«សុំចូលមួយៗៗៗ»     សម្លេងអ្នកសារព័ត៌មាន និងពន្លឺ  Flash      ភ្លឹបភ្លែតៗ    ចេញពីម៉ាស៊ីនថតគ្រប់ប្រភេទ បានកំពុងចលាចលពេញអគាររៀបចំអាពាហ៍ពិពាហ៍ដ៏ធំមួយកន្លែងនៅក្នុងប្រទេស។ ប៉ូលិសបានខណ្ឌខ្សែ មិនឱ្យមនុស្ស និងអ្នកសារព័ត៌មានទាំងឡាយចូលផ្តិតរូបភាព និងព័ត៌មាននោះទេ។ កូនស្រីអ្នកជំនួញដីធ្លីដ៏ធំមួយប្រចាំប្រទេស បានធ្លាក់ពីលើអគារស្លាប់ក្នុងថ្ងៃមង្គលការ។ គ្មានអ្នកណាដឹងពីហេតុផលពិតក្រោយរឿងមួយនេះទេ     មិនដឹងសូម្បីតែថាជាករណីឃាតកម្ម ឬការធ្វើអត្តឃាត។ សំណុំរឿង ត្រូវបានបញ្ចប់ដោយអាថ៌កំបាំងបំផុត។ អង្គភាពព័ត៌មានទាំងឡាយក៏ផ្អឹបរឿងនេះជិតឈឹង ដោយសំអាងថាជាបញ្ជារបស់ថ្នាក់លើ។ ខ្ញុំជាអ្នកកាសែតម្នាក់ ក្នុងចំណោមអ្នកកាសែតផ្សេងទៀត  ដែលនៅមិនអស់ចិត្តនឹងព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ។ ខ្ញុំលើករូបថត ៣ សន្លឹកដែលទើបយកចេញពីម៉ាស៊ីនផ្តិតរូប ហើយយកមកគៀបលើជញ្ជាំងក្បែររូបថតស្រីៗផ្សេងៗទៀតដែលនៅជិតនោះ។

« កញ្ចនា » ជាមនុស្សស្រីដ៏ស្រស់ស្អាត មានទាំងពូជពង្សវង្សត្រកូល ហើយអនាគត ស្វាមីក៏ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលដ៏មានអំណាចម្នាក់ តែគួរឱ្យស្តាយបែរជាត្រូវស្លាប់ទាំងវ័យក្មេងក្នុងថ្ងៃរៀបការរបស់ខ្លួន។ វាអាចនឹងពិបាកចំពោះអ្នកផ្សេងតែចំពោះខ្ញុំ ប្រាកដជាមិនពិបាកទេក្នុងការស្វែងរកព័ត៌មានរបស់នាង។ ពេលនេះភស្តុតាងទាំងអស់ប្រហែលជា ស្ថិតនៅក្នុងដៃប៉ូលិសហើយ ជនអាក្រក់ប្រាកដជាត្រូវបានចាប់ខ្លួន។

« ព័ត៌មានដែលកំពុងល្បីខ្ទរខ្ទារនៅព្រឹកនេះ គឺដំណឹងចាប់ខ្លួនកូនប្រុសមហាសេដ្ឋីផ្នែកជំនួញអចលនទ្រព្យឈ្មោះ ពិសិដ្ឋ ពីបទពាក់ព័ន្ធនឹងការស្លាប់ និងបាត់ខ្លួនរបស់មនុស្សស្រី ៥ នាក់។ តាមការស្រាវជ្រាវប៉ុន្មានករណី ប៉ូលិសរកឃើញថាមនុស្សស្រីទាំងអស់ដែលស្លាប់ និងបាត់ខ្លួន ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនជាប់ចោទ។ ហេតុផលនាំឱ្យមានការចាប់ខ្លួន ព្រោះគេរកឃើញថាមុនស្លាប់ និងបាត់ខ្លួនរបស់នារីៗទាំងនោះសុទ្ធតែទទួលបានការហៅទូរស័ព្ទនិងសន្ទនាខ្លីៗ៣វិនាទីដូចៗគ្នាពីលេខរបស់ជនជាប់ចោទ។ លើសពីនេះប៉ូលិសរកឃើញ​ File ឯកសាររូបភាពអាសអាភាសរបស់ជនរងគ្រោះ និងស្រីៗជាច្រើនទៀតទៀត ពីក្នុងកំព្យូទ័រយួរដៃ និងទូរស័ព្ទជនជាប់ចោទផងដែរ។  ប៉ូលិសសន្និដ្ឋានថានេះជាករណីគំនុំសងសឹកក្រោយការសុំបែកគ្នារបស់នារីទាំងនោះ។ ជនជាប់ចោទ ត្រូវបានពិនិត្យថាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងររហូតឈានទៅដល់ការសំលាប់មនុស្ស .... » ។ ខ្ញុំចុចបិទព័ត៌មានទាំងញញឹមហើយស្ពាយកាមេរ៉ាដែលជារបស់សំណព្វនៅជាប់ខ្លួនខ្ញុំ ២៤ ម៉ោងចេញទៅខាងក្រៅ។

................................................................................................................................

ទីបំផុតអតីតនិស្សិតពេទ្យឆ្នើមម្នាក់ដែលធ្លាប់ត្រូវគេដេញពីសាលា និងជាប់គុករយៈពេល ១០ ឆ្នាំព្រោះផលិតថ្នាំពុលចាក់ឱ្យមិត្តរួមថ្នាក់បាត់បង់ជីវិត ពេលនេះត្រូវគេបានរកឃើញថា       បានជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់របស់មនុស្សស្រី ៥ នាក់។ ប៉ូលិសកម្រិតធ្ងន់បានធ្វើការឃាត់ខ្លួន       ចាប់បានវត្ថុតាងធ្វើឃាតដែលមិនគួរឱ្យជឿនោះគឺ កាមេរ៉ាដែលគេតែងតែស្ពាយជាប់ខ្លួន។ កាមេរ៉ាប្រភេទ Digital មួយនេះត្រូវគេបានរកឃើញសារធាតុពុលមួយប្រភេទ    ដែលគេមិនស្គាល់ឈ្មោះ បានបង្កប់នៅក្នុងពន្លឺ Flash ។ នារីជនរងគ្រោះទាំង ៥ នាក់សុទ្ធតែធ្លាប់ត្រូវជនជាប់ចោទ  ជួយថតរូបឱ្យមុនពេលស្លាប់និងបាត់ខ្លួន។ សារធាតុនេះមានជាតិពុលកាចសាហាវស្រដៀងនឹងថ្នាំញៀនមួយប្រភេទ ។ ពេលដែលជនរងគ្រោះប៉ះនឹងពន្លឺវា សារធាតុពុលនឹងជ្រាបចូលទៅក្នុងខ្លួនជនរងគ្រោះ ហើយគ្រប់គ្រងប្រព័ន្ធប្រសាទក្នុងរយៈពេលមិនលើសពី ១ ម៉ោង។ វានឹងបង្កឱ្យស្មារតីវង្វេងវង្វាន់ឈានទៅដល់ការសំលាប់ខ្លួនឯង។ ដែលរឹតតែចម្លែកនោះសាកសព ដែលធ្វើកោសល្បវិច្ឆ័យសុទ្ធតែរកមិនឃើញសារធាតុពុលមួយនេះមានឈ្មោះអ្វី ហើយមានប្រភពមកពីណា។ នេះជាអំពើឃាតកម្មដ៏ចម្លែក និងព្រៃផ្សៃបំផុតក្នុងប្រទេស។

មូលហេតុនៃឃាតកម្មដោយប្រយោលមួយនេះ មិនត្រូវបានជនបង្កសារភាពទេ។ ប៉ុន្តែតាមការស៊ើបប្រវត្តិ កាលពីប៉ុន្មានឆ្នាំមុនជនបង្កធ្លាប់មានប្អូនស្រីម្នាក់សម្លាប់ខ្លួនព្រោះត្រូវសង្សារបោះបង់ចោល ក្រោយពេលដឹងថានាងមានផ្ទៃពោះ។ គេបានដឹងច្បាស់ថាសង្សារនោះ គឺជាកូនប្រុសមហាសេដ្ឋីផ្នែកជំនួញអចលនទ្រព្យឈ្មោះពិសិដ្ឋដែលប៉ូលិសចាប់ខ្លួនច្រលំនៅមុននេះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]