ជីវិតរស់នៅម្នាក់ឯងឯការបស់ខ្ញុំ ធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សស្អប់ពិភពលោក ស្អប់ស្នាមញញឹមដែលមានសេចក្តីសុខរបស់មនុស្ស ស្អប់ភាពអ៊ូអរ ស្អប់ភាពរីករាយ ស្អប់បំផុតនូវកែវភ្នែកមនុស្សទាំងឡាយដែលតែងតែសំលឹងមើលមកខ្ញុំដូចជាមនុស្សភពផ្សេង។ ស្អប់សំលេងខ្សឹបខ្សៀវរបស់ពួកមនុស្សអស់នោះដែលតែងតែកេះគ្នា ពេលឃើញខ្ញុំដើរកាត់ឡើងទៅបន្ទប់អាផាតមិនរបស់ខ្ញុំម្តងៗ។

ខ្ញុំនៅក្នុងពិភពលោករបស់ខ្ញុំ ខ្ញុំមិនចង់ពាក់ព័ន្ធពួកមនុស្សខាងក្រៅ ដែលគួរឱ្យស្អប់ខ្ពើមទាំងនោះទេ។ ពេលធ្វើការខ្ញុំក៏ទៅ ពេលចប់ការងារក៏មកផ្ទះវិញ ហើយសោយសុខនឹងពែងកាហ្វេដ៏មានសេចក្តីសុខរបស់ខ្ញុំនៅក្នុងបន្ទប់មួយនេះ។

ប៉ុន្តែរាល់យប់នេះខ្ញុំគេងមិនដែលបានពេញភ្នែកនោះទេ រៀបនឹងគេងតែងតែឮសំលេងក្មេងយំ និងសំណើចក្អាកក្អាយរបស់គ្រួសារជាប់នេះ។ វាពិតជាគួរឱ្យស្អប់និងគ្មានសុជីវធម៌មែន ខ្ញុំសឹងតែចេញទៅគោះទ្វារជេរទាំងយប់ទៅហើយ តែចរិតដែលស្អប់ និងមិនចូលចិត្តពួកមនុស្សខាងក្រៅនេះហើយបានជាខ្ញុំចេះតែទ្រាំៗទៅ។ ចាំមើលស្អែកនឹងទៅប្រាប់អ្នកគ្រប់គ្រងអាផាតមិនចាត់ការពួកនេះចេញម្តង.

« ជួយប្រាប់ទៅបន្ទប់ជាប់នេះឱ្យមើលកូនឱ្យល្អផង យប់ៗយំរំខានគេឯង គ្មានបានដេកពួននោះទេ » ពួកបុគ្គលិកការិយាល័យធ្វើមុខចំលែកចិត្ត

« អត់ទោសអ្នកនាង ដូចជាមិនទាន់មានឃើញអ្នកណាមកប្រាប់ខាងខ្ញុំសោះ តើអ្នកនាងនៅបន្ទប់ណា ជាន់ណាដែរខ្ញុំនឹងទាក់ទងខាងសន្តិសុខឱ្យទៅពិនិត្យ » ពេលខ្ញុំប្រាប់លេខបន្ទប់ បុគ្គលិកទីនោះមុខដូចចំលែកចិត្ត ហើយនាំគ្នាខ្សឹបខ្សៀវ ខ្ញុំដឹងថាគ្មានរឿងខ្សឹបខ្សៀវគ្នាពីរឿងខ្ញុំទេ។

មកដល់បន្ទប់មិនទាន់ ឮសូរសម្លេងក្មេងយំ និងសម្លេងសើចទៀតហើយ

« ថ្លង់ណាស់ » ខ្ញុំស្រែកមួយទំហឹង រួចសំលេងក៏ស្ងប់ស្ងាត់ ទាល់តែអ៊ីចឹងខ្លះ។ កំពុងតែគេងលង់លក់ នៅពាក់កណ្តាលយប់ស្រាប់តែឮសំលេងក្មេងប្រុសនៅជិតត្រចៀកខ្ញុំ

« មកលេងជាមួយគ្នាទេ បងស្រី? » ខ្ញុំក្រោកទាំងមមីមមើ

« ចេញទៅ» ខ្ញុំបើកភ្នែកឡើង គ្រប់យ៉ាងត្រឹមតែជាភាពទទេស្អាត។

ខ្ញុំក្រោកឱបក្បាលជង្គង់យំទាំងឈឺចាប់។ ពិភពលោកពិតជាអយុត្តិធម៌ណាស់។ ហេតុអ្វីឱ្យខ្ញុំរស់នៅតែម្នាក់ឯង? ហេតុអ្វីក៏រឿងអាក្រក់ៗកើតឡើងលើគ្រួសាររបស់ខ្ញុំ?

ប៉ុន្មានឆ្នាំមុនក្នុងបន្ទប់មួយនេះមាន ម៉ាក់ ប៉ា ប្អូនប្រុសខ្ញុំ និងខ្ញុំ ពួកយើងជាគ្រួសារដ៏មានសុភមង្គលដែលគ្រប់គ្នាច្រណែន។ ស្រាប់តែថ្ងៃមួយខ្ញុំមកពីសាលាឃើញ ប៉ូលីស និងអ្នកជិតខាងនៅពេញក្នុងផ្ទះខ្ញុំ។ ឈាមបាចស្រោចគ្រប់ទីកន្លែង សាកសព ៣ នាក់បានត្រូវគេរុំក្រណាត់ស និងថង់បិទជិត។ ទឹកភ្នែកខ្ញុំស្រក់ ដៃជើងគ្មានកម្លាំងកំហែង។ ក្រោយមកខ្ញុំដឹងថាមានចោរប្លន់ពួនក្នុងផ្ទះរបស់ខ្ញុំ។ ម៉ាក់ស្រែកឆោឡោក៏ត្រូវបានចោរចាក់មួយកាំបិត ប៉ានិងប្អូនប្រុសតូចខ្ញុំចូលមកជួយ ប៉ុន្តែក៏ត្រូវបាត់បង់ជិវិតទាំង ៣ នាក់ព្រមគ្នា។ ពេលកើតហេតុអ្នកជិតខាងឮសម្លេងដែរ តែបែរជាគ្មានអ្នកណាហ៊ានចេញមកជួយសោះ។ ពេលស្ងាត់ឈឹងទើបម្នាក់ៗឆោឡោឡើងតែហួសពេលបាត់ទៅហើយ។ ទីបំផុតខ្ញុំក៏ត្រូវបាត់បង់សមាជិកគ្រួសារទាំងអស់ ត្រឹមតែរយៈពេលប៉ុន្មាននាទី។ សម្លេងក្មេងយំ សម្លេងម៉ាក់ប៉ានិងសំណើចគ្រួសារនៅតែតាមលងខ្ញុំមិនឈប់។ ខ្ញុំនឹកម៉ាក់ នឹកប៉ា នឹកប្អូនប្រុសណាស់។ មកវិញមក កុំទុកខ្ញុំចោលម្នាក់ឯងអី៕

គំនិត៖ រឿងខ្លះមិនបានកើតលើខ្លួនអ្នក គ្រួសារអ្នក នោះអ្នកនឹងមិនដឹង និងយល់អារម្មណ៍មួយនោះទេ គេថាទាល់តែមុតបន្លាដោយខ្លួនឯងទើបដឹងថាឈឺយ៉ាងណា។ ដូច្នេះក្នុងនាមជាមនុស្សជាតិរស់លើផែនដីតែមួយ មិនអាចអាត្មានិយមទេ ត្រូវរួមគ្នាសាងសន្តិភាព ជួយយកអាសារគ្នាទៅវិញទៅមក និងធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]