ខ្ញុំជាសំណព្វចិត្តរបស់អ្នកផ្ទះមួយនេះ។ ពួកគេស្រលាញ់ ថ្នាក់ថ្នមខ្ញុំ ហើយតែងតែផ្តល់នូវចំណី អាហារឆ្ងាញ់ៗ។ អ្វីៗត្រូវបានផ្លាស់ប្តូរ នៅថ្ងៃដែលគ្រួសារខ្ញុំចាប់ផ្តើមណែនាំសមាជិកថ្មី។ ខ្ញុំដឹងថាក្តីស្រលាញ់របស់ម្ចាស់ខ្ញុំចាប់ផ្តើមប្រែប្រួលហើយ។ នាងមានសម្បុរសស្គុះស្អាត តែក្បាលពណ៌ប្រផេះ រាងតូចច្រម៉ក់គួរឱ្យស្រលាញ់ អ៊ីចឹងហើយបានជានាងត្រូវបានសមាជិកគ្រួសាររបស់ខ្ញុំ ជាពិសេសម្ចាស់ស្រីតូច ស្រលាញ់បីបម ទៅគ្រប់ទីកន្លែង ដែលខុសពីខ្ញុំមានមាឌធំដំបង។ ម្ហូបដែលជាចំណែករបស់ខ្ញុំ ត្រូវបានបែងចែកឱ្យនាងច្រម៉ក់ឬកធំនោះ។ ពេលដែលម្ចាស់មិននៅផ្ទះ នាងខ្ជិលខ្លាំងណាស់ ក្រៅពីស៊ី ដេក នាងគ្មានធ្វើអ្វីផ្សេងទេ។ ពេលម្ចាស់មកវិញនាងធ្វើឫកពារំអួយ បញ្ចេញភាពគួរឱ្យស្រលាញ់ ស្រែក ម៉េវៗតិចៗទាមទារការចាប់អារម្មណ៍ ។ នាងក្លាយជាចំណែកលើសដែលគ្មានបានការនៅក្នុងចិត្តខ្ញុំ។ នាងចូលចិត្តញ៉េះញ៉ោះលេងរំខានខ្ញុំខ្លាំងណាស់ ពេលខ្លះនាងរពឹសធ្វើឱ្យខូចរបស់របរ និងពង្រាយពេញផ្ទះទៀតផង។

« បងមិនចូលចិត្តខ្ញុំទេមែនទេ?» នាងច្រម៉ក់សួររំខានអារម្មណ៍ខ្ញុំលេង តែខ្ញុំមិនឆ្លើយនឹងសំនួរនាងទេ ខ្ញុំក្រាបក្បាលនឹងដី សំឡឹងទៅមាត់ទ្វារចាំម្ចាស់ខ្ញុំត្រលប់មកផ្ទះវិញ។

« ខ្ញុំអផ្សុកណាស់ ពួកយើងលួចចេញទៅលេងក្រៅជាមួយគ្នាទេ? » នាងនៅតែព្យាយាម និយាយជាមួយខ្ញុំមិនឈប់។ ក្រៅពីរពឹសនាងនៅចូលចិត្ត និយាយប៉ប៉ាច់ប៉ប៉ោច ដាក់ខ្ញុំទៀតគួរឱ្យធុញខ្លាំងណាស់។ មិនឮខ្ញុំតបនាងក៏ឈប់និយាយហើយដើរចេញទៅ ប្រហែលជាគ្មានកន្លែងណាក្រៅពីទៅដេកទេ នាងកម្ជិលអើយ។ ពេលល្ងាចម្ចាស់ខ្ញុំត្រលប់មកផ្ទះវិញ ពេលនោះហើយទើបខ្ញុំដឹង នាងច្រម៉ក់នោះបាត់ខ្លួន។ ខ្ញុំគួរសប្បាយចិត្តមែនទេ ដែលនាងបាត់ចេញពីផ្ទះ? តែហេតុអ្វីបានជាខ្ញុំនៅមិនសុខអ៊ីចឹង? ម្ចាស់ស្រីតូចខ្ញុំយំឡើងហើមប៉ោងភ្នែក។ ពេលយប់ខ្ញុំដេកក្រាបក្បាល លើឥដ្ឋសំលឹងទៅក្រៅផ្ទះ

« នាងល្អិតហ្នឹងទៅណា ម៉េចយប់ហើយមិនទាន់មកវិញ? ឬលួចដើរលេងមិនទាន់អស់ចិត្ត? » ផ្លេកបន្ទោរពេញផ្ទៃមេឃជាសញ្ញាថាជិតមានភ្លៀងធ្លាក់ធំហើយ។ ខ្ញុំក៏ស្ទុះក្រោកឡើងដើរសំដៅទៅកន្លែងដែលនាងច្រម៉ក់នោះដេក រួចសំដៅទៅទ្វារសំងាត់ក្រោយផ្ទះ ហើយវារលូនចេញទៅក្រៅ។ ខ្ញុំតាមហិតក្លិននាងច្រម៉ក់តាំងពីដើមផ្លូវដល់ចុងផ្លូវ ក្លិននាងច្រម៉ក់ក៏កាន់តែជិតទៅៗ ស្រាប់តែឃើញហ្វូងឆ្កែមួយក្រុមចោមរោមអ្វីម្យ៉ាង។ អាសន្នធំហើយ ប្រាកដជានាងច្រម៉ក់ហ្នឹងដើររករឿងគេឯងទៀតហើយ។ ការពិតពួកឆ្កែអនាថាឈ្លោះដណ្តើមឆ្អឹងគ្នាសោះ។ ខ្ញុំដើរចេញទាំងអស់សង្ឃឹម និងរបួសជាប់ខ្លួនតិចតួចបន្ទាប់ពីប្រយុទ្ធជាមួយហ្វូងឆ្កែមួយក្រុមនោះ។ ស្រាប់តែខ្ញុំធុំក្លិននាងច្រម៉ក់នោះកាន់តែខ្លាំង សំលេងម៉េវៗ ខ្សាវៗឮមកតាមខ្យល់។ ខ្ញុំក្រឡេកឃើញស្រមោលនាងនៅក្រោមគ្រែសំយ៉ាបផ្ទះមួយ។

« នាងច្រម៉ក់ម៉េចក៏នៅទីនេះ? ឆាប់ត្រលប់ទៅផ្ទះវិញទៅ » នាងច្រម៉ក់ដែលកំពុងតែក្រាបលើដីនិយាយតិចៗទាំងសប្បាយចិត្ត

« បងមករកខ្ញុំមែន? បងលែងស្អប់ខ្ញុំហើយ? »

«បើនៅតែរពឹសទៀត ខ្ញុំប្រាកដជាស្អប់នាងមែនហើយ»

« មិនបានរពឹស ខ្ញុំគ្រាន់តែទៅផ្ទះវិញអត់បាន »

« ហេតុអី?

«លេងក្រៅផ្ទះអស់ចិត្តហើយ ស្រាប់តែមេឃចង់ភ្លៀង ហើយមានផ្លេកបន្ទោរពេញមេឃទៀត ខ្ញុំខ្លាចណាស់ បានជាខ្ញុំមកពួននៅក្រោមហ្នឹងទៅ» ភ្លៀងក៏ចាប់ផ្តើមធ្លាក់ខ្លាំង។ ពួកយើងក៏ដេកក្រាបក្បាលលើដី សំលឹងទឹកភ្លៀងដែលស្រក់ចុះមក។

« សុំសួរមួយមើល៍ ម៉េចក៏បងមិនចូលចិត្តខ្ញុំ? ដឹងអត់ខ្ញុំក៏ចេះអន់ចិត្តដែរណា »

« មកពីនាងហ្នឹងកម្ជិល និងរពឹសពេក »

«មិនបានតាំងចិត្តខ្ជិលនិងរពឹសទេ មកពីធម្មជាតិសត្វឆ្មាអ៊ីចឹងហើយ »

បន្ទាប់ពីនិយាយលេងពីនេះ ពីនោះជាមួយនាងឆ្មាខ្ញុំសារភាពថា ខ្ញុំចាប់ផ្តើមចូលចិត្តនាងហើយ ការពិតនាងក៏មិនគួរឱ្យស្អប់អីដែរ។ មិនដឹងថាមកពីកាលពីមុនខ្ញុំប្រកាន់នាងខ្លាំងពេក រឺក៏មកពីខ្ញុំច្រណែននាង? និយាយគ្នាបានមួយសន្ទុះម្ចាស់បានតាមរកពួកយើងឃើញ។ ម្ចាស់ពួកយើងឱបពួកយើងជាប់ ហើយនាំពួកយើងត្រលប់ទៅផ្ទះដ៏កក់ក្តៅវិញ។

នេះជាលើកទី ១ ដែលខ្ញុំងូតទឹកជាមួយឆ្មា។ ទោះជាមានអារម្មណ៍ប្លែកៗ អៀនៗតែខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដែលពួកយើងអាចត្រលប់មកផ្ទះវិញដោយសុវត្ថិភាព។

« បងជា Hero របស់ខ្ញុំ » នាងឆ្មាច្រម៉ក់និយាយមកកាន់ខ្ញុំនៅព្រឹកថ្ងៃថ្មី។

« បងសង្ហាដល់ហើយ មានរោមវែងៗ មានមាឌធំអាចប្រយុទ្ធឈ្នះពួកឆ្កែមួយហ្វូង បងពូកែណាស់ ខ្ញុំចូលចិត្តបងហើយ»

នាងច្រម៉ក់នេះក្រៅពីពូកែរំអួយហើយ នៅពូកែបញ្ជោរទៀត។ តាំងពីរឿងយប់នោះមកពួកយើងក្លាយជាមិត្តស្និទ្ធស្នាលនឹងគ្នា រត់លេងជាមួយគ្នា មានចំណីឆ្ងាញ់ក៏ចែកគ្នា ។

ប៉ុន្តែសភាពខុសប្រក្រតី ពីមួយថ្ងៃទៅមួយថ្ងៃរបស់នាងធ្វើឱ្យខ្ញុំបារម្ភ។ នាងក្រៅពីលែងញ៉ាំចំណី នាងរឹតតែដេកច្រើនជាងមុន សំលេងស្រែកម៉េវៗតិចរបស់នាងចាប់ផ្តើមប្រែប្រួលកាន់តែខ្សោយទៅៗ។ ពេលមួយនោះខ្ញុំឃើញម្ចាស់ខ្ញុំបីនាង ហើយនិយាយជាមួយមនុស្សប្រុសប្លែកមុខម្នាក់ ទោះជាខ្ញុំមិនយល់ពីអ្វីដែលពួកគេនិយាយគ្នា តែខ្ញុំដឹងថាមិនមែនជារឿងល្អទេ។ ខ្ញុំសម្លឹងមើលនាងឆ្មាកម្សត់ដែលកំពុងតែដេកបិទភ្នែក ហើយប្រឹងបើកភ្នែកព្រិចៗទាំងអស់កម្លាំង

«បងអផ្សុកទេ? សុំទោសខ្ញុំឈឺហើយខ្ញុំមិនអាចកំដរបងលេងបានទៀតទេ ចាំពេលខ្ញុំជាយើងរត់លេងជាមួយគ្នាទៀតណា »។ ប៉ុន្មានយប់នេះនាងម៉េវឈឺកាន់តែធ្ងន់ទៅៗ សំលេងស្រែកម៉េវៗតិចៗទាំងឈឺចាប់របស់នាង ធ្វើឱ្យខ្ញុំអាណិតនាងខ្លាំងណាស់ តែក៏ជួយអីមិនបាន។ ម្ចាស់ស្រីតូចរបស់ខ្ញុំឱបនាងឆ្មាទាំងទឹកភ្នែក ពេលសម្លេងយំនាងឆ្មារចាប់ផ្តើមខ្សោយទៅៗ នាងឆ្មាចាប់ផ្តើមបិទភ្នែកជិតឈឹង ការឈឺចាប់របស់នាងក៏រលាយបាត់អស់។

ក្រោមមេឃពណ៌ខៀវខ្ចី សួនកំសាន្តដ៏ស្រស់ស្អាតកន្លែងដែលខ្ញុំធ្លាប់រត់លេងជាមួយនាង។ ខ្ញុំនឹកនាងណាស់ នាងនៅឯណា? ហេតុអ្វីក៏ទៅចោលពួកយើង? ឯណាពាក្យសន្យាថានឹងរត់លេងជាមួយគ្នាទៀតនោះ? ខ្ញុំស្អប់នាងណាស់ហេតុអ្វីក៏ផ្តល់ភាពរីករាយដល់ពួកយើងរយៈពេលខ្លី តែផ្តល់ការឈឺចាប់យូរអីយ៉ាងនេះ? លោកអើយ ពេលនេះខ្ញុំក្លាយជាឆ្កែកម្សត់ឯកាម្តងទៀតហើយ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]