ការស្វាគមន៍ ឬការគោរព គឺជាទង្វើមួយ នៃការទំនាក់ទំនង ដែលមនុស្សតែងតែអនុវត្ត នៅរៀងរាល់ពេលដែលពួកគេជួបគ្នា។ អ្វីដែលសំខាន់នោះ របៀបនៃការគោរព មានភាពខុសប្លែកពីគ្នា អាស្រ័យទៅតាមទីកន្លែង ដែលមនុស្សម្នាក់ៗរស់នៅផងដែរ។
ខាងក្រោមនេះ គឺជារបៀបស្វាគមន៍ និងរបៀបគោរពសួស្តី នៅតាមបណ្តាប្រទេសមួយចំនួន ជុំវិញពិភពលោក ដែលមិនមែនគ្រាន់តែចាប់ដៃគ្នាប៉ុណ្ណោះនោះទេ ៖
១. ប្រទេស ហ្វីលីពីន
ប្រទេស ហ្វីលីពីន (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋហ្វីលីពីន) គឺជាប្រទេសដីកោះមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលមានរាជធានីឈ្មោះ Manila និងប្រជាជនរស់នៅជាង ១០០ លាននាក់។ ប្រជាជនហ្វីលីពីន បង្ហាញនូវការគោរពដ៏ស្រស់ស្អាតហៅថា Mano ដែលជាការគោរពដល់មនុស្សចាស់ ដោយយកដៃរបស់មនុស្សចាស់ជាងខ្លួន មកដាក់លើថ្ងាសរបស់ខ្លួន។
២. ប្រទេស ជប៉ុន
ប្រទេស ជប៉ុន គឺជាប្រទេសដីកោះមួយ ស្ថិតនៅក្នុងទ្វីបអាស៊ីខាងកើត ដែលមានទីក្រុង តូក្យូ ជារាជធានី និងមានប្រជាជនរស់នៅជាង ១២៦ លាននាក់។ ប្រជាជនជប៉ុន បង្ហាញការស្វាគមន៍ ឬការគោរពសួស្តី ចំពោះគ្នាទៅវិញទៅមក ដោយការអោន។ រយៈពេល និងកម្រិត នៃការអោនចុះ អាចខុសគ្នាអាស្រ័យទៅតាមស្ថានភាព និងកាលៈទេសៈ។
៣. ប្រទេស ឥណ្ឌា
ប្រទេស ឥណ្ឌា (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋហ្វីលីពីន) គឺជាប្រទេសមួយ ស្ថិតនៅក្នុងទ្វីបអាស៊ី ខាងត្បូង ដែលមានទីក្រុង New Delhi ជារាធានី និងមានប្រជាពលរដ្ឋរស់នៅជាង ១ ពាន់លាននាក់ឯណោះ។ ប្រជាជនដែលរស់នៅក្នុងប្រទេសឥណ្ឌា បង្ហាញនូវការគោរពសួស្តី ដោយនិយាយពាក្យថា “Namaste” ព្រមទាំងលើកដៃទាំងសងខាង សំពះយ៉ាងប្រណម្យ នៅជាប់នឹងដើមទ្រូង។
៤. ប្រទេស ថៃ
ប្រទេស ថៃ (ឬឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រថៃ) គឺជាប្រទេសមួយ ស្ថិតនៅកណ្តាលឧបទ្វីបឥណ្ឌូចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីក្រុងបាងកក ជារាជធានី និងមានប្រជាជនរស់នៅជាង ៦៧ លាននាក់។ របៀបបង្ហាញនូវការស្វាគមន៍ របស់ជនជាតិថៃ មិនខុសពីឥណ្ឌា និងកម្ពុជាប៉ុន្មានទេ ដោយពួកគេលើកដៃសំពះ យ៉ាងប្រណម្យ ដូចជាកំពុងបួងសួង ព្រមទាំងឱនចុះបន្តិច តាមឋានៈរៀងខ្លួនផងដែរ។
៥. ប្រទេស បារាំង
ប្រទេស បារាំង (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋបារាំង) គឺជាប្រទេសមួយ ស្ថិតនៅទ្វីបអឺរ៉ុបប៉ែកខាងលិច ដែលមានទីក្រុង ប៉ារីស ជារាជធានី និងមានប្រជាជនរស់នៅជាង ៦៦ លាននាក់។ សម្រាប់ ប្រជាជនរស់នៅក្នុងប្រទេសបារាំងនេះ ពួកគេតែងបង្ហាញនូវទម្លាប់ នៃការស្វាគមន៍ និងការគោរពសួស្តី ចំពោះគ្នាទៅវិញទៅមក ដោយការថើបថ្ពាល់ នៅរាល់ពេលជួបគ្នា។
៦. ប្រទេស នូវែលហ្សេឡង់
ប្រទេស នូវែលហ្សេឡង់ គឺជាប្រទេសដីកោះមួយ ស្ថិតនៅភាគនិរតី នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានទីក្រុង Wellington ជារាជធានី និងមានប្រជាពលរដ្ឋរស់នៅជាង ៤ លាននាក់។ អ្នកដែលរស់នៅប្រទេស នូវែលហ្សេឡង់ ជាពិសេស ជនជាតិ Māori តែងមានទម្លាប់ បង្ហាញការស្វាគមន៍ ឬបង្ហាញការគោរព តាមរយៈកាយវិការបែបប្រពៃណីហៅថា Hongi ដោយមនុស្សពីរនាក់ យកចុងច្រមុះ ប៉ះនឹងចុងច្រមុះ រីឯថ្ងាស ប៉ះនឹងថ្ងាស។
៧. ប្រទេស បុតស្វាណា (Botswana)
ប្រទេស បុតស្វាណា (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋបុតស្វាណា) គឺជាប្រទេសជាប់សមុទ្រ ស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ខាងត្បូង ដែលមានរាជធានីឈ្មោះ Gaborone និងមានប្រជាជនរស់នៅប្រមាណជាជាង ២ លាននាក់។ ប្រជាពលរដ្ឋរស់នៅទីនោះ បង្ហាញការគោរពសួស្តីដោយ ចាប់ដៃគ្នាខាងស្តាំ និងដាក់ដៃឆ្វេងទៅក្រោយ ប៉ះនឹងកែងដៃស្តាំ បន្ទាប់មកនិយាយពាក្យថា “Lae kae” ដែលមានន័យថា សុខសប្បាយទេ ព្រមជាមួយផង។
៨. ប្រទេស ម៉ុងហ្គោលី
ប្រទេស ម៉ុងហ្គោលី គឺជាទឹកដីប្រទេស មិនជាប់សមុទ្រមួយ ស្ថិតនៅតំបន់អាស៊ី ប៉ែកខាងកើត ដែលមានទីក្រុង Ulaanbaatar ជារាជធានី និងមានប្រជាជនរស់នៅប្រមាណជាជាង ៣ លាននាក់។ ប្រជាជន ដែលរស់នៅក្នុងប្រទេស ម៉ុងហ្គោលលី នឹងត្រូវផ្តល់ជូនភ្ញៀវដែលមកលេង នូវកន្សែងបែបប្រពៃណីម្យ៉ាង ហៅថា Hada ជាអំណោយ។ ជាពិសេស ពួកគេបង្ហាញការស្វាគមន៍ ចំពោះគ្នានឹងគ្នា ដោយប្រើដៃទាំងសងខាង ព្រមទាំងអោនចុះបន្តិចផង។
៩. ប្រទេស អារ៉ាប៊ីសាអូឌីត
ប្រទេស អារ៉ាប៊ីសាអូឌីត (ឬឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) គឺជាប្រទេសមួយ ស្ថិតនៅតំបន់អាស៊ី ភាគខាងលិច ដែលមានទីក្រុង Riyadh ជារាជធានី និងមានប្រជាពលរដ្ខរស់នៅជាង ៣៣ លាននាក់។ ប្រជាជនក្នុងប្រទេស អារ៉ាប៊ីសាអូឌីត បង្ហាញពីការគោរព ដោយការចាប់ដៃគ្នា ព្រមទាំងនិយាយពាក្យថា “As-salamu alaykum” បន្ទាប់មកពួកគេទល់ចុងច្រមុះជាប់នឹងគ្នា និងយកដៃម្ខាងទៅដាក់លើ ស្មាដៃគូម្ខាងទៀត ផ្ទុយពីដៃដែលដាក់។
១០. ប្រទេស ក្រិច
ប្រទេស ក្រិច (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋក្រិច) គឺជាប្រទេសមួយ ស្ថិតនៅតំបន់អ៊ឺរ៉ុប ភាគអាគ្នេយ៍ ដែលមានរាជធានីឈ្មោះ Athens និងមានប្រជាពលរដ្ឋរស់នៅជិត ១១ លាននាក់។ បុរសៗ ដែលរស់នៅប្រទេសក្រិច បង្ហាញការស្វាគមន៍ ឬការគោរព ចំពោះគ្នានឹងគ្នា ដោយសាមញ្ញបំផុត គឺគ្រាន់តែយកដៃ ទៅទះខ្នង ឬទះស្មាដៃគូតិចៗ ប៉ុណ្ណោះ។
១១. ប្រទេស កេនយ៉ា
ប្រទេស កេនយ៉ា (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋកេនយ៉ា) គឺជាប្រទេសមួយ ស្ថិតក្នុងទ្វីបអាហ្រ្វិក និងជាសមាជិកនៃ East African Community (EAC) ដែលមានទីក្រុង Nairobi ជារាជធានី រួមទាំងមានប្រជាពលរដ្ឋរស់នៅជាង ៤៦ លាននាក់។ សម្រាប់ពួកកុលសម្ព័ន្ធ Masai ដែលជាជនជាតិមួយ រស់នៅលើទឹកដី ប្រទេស កេនយ៉ា តែងតែឲ្យភ្ញៀវ ឬអ្នកចំណូលថ្មី មកចូលរួមពិធីរាំរបស់ពួកគេ ដោយឈរជុំវិញជារង្វង់ រួចប្រកួតប្រជែងថាតើ អ្នកណាអាចលោតបានខ្ពស់ជាងគេ។
១២. ប្រទេស ម៉ាឡេស៊ី
ប្រទេស ម៉ាឡេស៊ី គឺជាប្រទេស រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីក្រុង Kuala Lumpur ជារាជធានី និងមានប្រជាពលរដ្ឋរស់នៅជាង ៣១ លាននាក់។ ជាធម្មតា ប្រជាជនម៉ាឡេស៊ី ធ្វើការគោរពសួស្តី ចំពោះគ្នានឹងគ្នា ដោយគ្រាន់តែយកដៃទាំងសងខាង ចាប់ម្រាមដៃគ្នា រួចបន្ទាប់មក ពួកគេយកបាតដៃដាក់លើដើមទ្រូង ត្រង់បរិវេណបេះដូង។
១៣. ទីបេ
ទីបេ គឺជាតំបន់ខ្ពង់រាបខ្ពស់ជាងគេបំផុត នៅលើផែនដី ដោយមានកំពស់ជាមធ្យម ៤,៩០០ ម៉ែត្រ ព្រមទាំងមាន ភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់បំផុតក្នុងពិភពលោក កំពស់ ៨,៨៤៨ ម៉ែត្រផងដែរ។ វាជាទឹកដីដើម របស់ជនជាតិទីបេ រួមទាំងជនជាតិភាគតិចមួយចំនួនផ្សេងទៀតដូចជា Monpa Qiang និង Lhoba។ ប្រជាជនរស់នៅទីនៅនោះ លាអណ្តាតរបស់ពួកគេចេញមកក្រៅបន្តិច ដើម្បីបង្ហាញការស្វាគមន៍ និងការគោរពសួស្តី។ ជាពិសេស វាមានអត្ថន័យថា ពួកគេមិនមែនជាអ្នកចាប់ជាតិបន្តពី ស្តេចទីបេ កាលពីសតវត្សទី ៩ ដែលមានអណ្តាតពណ៌ខ្មៅឡើយ៕
ប្រភព៖ Bright Side | Wikipedia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]