ភ្នំពេញ៖ ធ្មេញទឹកដោះ គឺជាកន្លែងចាប់ផ្តើមនៃឆាកជីវិតសុខភាពមាត់ធ្មេញ។ ធ្មេញទឹកដោះ ត្រូវបានគេស្គាល់ម្យ៉ាងទៀតថាជាធ្មេញព្រៃ។ ធ្មេញទឹកដោះមានចំនួនសរុប 20 ហើយវាដុះជាដំណាក់កាលៗ។ ជាធម្មតាពន្លកធ្មេញមុខចាប់ផ្តើមដុះនៅអាយុ 3-4 ខែ ហើយរហូតដល់អាយុ 3 ឆ្នាំវានឹងដុះគ្រប់ចំនួន។ មាតាបិតាគ្រប់រូប ត្រូវយល់ដឹងពីសារៈសំខាន់នៃធ្មេញទឹកដោះ ពីព្រោះការថែរក្សាធ្មេញទឹកដោះឲ្យបានល្អ នឹងធ្វើឲ្យធ្មេញអចិន្ត្រៃយ៍ ដុះបានស្អាតតាមគន្លងធ្មេញទឹកដោះ។

តួនាទីរបស់ធ្មេញទឹកដោះមានដូចជា៖

• ជួយកុមារទំពារអាហារយ៉ាងងាយស្រួល និង ត្រឹមត្រូវ

• ជួយកុមារអោយនិយាយបានយ៉ាងឆាប់រហ័ស និង ច្បាស់ថែមទៀត

• ទុកទីកន្លែងនៅក្នុងឆ្អឹងថ្គាម សម្រាប់ឲ្យធ្មេញអចិន្រ្តៃយ៍ដុះលូតលាស់ចេញមកជំនួសខ្លួនបានយ៉ាងល្អ។

ធ្មេញទឹកដោះ ងាយពុកឬប្រហោងធ្មេញដូចធ្មេញមនុស្សពេញវ័យដែរ ហើយបើសិនជាថែទាំមិនបានត្រឹមត្រូវ នឹងធ្វើឲ្យធ្មេញទឹកដោះដុះមកមិនបានល្អ និងបាត់បង់ទៅវិញមុនអាយុដែលត្រូវបាក់។

ការពិតណាស់កុមារភាគច្រើន បានរងផលប៉ះពាល់ដោយជំងឺពុកធ្មេញមុនពួកគាត់អាយុ៥ឆ្នាំ។ នៅពេលដែលធ្មេញព្រៃបាត់បង់ឆាប់ពេក ធ្មេញអចិន្រ្តៃយ៍អាចរសាត់ កប់ចូលទៅក្នុងឆ្អឹងថ្គាម និងពិបាករកផ្លូវដុះចេញមកក្រៅ។

ដំណើរនៃដំណុះធ្មេញ (teething)

ដំណើរនៃដំណុះធ្មេញ គឺជាពេលដែលធ្មេញព្រៃដុះផុសចេញពីអញ្ចាញធ្មេញ។ វាអាចបណ្តាលឲ្យមានការឈឺចាប់បន្តិច ហើយវាអាចធ្វើឱ្យកូនរបស់អ្នកមើលទៅប្លែក។ នេះជាដំណើរធម្មជាតិដែលកូនៗទាំងឡាយត្រូវឆ្លងកាត់។ អញ្ចាញធ្មេញរបស់កូនលោកអ្នកអាចនឹងឈឺ និងទន់ ហើយពួកគេអាចហូរទឹកមាត់បន្តិច។ មានវិធីមួយចំនួន ដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនរបស់អ្នកចាប់ផ្តើមដុះធ្មេញ៖

• សំអាតអញ្ចាញធ្មេញកូន ជាមួយនឹងម្រាមដៃរុំកន្សែង បង់រុំ(gauze) សើម។

• ផ្តល់ឱ្យកូនរបស់អ្នកនូវអ្វីមួយដើម្បីទំពារដូចជា កងកៅស៊ូសម្រាប់ខាំ ផ្តល់អាហារដែលមានភាពត្រជាក់ដល់កូនរបស់អ្នកដូចជាទឹកប៉ោម ឬទឹកដោះគោជូរ ប្រសិនបើកូនរបស់អ្នកមានអាយុគ្រប់គ្រាន់ដើម្បីបរិភោគអាហារទាំងនោះ។

ប្រសិនបើ លោកអ្នកអនុវត្តតាមវិធីខាងលើនេះ ហើយកូនរបស់អ្នកនៅតែមានការឈឺចាប់ សូមនាំគេទៅជួបទន្តបណ្ឌិតឯកទេសកុមារ ដើម្បីធ្វើការពិនិត្យ និងផ្តល់ថ្នាំដល់ទារកឲ្យបានត្រឹមត្រូវ។

តើធ្វើដូចម្តេចដើម្បីសម្អាតធ្មេញព្រៃ?

អនាម័យមាត់ធ្មេញល្អ គឺចាប់ផ្តើមតាំងពីពេលចាប់កំណើត។ ដើម្បីសម្អាតអញ្ចាញធ្មេញកូនរបស់លោកអ្នក ឲ្យបានល្អបន្ទាប់ពីបរិភោគរួច សូមប្រើកន្សែងទន់ៗហើយស្អាត ឬច្រាសដែលមានសរសៃទន់ៗ និងមានក្បាលច្រាសតូចប្រើសម្រាប់តែទារក។ សម្រាប់ការដុសធ្មេញរបស់ទារក យើងគប្បីប្រើថ្នាំដុសធ្មេញដែលមានកម្រិតជាតិហ្វ្លុយអូរ៉ាយទាប ហើយដុសថ្នមៗស្រាលៗនិងអនុវត្តឲ្យបាន2ដងក្នុងមួយថ្ងៃ។ នៅពេលដែលកូនរបស់អ្នកធំបន្តិច អ្នកគួរបង្រៀននិងអនុវត្តការដុសធ្មេញជាមួយកូនជាប្រចាំ។ ទង្វើបែបនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់កូនៗ ព្រោះថាពួកគេនឹងមានអារម្មណ៍ចង់ដុសដូចដែលពួកគេឃើញអ្នកធ្វើ។ ម្យ៉ាងទៀត លោកអ្នកគួរតែនាំកូនៗ របស់លោកអ្នកទៅពិគ្រោះជាមួយទន្តបណ្ឌិតឯកទេសពត់ធ្មេញ (Orthodontist) នៅពេលដែលពួកគាត់មានអាយុ7ឆ្នាំ ដើម្បីទទួលការពិគ្រោះយោបល់ និងដំបូន្មានល្អៗដែលអាចធានាបានថាពួកគាត់នឹងមានស្នាមញញឹមស្រស់ស្អាតជាមួយនិងទម្រង់មុខដ៏សាកសម។

រៀបរៀងដោយ៖ ទន្តបណ្ឌិត ថន សិរីកុសល

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]