(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានដុតបំផ្លាញចោល នូវសាច់ចិញ្ច្រាំ និងថ្លើមមាន់ខូចគុណភាព ជិត១តោន ​ដែលបង្រ្កាបបាន កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។

លោក ឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង​១០៖៣០នាទី កម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបជាក់ស្តែង នូវរថយន្តមួយគ្រឿង ម៉ាក VEGO ស្លាកលេខ 2J-1258 ដឹកជញ្ជូនសាច់ចិញ្ច្រាំ ចំនួន៧កេស ទំងន់៣០០គីឡូក្រាម និង​ថ្លើមមាន់៨កេស ទំងន់ប្រហែល៣០០គីឡូក្រាម នៅចំណុច ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកបន្តថា ដោយពិនិត្យឃើញថា សាច់ទាំងអស់នេះ ខូចគុណភាព មិនអាចរក្សាទុកបាន ទើបសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសម្រេចដុត កំទេចចោល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ នៅទីលានចាក់សំរាម បឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រតិបត្តិការខាងលើនេះ គឺជាយុទ្ធនាការ ដើម្បីជួយសង្រ្គោះការចរាចរ នាំចូលសាច់ខូចគុណភាព ដែល​នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតែបង្រ្កាប​ជាប្រចាំ​ដូចភ្លៀងរលឹម។

សម​ត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមអំពាវនាវដល់អាជីវករ ក៏ដូចជា​ឈ្មួញនាំចូលសាច់ និង គ្រឿងក្នុងសត្វគ្រប់ប្រភេទ សូមពិនិត្យទៅលើគុណភាព ឲ្យបានល្អ ជៀសវាងប៉ះពាល់សុខភាព របស់បងប្អូនប្រជាបលរដ្ឋ ពេលទិញ ឫជាវ​មកបរិភោគ៕

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែនេះ នៅឯខេត្ដបន្ទាយមានជ័យ ក៏មានករណីដុតកម្ទេចចោល​ សាច់មាន់​ខូចគុណភាព​ជិត១​តោន ក្រោយលួច​នាំចូលពីថៃ។ នៅក្នុងនេះបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចំរុះ រួមមានមន្រ្តីសាខាកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត និងមន្រ្តីបសុព្យាបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន ក្រោយពីបង្ក្រាបបាន ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ។

លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តទទួលបន្ទុកទីផ្សារ និងស្ថិតិ បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានយកសាច់មាន់ចំនួន៨០០គីឡូក្រាម ដែលចាប់បាននាព្រឹកមិញ មកដុតកម្ទេចោល ស្ថិតនៅទីតាំងចាក់សំរាម ភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់រថយន្តម៉ាក Camary ចង្កូតស្តាំ ពណ៌ស ឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-0112 ដែលលួចដឹកសាច់មាន់ខូចគុណភាព ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។

បើតាមម្ចាស់រថយន្ដ ឈ្មោះប៊ុន ប៊ូវិបុល បានសារភាពថា ការដឹកជញ្ជូននេះ ជាលើកទី៤ហើយ ដែលដឹកសាច់មាន់នេះ ដឹកចេញពីចំណុចក្បែរព្រំដែន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកទៅខេត្តសៀមរាប ដើម្បីអោយសត្វក្រពើសីុ។

សម្រាប់អ្នកបើករថយន្តខាងលើនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]