(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជទិវាជាតិវិទ្យាសាស្រ្តប្រព័ន្ធប្រសាទលើកទី១ ក្នុងមន្ទីរពេទ្យកាល់ម៉ែត។
ការប្រារព្ធព្រះរាជទិវាជាតិនេះ ក៏មានការចូលរួមពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Francois Xavier ROUX សាស្រ្តាចារ្យវះកាត់ប្រព័ន្ធប្រសាទ និងជាអ្នកប្រឹក្សាយោបល់ក្នុងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងមានមន្រ្តីសុខាភិបាល់ជាតិ និងអន្តរជាតិចូលរួមជាច្រើននាក់ ដែលបានធ្វើឡើងក្នុងអគារប្រព័ន្ធប្រសាទផ្ទាល់។ ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិខាងលើ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា អគារប្រព័ន្ធប្រសាទ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការអមដំណើរដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោករដ្ឋមន្រ្តីបានបន្ថែមថា «មន្ទីរពេទ្យកាល់ម៉ែតមានបុគ្គលិកបម្រើការចំនួន១,២៤២នាក់ ក្នុងនោះមានសាស្រ្តាចារ្យ៤១នាក់ វេជ្ជបណ្ឌិឯកទេស១២១នាក់ វេជ្ជបណ្ឌិត៤២នាក់ ឱសថបណ្ឌិត៤នាក់ គិលានុបដ្ឋាក-យិកាមធ្យម, គិលានុបដ្ឋានដាក់ថ្នាំសណ្ដំ និងឆ្មប ៦៤៤នាក់ និងបុគ្គលិកផ្សេងៗ ចំនួន៣៩០នាក់»។
សូមជម្រាបថា ព្រះរាជទិវាជាតិវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ ខាងលើនេះជាការប្រារព្ធឡើងដំបូងបង្អស់ នៅប្រទេសកម្ពុជា ដែលត្រូវបានរៀបចំក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ ដោយកំណត់យកថ្ងៃទី២០ ខែមិថុនានេះ ជាថ្ងៃប្រារព្ធតរៀងទៅ៕
ប្រភព៖ Fresh News
កំណត់ហេតុខ្មែរឡូត៖ ក្រលេកមកមើល ព្រះរាជជីវប្រវត្តិខ្លះ របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ វិញម្តង គួររំលឹកផងដែរថា កាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ថ្មីៗនេះ គឺជាខួបចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួប៨០ យាងចូល៨១ព្រះវស្សាហើយ។
សម្តេចម៉ែទ្រង់ព្រះប្រសូត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ដោយក្រោយពេលព្រះប្រសូត្រ ព្រះអង្គទ្រង់មានព្រះនាមដើមថា «ប៉ូមូនិច អ៉ីស៉ី» ជាបុត្រីរបស់លោក ហ្សង់ហ្វ្រង់ ស្វ័រអ៉ីស៉ី ជនជាតិបារាំង មានដើមកំណើតនៅប្រទេសអ៉ីតាលី និងព្រះមាតាមានព្រះនាម ប៉ុមពាង ជាជនជាតិខ្មែរ និងមានព្រះអនុជមួយព្រះអង្គ មានព្រះនាម អានម៉ារីស អ៉ីស៉ី។ ចំណែកព្រះបិតា បានទទួលមរណភាព ក្នុងកំឡុងសង្គ្រាម លោកលើកទី២។ នេះបើយោងតាមគេហទំព័រវីគីភីឌា។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអតីត ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះបរមរតនកោដ្ឋ) ក្នុងខែមេសា ឆ្នាំ១៩៥២។ ក្រោយអភិសេក ព្រះអង្គទ្រង់មាន ព្រះរាជបុត្រា២ព្រះអង្គ គឺព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រច្បង និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ជាព្រះរាជបុត្រពៅ ប៉ុន្តែព្រះអនុជ ទ្រង់បានសោយទិវង្គត កាលពីឆ្នាំ២០០៣ ដោយជំងឺបេះដូង។
គេហទំព័រវីគីភីឌា បានបន្ថែមថា កាលពីវ័យកុមារ សម្តេចព្រះមហាក្សត្រី ទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម ហើយទ្រង់ បានបន្តការសិក្សា នៅវិទ្យាល័យព្រះស៉ីសុវត្ថិ តែក្រោយមក ព្រះអង្គទ្រង់ត្រូវបានផ្ទេរទៅសិក្សា នៅវិទ្យាល័យរ៉ូណេឌីកាត វិញម្ដងដែលស្ថិត នៅជិតវត្តភ្នំ។
ចំពោះព្រះរាជកិច្ចក្នុងសង្គមវិញនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះអង្គធ្លាប់ មានព្រះរាជតួនាទី ជាព្រះប្រធានកាកបាទក្រហមកម្ពុជា ចាប់ទសវត្សឆ្នាំ១៩៦០ ដល់១៩៧០។ ចំណែកបច្ចុប្បន្ននេះព្រះអង្គទ្រង់ក៏មាន ព្រះរាជតួនាទី ជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ផងដែរ។ ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី ទ្រង់តែងតែយាង ព្រះរាជទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ និងអំណោយកាកបាទក្រហម របស់សប្បុរសជន ចែកជូនដល់ប្រជានុរាស្ត្រដែលមកពីតាម បណ្តាខេត្តនានា ដែលបានជួបជុំទទួល នៅក្នុងព្រះបរមរាជវាំង និងកន្លែងផ្សេងៗជាច្រើនទៀត និងមានការអមព្រះរាជកិច្ច ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជានិច្ច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]