ក្នុងជីវិតមនុស្សប្រុសម្នាក់ៗ តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលអាចធ្វើឱ្យជីវិតដែលលិចលង់របស់យើងកែប្រែក្លាយជាមានពន្លឺ? ហើយតើមានមនុស្សស្រីប៉ុន្មាននាក់ដែលអាចស៊ូទ្រាំ រស់នៅជាមួយយើង និងស្រលាញ់យើងស្មោះ ពេលដែលយើងមិននៅសល់អ្នកណាម្នាក់? នោះគឺនារីម្នាក់នោះ.....

« លោកឆ្កួតហើយ!!!! » សំដីចេញពីមាត់មនុស្សស្រីម្នាក់ ក្នុងចំណោមមនុស្សស្រីច្រើនអ្នកដែលខ្ញុំបដិសេធបានបន្លឺឡើង។  នាងក្រោកចេញពីកៅអីហើយឈរស្រែកដាក់ខ្ញុំខ្លាំងៗ

« មនុស្សប្រុសពូកែ មានឋានៈ មានកិត្តិយស មានទ្រព្យសម្បត្តិដូចជាលោកបែរជាមិនចេះរកសេចក្តីសុខសម្រាប់ខ្លួនឯង មិនយល់ថាលោកជាមនុស្សប្រុសល្ងង់ ឬស្មោះងប់ ឱ្យប្រាកដទៅ? »

« ក្នុងជីវិតខ្ញុំជួបមនុស្សស្រីពិតប្រាកដ និងល្អម្នាក់ហើយ ហេតុអ្វីខ្ញុំត្រូវមានជម្រើសផ្សេង? »

នាងសើចហួសចិត្តរួចនិយាយ

« មនុស្សស្រីល្អរបស់លោក គឺយាយចាស់ស្បែកយារ មុខជ្រួញ ដែលមួយថ្ងៃៗគិតតែនៅផ្ទះបាយធុំក្លិនទឹកត្រី ទឹកប្រហុកហ្នឹងមែន? ហ៊ឹស!!!! ឱ្យភ្នាល់ក៏បាន ខ្ញុំប្រាកដជាក្មេង ស្អាត ស៊ិចស៊ី ហើយពូកែជាងនាង លោកសាកយកទៅគិតម្តងទៀតមើល៍ »

« តើនាងស្គាល់ខ្ញុំច្បាស់ប៉ុណ្ណា ? » នាងរលាស់សក់បញ្ចេញភាពស្រស់ស្អាត ហើយអង្គុយចុះញញឹមដាក់ខ្ញុំ

« ខ្ញុំមិនខ្វល់...សំខាន់ពេលនេះខ្ញុំចាប់អារម្មណ៍លោក ហើយសុខចិត្តមកស្នើខ្លួនដល់កន្លែងបែបនេះ លោកមិនយល់ថាចំណេញទេ អ្ហ៎ះ? » ខ្ញុំដកដង្ហើមធំ រួចចាប់ផ្តើមនិយាយ

« ខ្ញុំអាចក្លាយទៅជាមនុស្សប្រុសដែលនាងខ្លាចបំផុត បើសិនជានាងស្គាល់ខ្ញុំច្បាស់។ តើនាងធ្លាប់ស្គាល់មនុស្សប្រុសណាដែលគ្មានបានការបំផុតទេក្នុងជីវិត? »

ឮខ្ញុំនិយាយ នាងចាប់ផ្តើមជ្រួញចិញ្ចើមឆ្ងល់ ខ្ញុំក៏និយាយបន្ត

« មនុស្សប្រុសដែលក្រីក្រ គ្មានចំណេះ គ្មានលុយ គ្មានទ្រព្យសម្បត្តិ ធ្លាប់ជាមនុស្សញៀនថ្នាំ ញៀនល្បែង ប្រមឹក ហើយធ្លាប់ជាប់គុកព្រោះជ្រុលដៃសម្លាប់មនុស្ស...»

« លោកនិយាយពីរឿងអ្វីហ្នឹង? » ខ្ញុំញញឹមបន្តិចរួចនិយាយបន្ត

« ជីវិតដូចធ្លាក់នរកទាំងរស់ ទោះជាស្លាប់ក៏គ្មានអ្នកណាស្តាយស្រណោះ មនុស្សបាតសង្គមដែលគ្មានតម្លៃនឹងរស់នៅបន្តម្នាក់នោះដែរ....តែ...» ខ្ញុំមើលដឹងថានាងកំពុង តែជក់ចិត្តស្តាប់រឿងនិទានមួយនេះហើយ។

« តែ? តែស្អីទៅ? »

« តែមានមនុស្សស្រីម្នាក់បានដើរចូលក្នុងជីវិតប្រុសគ្មានបានការម្នាក់នោះ មនុស្សស្រីដែលអត់ទ្រាំរឿងគ្រប់បែបយ៉ាង ទាំងការឈឺចាប់    ការមើលងាយមើលថោក ហើយព្យាយាមទាញប្រុសម្នាក់នោះចេញពីរណ្តៅនរក  ឱ្យក្រោកឡើងសាងជីវិតថ្មី » ។

« មនុស្សស្រីម្នាក់នោះល្ងង់ណាស់ ដែលចំណាយពេលវេលាជាមួយមនុស្សបែបនេះ ខ្ញុំថានាងធ្វើមិនបានទេ » នាងសើចបន្តិចទាំងហួសចិត្ត

« មែនហើយមនុស្សស្រីម្នាក់នោះល្ងង់ណាស់ បោះបង់ចោលយុវវ័យល្អរបស់ខ្លួន ដើម្បីមកតាមមនុស្សប្រុសគ្មានបានការ ប៉ុន្តែមនុស្សស្រីល្ងង់ម្នាក់នោះហើយ ដែលធ្វើឱ្យប្រុសគ្មានបានការម្នាក់ក្លាយជាបុរសជោគជ័យនៅថ្ងៃនេះ »

« ពិតមែន អ្ហះ? មិនគួរឱ្យជឿសោះ។ តើលើលោកនេះពិតជាមានមនុស្សបែបនេះដែរ? បើវាជារឿងពិតនោះ ខ្ញុំថាគ្មានអ្នកណាអាចធ្វើបានទេ » នាងនិយាយទាំងជឿជាក់

« មែនហើយសូម្បីតែនាងក៏ធ្វើមិនបានដែរ អ៊ីចឹងហើយបានជាខ្ញុំមិនផ្តល់ឱកាសដល់នាង » នាងបើកភ្នែកធំៗហើយនិយាយ

« កុំលេងសើចអី បើគ្រាន់តែជារឿងនិទានដើម្បីបន្លាចខ្ញុំ ខ្ញុំថាវាមិនបានផលទេ ខ្ញុំមិនចាញ់បោកលោកងាយៗឡើយ» ខ្ញុំងក់ក្បាលញញឹមដាក់នាង។

« រឿងដែលខ្ញុំនិយាយទាំងប៉ុន្មាន វាជារឿងពិតរបស់ខ្ញុំ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវចំណាយពេលប្រតិដ្ឋរឿងបែបនេះទេ។ អ៊ីចឹងហើយ ខ្ញុំស្រលាញ់ប្រពន្ធខ្ញុំណាស់ខ្ញុំមិនក្បត់ចិត្តនាងទេ» ខ្ញុំនិយាយបន្តទាំងអារម្មណ៍អណ្តែតអណ្តូង

« ខ្ញុំចាំថាកាលនោះពួកយើងរស់នៅក្នុងដីចំការតូចមួយក្នុងជីវភាពសាមញ្ញ ប្តីធ្វើស្រែ ប្រពន្ធដាំបាយមើលផ្ទះសម្បែង។ ពួកយើងមានក្តីសុខណាស់។ នាងជាមនុស្សស្រីម្នាក់ដែលសុភាព ស្លូតបូត និយាយសំដីមួយៗ មានឬកពាទន់ភ្លន់។ ពេលឃើញស្នាមញញឹមនាងម្តងៗធ្វើឱ្យខ្ញុំមានកំលាំងចិត្តក្នុងការរស់នៅបន្ត ហើយរួមគ្នាសាងជីវភាពថ្មីតាំងពីបាតដៃទទេរហូតដល់មានថ្ងៃនេះ »

នាងដកដង្ហើមធំ ស្ងាត់បន្តិច រួចនិយាយទាំងមុខអស់សង្ឃឹម

« មើលតាមទំហំការលះបង់ និងក្តីស្រលាញ់របស់នាង នៅក្នុងកែវភ្នែកលោកនាងប្រាកដជាមនុស្សស្រីដ៏ស្អាតបំផុតនិងល្អបំផុតហើយ។ ខ្ញុំមានតែជូនពរឱ្យពួកលោករស់នៅមានសេចក្តីសុខ បែបនេះរហូតទៅណា...ពេលនេះខ្ញុំព្រមទទួលស្គាល់ថាខ្ញុំចាញ់ទាំងអស់ចិត្តហើយ » និយាយរួចនាងក៏ក្រោកឡើងទាំងមុខអស់សង្ឃឹម។

« នាងប្រាកដជាឆាប់រកបានមនុស្សប្រុសដែលល្អជាងខ្ញុំ » នាងបែរមកមើលខ្ញុំរួចដើរចេញទៅបាត់។

ខ្ញុំដករូបថតចាស់មួយសន្លឹកចេញពីកាបូបលុយតម្លៃថ្លៃរបស់ខ្ញុំ។ គឺជារូបប្តីប្រពន្ធក្រីក្រពីរនាក់ដែលមានទឹកមុខពោរពេញដោយស្នាមញញឹមមានសេចក្តីសុខ។

«អរគុណប្រពន្ធសម្លាញ់ដែលអូនកែប្រែឱ្យបងក្លាយជាមនុស្សមានតម្លៃម្នាក់។ អរគុណអូនដែលតែងតែគាំទ្រ និងលះបង់គ្រប់បែបយ៉ាងដើម្បីឱ្យបងមានថ្ងៃនេះ »

ខ្ញុំយករួបថតខ្ទប់នឹងដើមទ្រូង សម្លឹងមើលទេសភាពខាងក្រៅ ហើយញញឹមតិចៗងើយមើលទៅផ្ទៃមេឃ ជាទីកន្លែងដែលមនុស្សស្រីល្អម្នាក់កំពុងឈរញញឹមមើលមកខ្ញុំ។ ស្តាយណាស់ដែលអូនមិនបានចូលរួមរីករាយនឹងភាពជោគជ័យរបស់បងនៅពេលនេះ ប្រពន្ធសម្លាញ់ចិត្តបង៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]