ជាកូនប្រសាស្រីមកពីគ្រួសារក្រីក្រ ខ្ញុំដឹងថាគ្រួសារខាងប្តីខ្ញុំតែងតែមានចិត្តប្រកាន់នឹងខ្ញុំ។ ប៉ុន្តែខ្ញុំមិនខ្វល់ទេ ឱ្យតែស្វាមីខ្ញុំស្រលាញ់ខ្ញុំ និងយកចិត្តទុកដាក់នឹងខ្ញុំគ្រប់គ្រាន់ទៅហើយ។

ប៉ុន្តែថ្ងៃមួយការពិតក៏ត្រូវបានលាតត្រដាង ។ ខ្ញុំបានឮដោយចៃដន្យការសន្ទនារបស់ប្តីខ្ញុំ ជាមួយឪពុកម្តាយរបស់គាត់។

« ចង់បញ្ជាខ្ញុំធ្វើអីទៀតហើយ? គិតថាខ្ញុំជាកូនក្មេង?»

« ឯងគិតថាប្រពន្ធឯងរាល់ថ្ងៃល្អគ្រប់គ្រាន់សម្រាប់ឯងហើយ? កុំស្មានតែយើងមិនដឹងថា ឯងយកស្រីបែបហ្នឹងដើម្បីបញ្ឈឺយើងណា »

« ស្រីបែបហ្នឹងវាយ៉ាងម៉េច? មែនហើយ ក្រែងម៉ាក់ប៉ាចង់បានកូនប្រសាស្រីដែលរមទម សុភាពរាបសារ ចេះការងារផ្ទះសំបែង? ឥឡូវនេះខ្ញុំរកបានហើយតើ នៅខុសទៀត? »

« បើឯងខឹងម៉ាក់ប៉ាដែលបំបែកបំបាក់ឯងនឹងសង្សារចាស់ឯង ក៏មិនបាច់យកស្រីដែលបញ្ចប់ការសិក្សាត្រឹមបរិញ្ញាបត្រ ហើយក្រីក្រមករស់នៅដោយសារគ្រួសារយើងដែរ ខ្វះអីកូនគេអ្នកមានល្អទាំងព្រម ទាំងរូបសម្បត្តិ ចំណេះវិជ្ជា និងអត្តចរិតក៏សមរម្យ ឯងមិនខ្មាសគេខ្លះទេ?»

ក្រោយស្តាប់ហើយខ្ញុំមានអារម្មណ៍ថាដូចស្លាប់ទាំងរស់។ តើក្តីស្រលាញ់ ភាពថ្នាក់ថ្នម សម្តីលួងលោមរបស់ប្តីខ្ញុំទាំងប៉ុន្មានសុទ្ធតែកុហកបោកប្រាស់មែនទេ? ខ្ញុំល្ងង់ណាស់ដែលគិតថាខ្លួនឯងជាមនុស្សស្រីដែលមានសំណាងជាងគេ មានប្តីដែលស្រលាញ់ ស្ម័គ្រស្មោះ ហើយសុំខ្ញុំរៀបការដោយមិនប្រកាន់ឋានៈគ្រួសារ។ តែអ្វីគ្រប់យ៉ាង គ្រាន់តែហ្គេមដែលគ្រួសារគេលេងដោយយកខ្ញុំជាដើមទុន។

ខ្ញុំយកដៃជូតទឹកភ្នែក ហើយញញឹមផ្តល់កម្លាំងចិត្តខ្លួនឯង។ បើសិនគេទុកខ្ញុំជាហ្គេម ខ្ញុំនឹងធ្វើជាហ្គេមឱ្យគេលេង ហើយផ្តល់ឱ្យយ៉ាងសាកសមបំផុត។ ខ្ញុំនឹងធ្វើឱ្យគេដឹងថា ការជ្រើសរើសខ្ញុំមិនធ្វើឱ្យពួកគេស្តាយក្រោយនោះទេ។ ក្រៅពីបំពេញកិច្ចការជាភរិយាល្អ និងកូនប្រសាល្អរបស់គ្រួសារ ខ្ញុំក៏ចាប់ផ្តើមរៀនជំនាញបន្ថែម។

ទីបំផុតខ្ញុំអាចប្រជ្រៀតចូលក្នុងក្រុមហ៊ុនរបស់គ្រួសារ។ សមត្ថភាពរបស់ខ្ញុំបានរកប្រាក់ចំណេញដល់ក្រុមហ៊ុនជាច្រើន។ ខ្ញុំមិនមែនជាដៃស្តាំ ឬដៃឆ្វេងរបស់គាត់ តែខ្ញុំបានក្លាយជាដៃទាំងពីររបស់គាត់។ ប្តីខ្ញុំរឹតតែថ្នាក់ថ្នមចិត្តខ្ញុំ ចំណែកឪពុកម្តាយក្មេកដែលមិនធ្លាប់ញញឹមញញែម រាក់ទាក់និយាយរកខ្ញុំ បានផ្លាស់ប្តូរទាំងស្រុង ។ ខ្ញុំត្រូវបានអញ្ជើញចូលរួមកម្មវិធីតូចធំរបស់ គ្រួសារ និងក្រុមហ៊ុនពេញដោយកិត្តិយស ដែលកាលពីមុនខ្ញុំគ្រាន់តែជាអ្នកស្រីម្នាក់នៅក្នុងផ្ទះបាយ។

ការដែលត្រូវទ្រាំធ្វើជាមនុស្សស្រីដែលល្អទាំងព្រមម្នាក់ពិតជាពិបាកណាស់ នៅសុខៗខ្ញុំក៏ចង់ត្រលប់ទៅរកជីវិតកាលពីនៅគ្រួសារក្រីក្រ ដែលមានសេចក្តីសុខ មិនមែនជាគ្រួសារដែលមានឋានៈលុយកាក់កិត្តិយស ដែលរកតែផលប្រយោជន៍ពីគ្នាទៅវិញទៅមកបែបនេះទេ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]