លោកយាយរបស់ខ្ញុំចាស់ណាស់ទៅហើយ សុខភាពមួយថ្ងៃកាត់ មួយថ្ងៃកោរ។ ខ្ញុំតែងតែបង្ហាញរូបភាពចាស់ៗរបស់គ្រួសារយើង ឱ្យលោកយាយមើលរាល់ពេលទំនេរ ព្រោះលោកយាយកើតជំងឺ មនុស្សចាស់វង្វេង ភ្លេចភ្លាំងច្រើន។ អ្វីដែលខ្លោចផ្សាបំផុត គឺនៅពេលដែលលោកយាយឃើញ រូបលោកតាម្តងៗលោកយាយសួរថា « អ្នកណា?»

លោកតា​​ បានលាចាកលោកយើងនេះជាង ១០ឆ្នាំទៅហើយ ដោយគ្រោះថ្នាក់ចរាចរណ៍។ ម៉ាក់ធ្លាប់ប្រាប់ខ្ញុំថាលោកយាយលោកតា ស្រលាញ់គ្នាណាស់ កាលពីក្មេងៗ ទោះស្នេហាជួបឧបសគ្គច្រើនរាប់មិនអស់ ក៏ពួកគាត់តស៊ូរហូតដល់បាននៅជាមួយគ្នា។ លោកយាយ ប្រាកដជារងការឈឺចាប់ណាស់ហើយ បានជាសូម្បីតែលោកតាក៏លោកយាយមិនចង់ចងចាំ។ 

កាលពីជាង ១០ ឆ្នាំមុន ខ្ញុំចាំច្បាស់ណាស់ពីគ្រោះថ្នាក់មួយនោះ។ ដំណើរកំសាន្តវ័យចំណាស់របស់លោកតាលោកយាយ ប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ ដែលគ្មានអ្នកណាអាចបំភ្លេចបាន។  អ្នកដំណើរមួយឡានក្រុង បាត់បង់ជីវិតទាំងអស់រួមទាំងលោកតារបស់ខ្ញុំ លើកលែងតែលោកយាយម្នាក់ ដែលអាចរួចជីវិតមកបាន តែរងរបួសធ្ងន់រហូតដល់ត្រូវការវះកាត់។ ការវះកាត់របស់លោកយាយ បានទទួលភាពជោគជ័យ។ ប៉ុន្តែក្រោយចេញពីមន្ទីរពេទ្យ លោកយាយប្រែក្លាយជាមនុស្សស្រងូតស្រងាត់ ហើយថែមទាំងបាត់ការចងចាំទៀតផង។ តែក៏ល្អដែរ ដែលលោកយាយមិនបាច់រងការឈឺចាប់ បើដឹងថាលោកតាបានលាចាកលោកនេះទៅ។

«លោកយាយពិសាថ្នាំ» ខ្ញុំដាស់លោកយាយតិចៗ ពេលឃើញលោកយាយសម្រាន្តលក់ លើកៅអីផ្តៅ ទាំងមានសៀវភៅរូបថតផ្អឹបជាប់នឹងដើមទ្រូង។ ទឹកភ្នែកខ្ញុំស្រក់មួយដំណក់ទាំងឈឺចាប់ពេលដឹងថា លោកយាយបានលាចាកលោកយើងនេះទៅហើយ។ រូបថតដែលលោកយាយបានផ្អឹបឱបជាប់នោះគឺជារូបថត លោកយាយនិងលោកតា ដែលលោកយាយ លួចលាក់បង្កប់នៅក្រោមរូបថតគ្រួសារ។ ការពិតលោកយាយមិនដែលបំភ្លេចលោកតានោះទេ ហើយលោកយាយក៏មិនដែលបាត់ការចងចាំនោះដែរ។ ការបាត់បង់របស់លោកយាយ មិនមែនជាការចងចាំទេ នោះគឺបេះដូង។ បេះដូងដែលឈឺចាប់ពេលដែលដឹងថាមនុស្សដែលយើងស្រលាញ់យកអាយុជីវិតមកប្តូរ ដើម្បីឱ្យយើងរស់រានមានជីវិតលើលោកនេះ។

គ្មានអ្នកណាដឹងទេថាហេតុអ្វីគ្រោះថ្នាក់លើកនោះ មានតែមនុស្សម្នាក់នៅមានជីវិត លើកលែងតែយាយ។

ខ្ញុំទ្រោបខ្លួនឱបលោកយាយ ដែលមានតែសម្រកកាយទាំងទឹកភ្នែក។ ទីបំផុតលោកតាលោកយាយ បានរស់នៅជាមួយគ្នាហើយ។ ខ្ញុំនឹងចងចាំសេចក្តីស្នេហាដ៏ស្ម័គ្រស្មោះមួយនេះទុក៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]