មនុស្សភាគច្រើនមានទំនោរផ្តោតទៅរកប្រភពប្រូតេអ៊ីន ដែលមានតែនៅលើសាច់សត្វ ទឹកដោះគោ ឬស៊ុតប៉ុណ្ណោះ ដោយមិនសូវបានចាប់អារម្មណ៍ទៅលើប្រូតេអ៊ីនដែល មាននៅក្នុងគ្រាប់ធញ្ញជាតិប៉ុន្មានទេ។ ជាការពិតសណ្តែកខៀវត្រូវបានគេរកឃើញថា ជាប្រភេទធញ្ញជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាង។
នៅជុំវិញពិភពលោក អស់រយៈពេលជាយូរណាស់មកហើយ ដែលសណ្តែកត្រូវបាន គេជឿថាវាមានសារធាតុចិញ្ចឹម ដែលអាចផ្លាស់ប្តូររូបរាងអ្នកបានរហូតដល់ អ្នកស្ទើរតែ ចាំខ្លួនឯងមិនបានផង។ ហើយប្រសិនបើសង្កេតឱ្យបានជ្រៅបន្តិចនឹកឃើញថា សណ្តែកខៀវ ក៏បានគេនិយមទទួលទានទាំងសំបក ឬលាងទឹកយកសំបកចេញ ក៏មាន តែទោះបីជាយ៉ាងនេះក្តី ក៏វានៅតែមានគុណសម្បត្តិដូចគ្នាដែរ។
សារជាតិអាហារដែលបានរកឃើញថា មានច្រើនបំផុតនៅក្នុងសណ្តែកខៀវគឺ Carbohydrate ដែលមានបរិមាណពី ៦០-៦៥%។ ហើយលក្ខណៈពិសេសជាងនេះ ទៅទៀតគឺ វាក៏អាចផលិតជាម្ស៉ៅបានយ៉ាងល្អ ដោយសារតែការស្រាវជ្រាវបាន គាំទ្រថា នៅពេលដែលយកសណ្តែក ទៅផលិតធ្វើជាម្ស៉ៅនោះនឹងធ្វើឱ្យសារធាតុ Glycemic index ថយចុះ និងនៅពេលដែលទទួលទានចូលទៅសារជាតិស្ករចូលទៅ ក្នុងខ្លួនក៏មានកម្រិតទាប ជាតិស្ករក្នុងឈាមនឹងថយចុះជាបណ្តើរយឺតៗ។
មួយទៀតវាក៏ផ្តល់អត្ថប្រយោជន៍ ដល់អ្នកជម្ងឺទឹកនោមផ្អែមផងដែរ ដោតវាអាចជួយ កាត់បន្ថយកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីនៅក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព ។ ឯសម្រាប់អ្នកដែលមានបំណង ចង់សម្រកទម្ងន់ជាមួយនឹងសណ្តែកខៀវក៏ល្អម្យ៉ាង ព្រោះវាមានជាតិខ្លាញ់តិចតួចបំផុត បើធៀបជាមួយនឹងសណ្តែកដទៃទៀត។
ទិន្នន័យពីវិទ្យាស្ថានអាហារូបត្ថម្ភនៃសាកលវិទ្យាល័យ Mahidol បង្ហាញថា ជាតិខ្លាញ់ដែលត្រូវបានរកឃើញនៅក្នុងសណ្តែកខៀវ មានត្រឹមតែ១,៥% គឺតិចជាងសណ្តែកដីដែលមានជាតិខ្លាញ់ ដល់ទៅប្រមាណជា៤៤%។ ឯសណ្តែកសៀងត្រូវបានគេទទួលស្គាល់ថា មានជាតិខ្លាញ់ប្រមាណ១៦-១៧% ដូច្នេះវាមានផលប៉ះពាល់តិចចំពោះសុខភាព។
ចំណែកឯភាគច្រើននៃវីតាមីន និងសារធាតុរ៉ែដែលបានរកឃើញនៅក្នុងសណ្តែកខៀវ មានដូចជា វីតាមីន B1 វីតាមីន B2 ជាតិដែក កាល់ស្យូម និងផូស្វ័រ ដែលជាសារធាតុរ៉ែ ដ៏ចាំបាច់សម្រាប់ជំនួយ ដល់ការលូតលាស់នៃរាងកាយ។ លើសពីនេះទៀត សណ្តែកខៀវមានជាតិសរសៃខ្ពស់ បើយកទៅស្ងោរនឹងទទួលបានជាតិពេញលេញ កម្ររកបាន។ វាមិនប៉ះពាល់ដល់ការត្រួតពិនិត្យ នៃកម្រិតកូឡេស្តេរ៉ុលក្នុងឈាម កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកពោះវៀនធំ និងរន្ធគូថបានយ៉ាងល្អប្រសើរផងដែរ។
ក្រៅពីនេះវាក៏ជាឱសថជំនួយ ក្នុងការដោះស្រាយកំដៅ កាត់បន្ថយការនោមញឹក ស្រេកទឹក ភ្នែកស្រវាំង ឈឺក ជួសជុលកោសិកាខូចខាត ការលាក ក្អួតចង្អោរ និងព្យាបាលអាការទល់លាមក ដែលបង្កឡើងដោយការគេងមិនលក់ជាដើម។ ដូច្នេះមិនថាកាបូអ៊ីដ្រាត ប្រូតេអ៊ីន ជាតិសរសៃ វីតាមីន ឬសារជាតិរ៉ែក្នុងសណ្តែកខៀវ វាគឺជា គ្រាប់ធញ្ញជាតិម្យ៉ាង ដែលមនុស្សត្រូវការមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃ។ សម្រាប់អ្នកជម្ងឺគួរបរិភោគវាដើម្បីបន្ថែមកម្លាំងឱ្យរាងកាយ៕
ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]