ភ្នំពេញ៖ កាលពីពេលថ្មីៗនេះរឿង រ៉ាវទាក់ទិនទៅនឹងច្បាប់ ចរាចរណ៍ថ្មី ហាក់ដូចជា មានសភាពខ្លាំងក្លា ជាខ្លាំង សម្រាប់បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាពិសេសបញ្ហា យកកាតគ្រីតាមខ្លួន។

ការយកកាតគ្រីតាមខ្លួននេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមាន ការប្រតិកម្មជាខ្លាំង ដោយសារតែ ខ្លាចមាន បញ្ហា ដូចជា ការជ្រុះបាត់ ចោរប្លន់ ឬចោរលួចជាដើម។ យ៉ាងណាមិញ បើតាមការផ្សព្វផ្សាយនៅ ក្នុងបណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក ពីទំព័រសាលាខណ្ឌសែនសុខនៃរាជធានីភ្នំពេញ បានបង្ហាញឲ្យដឹងថា៖ ការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌសែនសុខ បានធ្វើការថតចម្លង បញ្ជាក់ប័ណ្ណសម្គាល់ទោចក្រយានយន្ត និង យានយន្ត(កាតគ្រី) ត្រឹមត្រូវតាមច្បាប់ដើមជូន ប្រជាពលរដ្ឋជារៀងរាល់ ថ្ងៃធ្វើការ ដើម្បីជួយសម្រួលជំនួសប័ណ្ណដើម ក្នុងការប្រើប្រាស់ នៅពេលធ្វើចរាចរណ៍ ។ សូមបញ្ជាក់ថា ៖ ការថតចម្លងបញ្ជាក់ប័ណ្ណសម្គាល់នេះ មានរយៈពេល ០៣ថ្ងៃ ត្រូវភ្ជាប់ជាមួយនឹង ប័ណ្ណសម្គាល់ទោចក្រយានយន្ត និងយានយន្តដើមមកជាមួយ និងមាន តម្លៃសេវាត្រឹមតែ ១.០០០រៀលប៉ុណ្ណោះ ក្នុងមួយសន្លឹក ដោយមានវិក័យប័ត្រកំណត់តម្លៃសេវាត្រឹមត្រូវជូនបងប្អូនប្រជាពលរដ្ឋវិញ





ក្រោយពីមានការបង្ហោះបែបនេះ អ្នកលេងសង្គមហ្វេសប៊ុក ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ បានធ្វើការចែកចាយ និងបញ្ចេញ ជាសំនួជាច្រើន​ ខណៈដែលសាលាខណ្ឌសែនសុខ បានធ្វើការឆ្លើយតប យ៉ាងឆាប់រហ័ស ដូចដែលអាចធ្វើបាន ដូចជា៖

  • ប្រសិនជាប្រជាពលរដ្ឋ យកកាតគ្រីទៅធ្វើ តែនៅពេលធ្វើចរាចរ បែរជាត្រូវប៉ូលីសឃាត់ និងសួររកកាតគ្រី តែត្រូវឲ្យ ពួកគេធ្វើបែបណា? នៅក្នុងនោះ ខាងសាលាខណ្ឌសែនសុខ បានធ្វើការឆ្លើយតបថា ខាងសាលាខណ្ឌនឹងចេញជា វិក័យប័ត្រ ដូចនេះបងប្អូនប្រជាពលរដ្ឋ អាចបង្ហាញវិក័យប័ត្រនេះទៅកាន់ ប៉ូលិសចរាចរណ៍។
  • ចុះបើ ពួកគេក្រីក្រ និងជានិស្សិត ថាតើខាងសាលាខណ្ឌនឹង តម្រូវឲ្យពួកគេបង់ប្រាក់នោះទេ? ខាងសាលាខណ្ឌ បានបញ្ជាក់ថា បើសិនជាពួកគេមាន ប័ណ្ឌក្រីក្រ និងជានិស្សិត មែននោះ ខាងសាលាខណ្ឌនឹងមិន យកប្រាក់នោះទេ និងមើលទៅតាមនោះ។
  • នៅក្នុងនោះ ខាងសាលាខណ្ឌសែនសុខ បានបញ្ជាក់ថា៖  គ្រប់ខណ្ឌ ១២ក្នុងរាជធានីភ្នំពេញ មានការិយាល័យ ច្រកចេញចូល សម្រាប់បម្រើសេវា ផ្សេងៗជូនប្រជាពលរដ្ឋ ដោយមានកំណត់តម្លៃត្រឹមត្រូវ។ 

នេះជាដំណឹងដ៏ល្អមួយ ដែលសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋមាន ការភិតភ័យ នៅពេលដែលលឺថា តម្រូវឲ្យដាក់កាតគ្រី តាមខ្លួន ដែលជាក់ស្ដែង បងប្អូនប្រជាពលរដ្ឋ អាចយកកាតគ្រីដើម (ហ្សីន) ទៅបញ្ជាក់នៅតាម សាលាខណ្ឌរៀងៗខ្លួន តែអ្វីដែលខ្លាចបំផុតនោះ គឺអាចនឹងមាន មនុស្សជាច្រើន សម្រុកទៅធ្វើ ដោយសារតែខ្លាច មានការផាកពិន័យនៅពេល ដែលធ្វើដំណើរ។ 

ចុះប្រិយមិត្ដយល់យ៉ាងណា?

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]