ជាក្មេងប្រុសក្រីក្រតស៊ូរៀនសូត្រនៅជនបទ រហូតទទួលបានអាហារូបករណ៍ សិក្សានៅមហាវិទ្យាល័យល្បីឈ្មោះ មិនមែនជារឿងងាយទេ។ គ្រួសារខ្ញុំនៅស្រុកកំណើតសប្បាយចិត្តណាស់ ដែលកូនប្រុសច្បងមួយរូបក្នុងគ្រួសារ មានសមត្ថភាពអាចរៀនជ្រៅជ្រះជាងកូនអ្នកភូមិផ្សេងទៀត ។ ប៉ុន្តែពួកគាត់មិនដឹងថា ជីវិតដែលរស់នៅទីក្រុងជួបប្រទះរឿងយ៉ាងណាខ្លះទេ។

មែនហើយទីក្រុងស្រស់ស្អាតណាស់ មានអគារខ្ពស់ៗ ផ្លូវថ្នល់ស្អាតបាត ឡាន ម៉ូតូ ទំនើបតូចធំ មនុស្សគ្រប់រូបស្លៀកពាក់ស្អាតៗស៊ីវីល័យ។ ពេលរាត្រីភ្លើងគ្រប់ពណ៌ស្រស់ស្អាតលម្អទីក្រុងទាំងមូល។ វាគួរតែដល់ពេលម្នាក់ៗចូលនិទ្រា តែចរាចរណ៍នៅតែមមាញឹក ហើយមនុស្សម្នាទាំងអស់ក៏មិនរំពឹងថាឆាប់ត្រលប់ទៅផ្ទះសម្រាកដែរ។ តែសម្រាប់កូនអ្នកក្រក្រីដូចជាខ្ញុំដែលទើបតែស្គាល់ទីក្រុងលើកដំបូង មិនបានរំភើបញាប់ញ័រជាមួយនឹងភាពស៊ីវីល័យរបស់ទីក្រុងឡើយ។ កង់កញ្ចាស់មួយ ជាមួយកាបូបស្ពាយដែលមានខោអាវជំនំ ២ ៣ សម្រាប់ និងលុយតិចតូចដែលម៉ែពុកខំប្រមូលឱ្យពីស្រុក ខ្ញុំដឹងខ្លួនថាវាសនារបស់ខ្ញុំមិនអាចភ្លើតភ្លើននឹងភ្លើងពណ៌ចម្រុះទាំងអស់នោះទេ។ អ្វីដែលត្រូវធ្វើដំបូងគឺត្រូវរកកន្លែងស្នាក់នៅ រកអាហារហូបចុក និងឆាប់សម្រាកយកកម្លាំងសម្រាប់បង្ហាញខ្លួនលើកដំបូងនៅសាលានៅពេលព្រឹក។ ព្រោះតែសាលាដែលខ្ញុំជាប់ឈ្មោះរ៉ាប់រងតែថ្លៃចំណាយការសិក្សា តែការរស់នៅត្រូវតែដោះស្រាយខ្លួនឯងហើយ។ ខ្ញុំឈរមុខផ្ទះដែលមានស្លាកធំៗដាក់ថាផ្ទះសំណាក់ ហើយរាប់លុយដែលមានក្នុងកាតាប។ សន្តិសុខនៅទីនោះដេញខ្ញុំចេញដោយមិនសួរនាំ ឬនិយាយតាមសម្រួលព្រោះតែឃើញខ្ញុំស្លៀកពាក់ខោមិនខោអាវមិនអាវ។ ខ្ញុំដកដង្ហើមធំជិះកង់ចេញទាំងហួសចិត្ត។ មើលពូសន្តិសុខគាត់ក៏មិនគ្រាន់បើជាងខ្ញុំប៉ុន្មានដែរ ហេតុអ្វីអ្នកក្រមិនចេះអត់ឱនឱ្យអ្នកក្រដូចគ្នា? តើឥទ្ធិពលទីក្រុងពិតជាអាចពង្វក់មនុស្សយើងឱ្យប្រែប្រួលបានមែន? ខ្ញុំក៏បន្តដំណើរទៅដល់អគារចាស់ទ្រុឌទ្រោមមួយដែលមានផ្លាកដាក់ថា« ផ្ទះជួល» ។

ទីបំផុតខ្ញុំអាចរកកន្លែងស្នាក់នៅបានហើយ ទោះវាគ្រាន់តែជាបន្ទប់ដាក់របស់តូចមួយដែលគេទុកចោល ហើយកខ្វក់សុទ្ធតែធូលីដី តែខ្ញុំថាវាគ្រប់គ្រាន់ហើយសម្រាប់និស្សិតក្រីក្រដូចជាខ្ញុំ។

ពេលព្រឹកខ្ញុំប្រញាប់ស្លៀកពាក់ ហើយជិះកង់កញ្ចាស់សំណព្វខ្ញុំសំដៅទៅសាលាទាំងមិនបានញ៉ាំអាហារពេលព្រឹក។ នៅទីក្រុងប្រាកដជាត្រូវចំណាយច្រើនហើយ បើអាចសន្សំសំចៃបានក៏គួរតែសន្សំ។ បាយមួយពេលសរុបនៅថ្ងៃត្រង់ អាចឱ្យខ្ញុំសល់សម្រាប់បាយមួយពេលនៅថ្ងៃបន្ទាប់បាន។ ចរាចរណ៍ទីក្រុងនៅពេលព្រឹករឹតតែអាក្រក់ជាងពេលយប់ទៅទៀត សំណាងហើយដែលចេញមកលឿន។ សំឡេងស៊ីផ្លេ តេតៗលាន់រំពងពេញដងវិថី។ ហេតុអ្វីមនុស្សទាំងអស់មិនអាចអធ្យាស្រ័យឱ្យគ្នា? ហេតុអ្វីមិនអាចគោរពច្បាប់ចរាចរណ៍ និងគោរពសិទ្ធគ្នាទៅវិញទៅមក? ហេតុអ្វីចាំបាច់ត្រូវពាក់មុខយក្សដាក់គ្នា ទាំងដែលយើងជាមនុស្សដូចគ្នារស់នៅក្នុងប្រទេសតែមួយ? កំពុងតែជិះទាំងគ្រវីក្បាលហួសចិត្ត ស្រាប់តែសម្លេងស៊ីផ្លេខ្លាំងលាន់ពីក្រោយខ្នងខ្ញុំ។ ខ្ញុំខុសអីបានជាត្រូវស៊ីផ្លេ? ភ្លើងស្តុបក៏ខ្ញុំគោរព កង់របស់ខ្ញុំក៏នៅក្នុងលីងដែលតម្រូវឱ្យជិះ។

« ចង្រៃយោ៍ ជិះកង់ទ្រេតទ្រោតៗពេញផ្លូវ អ្ហែងម៉េចក៏មិនជិះអែបគៀន ឬឡើងលើខឿនឱ្យបាត់ៗទៅ នៅស្ទះគេស្ទះឯងហ្នឹងហើយ ម៉ាអាកង់កញ្ចាស់មួយសោះ អត់ចេះមើលគេមើលឯងមែន អាអ្នកស្រែ» 

សំដីគ្មានសុជីវធម៌បានបន្លឺឡើង ខ្ញុំឈប់បន្តិចស្រាប់តែងាកក្រោយឃើញ ពូម៉ូតូកង់ ៣ដែល ជិះពីក្រោយសម្លក់ខ្ញុំថ្មែទាំងកំហឹង រួចក៏ជិះឡើងខឿនថ្មើរជើងជាមួយម៉ូតូដទៃផ្សេងទៀត។ អ្នកនៅទីក្រុងអីក៏សម្តីអាក្រក់ម្ល៉េះ? ពុទ្ធោ! ខំជិះត្រូវច្បាប់ហើយបែរជាគេថាខុសគេខុសឯងទៅវិញ។ តើមេរៀនក្នុងសៀវភៅ និងការពិតជាក់ស្តែងក្នុងសង្គមខុសគ្នាបែបនេះ? ទើបតែថ្ងៃទីមួយជួបរឿងប៉ុណ្ណឹងហើយ តើថ្ងៃមុខខ្ញុំនឹងជួបរឿងបែបម៉េចផ្សេងទៀតទៅ? គិតៗទៅទីក្រុងអត់សប្បាយដូចនៅក្នុងសៀវភៅសោះ។ ដល់តែបានជួបរឿងបែបនេះ ធ្វើឱ្យខ្ញុំនឹករឭកដល់ភូមិកំណើតរបស់ខ្ញុំដល់ហើយ។ ទីនោះអ្នកស្រុកទាំងអស់សុទ្ធតែចិត្តល្អ ចេះស្រលាញ់រាប់អាន ជួយគ្នា និងអធ្យាស្រ័យឱ្យគ្នា។ គេថាអ្នកក្រ អ្នកស្រែអន់ តែខ្ញុំថាមនុស្សមួយចំនួននៅទីក្រុងអន់ជាងពួកយើងទៅទៀត។

ជិះតាមផ្លូវត្រូវគេស៊ីផ្លេជេរដេញមិនឈប់ ឯងគេចឡើងចង់ចូលលូ មកដល់ក្នុងសាលាត្រូវឡានកូនៗអ្នកមានស៊ីផ្លេដេញទៀត។ គិតៗទៅអ្នកក្រអ៊ីចឹងមែន ធ្វើអីក៏ខុសៗដែរ ហេតុតែយើងមានតែកង់កញ្ចាស់មួយ។ 

ខ្ញុំចងចាំជានិច្ចនូវក្រសែភ្នែកមិត្តរួមថ្នាក់ និងគ្រប់គ្នាដែលមើលមកខ្ញុំពេលដែលជួបគ្នាលើកដំបូង។ ជាខ្សែភ្នែកមើលងាយ មើលថោក ពេបជ្រាយដែលខ្ញុំជាអ្នកក្រហ៊ានមករៀនសាលាជាមួយពួកគេ។ ខ្ញុំកាន់តែដឹងច្រើនពីរបៀបរបបអ្នកទីក្រុង មើលតែមនុស្សជុំវិញខ្ញុំទៅបានហើយ។ គ្រូតាំងចិត្តពន្យល់ បង្រៀន តែមើលម្នាក់ៗចុះ បើមិននិយាយទូរស័ព្ទ លេងហ្គេម លេងអ៊ីនធើណេត គឺជជែកគ្នាលេងពេញក្នុងថ្នាក់។ ហ៊ើយ!!!! ហេតុតែគេជាកូនអ្នកមាន គេធ្វើអ្វីក៏សមដែរ។ តើអនាគតពួកគេបែបណាទៅបើមួយថ្ងៃៗនៅតែបែបនេះ? ឬពួកគេអាងជាកូនអ្នកមាន? តែសម្រាប់ខ្ញុំ ខ្ញុំដឹងច្បាស់ណាស់ ទម្រាំតែអាចប្រលងចូលសាលាថ្លៃ និងល្បីនេះបានខ្ញុំត្រូវអត់ទ្រាំលំបាកច្រើនណាស់។ អ៊ីចឹងហើយខ្ញុំត្រូវតែខំរៀន មិនអាចឱ្យម៉ែពុកបងប្អូននៅឯស្រុកអស់សង្ឃឹមទេ ហើយក៏មិនអាចចាំលើកដៃសុំលុយម៉ែពុក ដែលខំធ្វើស្រែចម្ការ ហត់នឿយលំបាកនៅស្រុកដែរ។ ហេតុនេះហើយគ្រាន់តែចប់ម៉ោងរៀនភ្លាម ខ្ញុំក៏ទាញកង់កញ្ចាស់ដែលមានតែមួយគ្មានពីរ នៅក្រោមដើមឈើសាលា ជិះចេញរកការងារធ្វើ នៅក្រោមខ្សែភ្នែកពេបជ្រាយរបស់និស្សិតនៅទីនេះ។

ការងារបង្រៀនមនុស្ស មនុស្សរៀនពីការងារ។ ខ្ញុំតាំងចិត្តហើយថា ការងារសុចរិត ណាក៏ខ្ញុំអាចធ្វើបានដែរ ឱ្យតែអាចមានលុយចំណាយការចាយវាយខ្លួនឯង និងមានបាយ ៣ ពេលទៅគ្រប់គ្រាន់ហើយ។ ខ្ញុំមិនហ៊ានគិតដល់រឿងផ្ញើលុយទៅអ្នកផ្ទះទេ ព្រោះខ្ញុំដឹងថា នៅទីក្រុងការចំណាយស្រួល តែការរកវាលំបាកសម្រាប់អ្នកក្រដូចខ្ញុំ។ តែបើមានឱកាស ខ្ញុំក៏ចង់សម្រួលដល់ជីវភាពពុកម៉ែដែរ។ 

ថៅកែនៅហាងគុយទាវមួយនេះ គេថាខ្ញុំខ្មៅ គគ្រិច ស្រែមិនសមលើកគុយទាវកាហ្វេឱ្យគេទេ គាត់ក៏ឱ្យខ្ញុំទៅលាងចានគុយទាវនៅខាងក្រោយផ្ទះ។ អ៊ីចឹងក៏ល្អដែរនឹងមិនបាច់ជួបមនុស្សទីក្រុងអស់ទាំងនោះ។

ជីវភាពនៅក្នុងទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើឱ្យខ្ញុំពិបាកដកដង្ហើម។ តែមិនអីទេ ខ្ញុំអាចទ្រាំបាន ការសិក្សាក៏ជិតបញ្ចប់ ហើយខ្ញុំក៏មានលទ្ធភាពរកការងារបង្រៀននៅក្រៅម៉ោងអាចចាយវាយខ្លួនឯងគ្រប់គ្រាន់ ដោយមិនបាច់ទ្រាំឱ្យថៅកែគុយទាវ ជេរ ជ្រះ ឆ្អេះ មើលងាយ មើលថោក ហើយអាចមានលុយផ្ញើទៅជួយពុកម៉ែខ្លះទៀត។ មិត្តរួមថ្នាក់ដែលធ្លាប់មើលងាយខ្ញុំ ក៏បែរមកចាប់អារម្មណ៍ហើយពឹងខ្ញុំឱ្យជួយបង្រៀន និងពន្យល់ពីមេរៀនព្រោះខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់។

ការសិក្សារបស់ខ្ញុំបានបញ្ចប់ដោយជោគជ័យ និងមានលទ្ធផលល្អ។ ខ្ញុំរៀបចំអីវ៉ាន់ ឯកសារ សញ្ញាបត្រ និងប័ណ្ណសរសើរដាក់ក្នុងកាតាបទាំងញញឹមពេញចិត្តចំពោះលទ្ធផលប៉ុន្មានឆ្នាំនៅទីក្រុងមួយនេះ។ អ្នកផ្សេងទៀតគេស្តីថាឱ្យខ្ញុំថាឆោត ល្ងង់ ដែលខំសិក្សាហើយបែរជាយកចំណេះវិជ្ជាទៅកប់ទុកនៅស្រុកស្រែ។ ពួកគេថាសមត្ថភាពរបស់ខ្ញុំអាចធ្វើមន្ត្រី ឬធ្វើការនៅក្រុមហ៊ុនធំបាន។ ប៉ុន្តែខ្ញុំគិតច្បាស់ហើយ ទីក្រុងគ្រាន់តែជាកន្លែងដែលមនុស្សពាក់ស្រោមមុខដាក់គ្នា វាមិនមែនជាទីកន្លែងដែលសាកសមសម្រាប់មនុស្សដូចខ្ញុំរស់នៅទេ។ ខ្ញុំនឹងប្រើប្រាស់ចំណេះវិជ្ជាទាំងអស់ដែលខ្ញំបានសិក្សា និងអ្វីដែលខ្ញុំបានជួបប្រទះ ទៅបង្រៀន និងណែនាំក្មេងៗនៅក្នុងស្រុកភូមិរបស់ខ្ញុំឱ្យបានយល់ដឹង។ ទីក្រុងមានមនុស្សដែលចេះដឹង មានសមត្ថភាពច្រើនហើយ តែសម្រាប់អ្នកនៅស្រុកស្រែជនបទ ពួកគេប្រាកដជាត្រូវការខ្ញុំ។ លាហើយទីក្រុងដ៏ស្រស់ឆើតឆាយ លាហើយភាពស្រស់ស្អាតដែលមានត្រឹមតែសម្បកក្រៅ៕  

សំគាល់៖ រឿងនេះជារឿងប្រតិដ្ឋទាំងស្រុង គ្មានតួអង្គណា ឬទីកន្លែងពិតណាមួយត្រូវបានលើកឡើងនៅក្នុងរឿងមួយនេះទេ។ 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]