ ដែលមានជីវភាពកម្រិតខ្ពស់ និងអ្នកវិនិយោគទុនបរទេស ដែលរកស៊ីនៅកម្ពុជា។
ជាក់ស្ដែងគម្រោងខុនដូថ្មីមួយទៀត ដែលជាការវិនិយោគ ពីវិនិយោគិនមកពីហុងកុង ឈ្មោះថា Skylar Meridian បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ មានការអញ្ជើញចូលរួមក្រោយអធិបតីភាព សមាជិកសភានៃកម្ពុជាលោក ហ៊ុន ម៉ានី លោក ម៉ម សុផាត អភិបាលក្រុមហ៊ុន Star Empire Property Limited លោក កូ សេកយ៉ាន ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Meridian International Holding លោក Mark Chan ប្រធានគ្រប់គ្រងទូទៅប្រចាំតំបន់របស់ Ascott Limited និងគណៈអធីបតីជាច្រើនរូបផ្សេងទៀត។
លោក ម៉ម សុផាត បានថ្លែងថា គម្រោងខុនដូ Skylar Meridian នឹងបើកលក់ជូនអតិថិជន ទាំងក្នុងនិងក្រៅប្រទេស ចាប់ពីថ្ងៃទី៣១ខែតុលា ២០១៥ នេះតទៅ ដែលត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ចំនួន ២៧.៤២៩ម៉ែត្រក្រឡា កម្ពស់២៨ជាន់ និងមាន២៨០យូនីត ហើយ គម្រោងខុនដូនេះ ត្រូវបានចំណាយទឹកប្រាក់វិនិយោគ ប្រមាណ ៣០លានដុល្លារអាមេរិក ប្រកដោយគុណភាពខ្ពស់ ភាពផ្ទិតផ្ចង់ និងការតុបតែងយ៉ាងល្អប្រណីត។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី បានថ្លែងផងដែរថា៖ «វិស័យឯកជនជាកម្លាំងចលករដ៏ធំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដោយកន្លងមក កម្ពុជាបានពឹងផ្អែកខ្លាំង ទៅលើវិស័យកសិកម្មកាត់ដេរ ទេសចរណ៍ និងសំណង់។ លោក ថ្លែងបន្ដថា”ខ្ញុំគិតថា វិស័យឯកជនមានជំនាញ បទពិសោធន៍ និងភាពវ័យឆ្លាត គ្រប់គ្រាន់ ក្នុងការពិចារណា បោះទុន វិនិយោគ ដោយសម្លឹងឃើញថា ក្នុងរយៈពេលប្រមាណ១ ទស្សវត្សចុងក្រោយ នេះកម្ពុជា បានឃើញការរីកចម្រើន ច្រើនលើវិស័យសំណង់ និងអចលទ្រព្យដែលមាន ចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច»។
លោក Mark Chan បានថ្លែងថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមក្នុងឱកាស ពិសេសបើកដំណើរការគម្រោង Skylar Meridian និងការមកដល់កម្ពុជារបស់ Ascott ដែលយើងបានប្រតិបត្ដិជាមួយក្រុហ៊ុន Star Empire Proterty Limited ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Meridian Group ដើម្បីដំណើរការគម្រោង Somerset Norodom Phnom Penh ហើយគោលដៅ គម្រោងSkylar Meridian យើងចង់ពាំនាំគម្រោងទាំងនេះ ដល់អ្នកជំនាន់ក្រោយ ជាពិសេសដល់យុវវ័យ អាយុវចន្លោះពី២០ទៅ៣០ឆ្នាំ បានស្នាក់នៅក្នុងខុនដូ ដែលជាការស្នាក់នៅបែបទំនើបស៊ីវីល័យ»។
គួរបញ្ជាក់ថា បានលើកទ្បើងផងដែរ ថា គម្រោងខុនដូ Skylar Meridian បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ នៅអំឡុងខែឧសភា ឆ្នាំ ២០១៨ខាងមុខនេះ ដែលទីតាំងគម្រោងខុនដូនេះ ស្ថិតនៅជិតក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ទស្សនាទិដ្ឋភាពទូទៅមួយចំនួនក្នុងពិធីសម្ពោធ៖
បញ្ចូលអត្ថបទដោយ សី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]