អង់គ្លេស៖ ការបោះពាក្យសម្តីឌឺដងផ្លែផ្កាដាក់គ្នា រវាងអ្នកប្រដាល់ Floyd Maywheather និងអ្នកប្រយុទ្ធក្នុងទ្រុង UFC កីឡាករ Conor McGregor ពេលនេះអាចនិយាយបានថា ជិតនឹងបញ្ចប់ហើយ ដោយសារ Floyd ទ្រាំលែងបាន សម្រេចចិត្តឡើងសង្វៀនប្រកួតវិញ ក្រោយពីចូលនិវត្តិបាន២ឆ្នាំ។
យោងតាមបណ្តាញសារព័ត៌មានកីឡាជាច្រើនបានផ្សាយឲ្យដឹងថា Floyd បានយល់ព្រមឡើងប្រកួតជាមួយ McGregor ហើយថែមទាំងបញ្ជាឲ្យអ្នកប្រយុទ្ធក្នុងទ្រុងរូបនេះ ទៅចុះហត្ថលេខាលើកិច្ចសន្យាទៀតផង ដូច្នេះពួកគេអាចនឹងឆាប់ជួបគ្នាលើសង្វៀន ក្នុងអំឡុងរដូវក្តៅខែមិថុនាខាងមុខ។
ថ្លែងនៅក្នុងសាលប្រជុំនៃដំណើរទស្សនកិច្ចក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស អ្នកប្រដាល់មិនដែលចាញ់ Floyd បានឲ្យដឹងថា «McGregor នៅត្រឹមកម្រិតB នៅឡើយទេ បើសិនជាគេខ្លាំងមែន គេត្រូវផ្តល់នូវឧទាហរណ៍មួយ ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់គេ» ។ ដែលនេះហាក់បីដូចជា Floyd កំពុងព្យាយាមបញ្ចុះបញ្ចូល McGregor ឲ្យយល់ព្រមប្រកួតឆាប់ៗនេះ។
លើសពីនេះទៀត Folyd បានបន្តទៀតថា «នៅពេលដែលខ្ញុំប្រកួតជាមួយជើងខ្លាំង Arturo Gatti កាលនោះខ្ញុំនៅកម្រិតBនៅឡើយទេ ចំនែកគេនៅក្នុងកម្រិតA ហើយខ្ញុំមិនបានរអ៊ូអ្វីទាំងអស់ ចុងក្រោយខ្ញុំជាអ្នកឈ្នះ។ ដោយឡែកអតីតកំពូលអ្នកប្រដាល់Oscar De La Hoya ក៏ដូចគ្នា គេនៅក្នុងកម្រិតA ខ្ញុំនៅត្រឹមកម្រិតB តែចុងក្រោយខ្ញុំជាអ្នកឈ្នះ ដោយមិនបានរអ៊ូរទាំមុនការប្រកួតអ្វីទាំងអស់» ។
Floyd បានបន្ថែមឲ្យដឹងទៀតថា «ពេលនេះខ្ញុំបានសម្រេចចិត្តលាចេញពីការនិវត្តន៍វិញហើយ ដើម្បីឡើងទៅប្រកួតជាមួយ Conor McGregor ដោយមិនចង់ឮពាក្យដោះសារ ឬលេសអ្វីផ្សេងទៀតនោះទេ ជាពិសេសរឿងប្រាក់តែម្តង» ។ វាពិតជាធុញទ្រាន់ណាស់នៅពេលដែលគេរអ៊ូចំពោះរឿងនេះ ហើយញុះញង់ខ្ញុំជាច្រើនលើកច្រើនសា ដូច្នេះមានតែឆាប់ចុះកិច្ចសន្យា ហើយឡើងប្រកួតតែម្តងទៅ នៅខែមិថុនាខាងមុខនេះ» ។
គួរបញ្ជាក់ទៀតថា ចុងក្រោយ Floyd ក៏បានបោះពាក្យធ្ងន់ៗថា McGregor គឺជាកីឡាករកម្រិតB ប៉ុណ្ណោះបើប្រៀបជាមួយខ្ញុំកម្រិតA៕
ប្រភព៖ Dailymail
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចប់បាត់! ការប្រកួតរបស់ Pacquiao នៅខែមេសានេះ ត្រូវលុបចោលវិញបាត់ហើយ
អាមេរិក៖ ជំនួបដ៏ធំក្នុងការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និង Amir Khan ដើម្បីដណ្តើមខ្សែក្រវ៉ាត់ WBO World Welterweight Champion នៅអារ៉ាប់រួម នាថ្ងៃទី២៣ ខែមេសាខាងមុខ ពេលនេះត្រូវបានប្រកាសលុបចោលវិញ។ នេះបើយោងតាមសម្តីរបស់អ្នករៀបចំការប្រកួតជនជាតិហ្វីលីពីនលោក Bob Arum ។
លោក Bob Arum បានបញ្ជាក់ពីមូលហេតុប្រាប់សារព័ត៌មាន ESPN ថា «ដោយសារតែបញ្ហាកិច្ចសន្យាសង្វៀននៅទីនោះ ទើបធ្វើឲ្យការប្រកួតត្រូវលុបចោល»។
Bob បានបន្ថែមទៀតថា «ខ្ញុំនឹងរៀបចំការប្រកួតមួយផ្សេងទៀតឡើងវិញ ប៉ុន្តែដៃគូរបស់ Pacqiuao នោះមិនមែន Amir Khan ទៀតទេ» ។
គួររំលឹកផងដែរថា ការប្រកួតនៅក្នុងខែមេសាដែលត្រូវបានលុបចោលថ្មីៗនេះ ត្រូវបានរៀបចំឡើងជាផ្លូវការម្តងហើយ កាលពីប៉ុន្មានសប្តាហ៍មុន មិនតែប៉ុណ្ណោះភាគីទាំងសងខាង ពោលគឺអ្នកប្រដាល់មកពីហ្វីលីពីន Manny Pacquiao និងកីឡាករ Amir Khan ក៏បានព្រមព្រៀងគ្នារួចរាល់ហើយដែរ ប៉ុន្តែចុងក្រោយបែរជាត្រូវលុបចោលវិញ។
បើទោះបីជាយ៉ាងណាក៏ដោយ លោក Bob Arum ក៏បានឲ្យដឹងទៀតដែរថា ការប្រកួតរបស់ Pacquiao អាចនឹងលើកទៅប្រកួតក្នុងខែកក្កដា ឆ្នាំនេះវិញ តែចំពោះគូប្រកួតវិញមិនទាន់រកបាននៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]