តាំងពីកើតមកខ្ញុំឃើញមុខតែម៉ែម្នាក់គត់។ ពេលដែលសួរពីពុកម្តងៗម៉ែតែងតែគ្រវីក្បាលមិនឆ្លើយ តែខ្ញុំដឹងថាម៉ែលួចយំតិចៗម្នាក់ឯងនៅក្រោយខ្នងខ្ញុំ។ ម៉ែខ្ញុំជាមនុស្សស្រីស្អាត ហើយពូកែ ម៉ែមិនចូលចិត្តនិយាយច្រើន ម៉ែមិនចូលចិត្តញញឹម ឬសើច តែម៉ែកាចណាស់។ ខ្ញុំនៅចាំមិនភ្លេចរំពាត់ផ្តៅមួយដែលវាត់លើខ្នងរបស់ខ្ញុំ ។ នៅពេលមួយនោះ ខ្ញុំនៅជាក្មេងមិនដឹងអី អាយុប្រហែល ៥ ឬ ៦ ឆ្នាំ ដោយសារតែគ្រួសារយើងក្រពេក ហើយគ្មានខ្មៅដៃល្អសរសេរនឹងគេ ខ្ញុំបានលួចខ្មៅដៃពីមិត្តរួមថ្នាក់ម្នាក់។ ពេលម៉ែដឹង ម៉ែខឹងខ្លាំងណាស់ ម៉ែបានវាយខ្ញុំនឹងរំពាត់នោះ។

« យើងបង្រៀនឯងឱ្យក្លាយជាមនុស្សល្អ ក្មេងល្អ ម៉េចក៏ឯងមិនចេះស្តាប់? ចេះមានដៃមានជើងតាំងពីតូចហើយ? បើយើងមិនប្រដៅឯង ឯងនឹងធ្លាប់ដល់ធំ » ខ្ញុំមានស្នាមជាំពេញខ្លួនហើយដេកយំ តូចចិត្តម្នាក់ឯង។ ម៉ែមិនដែលស្រលាញ់ខ្ញុំទេ ម៉ែមិនដែលលួងខ្ញុំពេលខ្ញុំយំ ម៉ែមិនដែលឱបខ្ញុំ និងថ្នាក់ថ្នមខ្ញុំម្តងណាទេ។ ខ្ញុំប្រហែលគ្រាន់តែជាបន្ទុកមួយក្នុងភ្នែកម៉ែ បើគ្មានខ្ញុំទេ មនុស្សស្រីស្អាតនិងឆ្លាតដូចម៉ែប្រហែលជាមិនខ្វះមនុស្សប្រុសតាមស្រលាញ់ទេ ម៉ែអាចនឹងមានសេចក្តីសុខជាងពេលនេះ។

តាំងពីតូចរហូតដល់ធំ ម៉ែរវល់ណាស់ព្រឹកៗឡើងចេញទៅលក់អីវ៉ាន់ឯផ្សារបាត់ ឯខ្ញុំទៅសាលារៀន និងធ្វើអ្វីដោយខ្លួនឯងទាំងអស់។ ពេលយប់ទើបម៉ែកូនយើងបានជុំគ្នា តែម៉ែនៅតែបន្តធ្វើការរបស់ម៉ែ ដោយមិនរវល់នឹងខ្ញុំដែលកំពុងមើលមេរៀនក្បែរចង្កៀងជិតនោះ។ ដោយមិនចង់ឱ្យម៉ែលំបាកទៀត ខ្ញុំប្រឹងរៀនសូត្រណាស់គ្រាន់តែសង្ឃឹមថាម៉ែនឹងស្រណុកជាងនេះពេលខ្ញុំធំឡើង។ ខ្ញុំបានក្លាយជាសិស្សពូកែ និងឆ្នើមជាងគេក្នុងសាលាតែម៉ែក៏មិនដែលសរសើរខ្ញុំសូម្បីតែមួយម៉ាត់។

ពេលដែលធំឡើងខ្ញុំរៀនចប់វិទ្យាល័យ សាលាបានបញ្ចូនខ្ញុំឱ្យរៀននៅទីក្រុង ។ ពេលខ្ញុំប្រាប់ម៉ែ ម៉ែបានត្រឹមតែងក់ក្បាលតិចៗតែមិននិយាយអ្វី។ មែនហើយម៉ែពីដើមជាមនុស្សបែបនេះហើយ ច្រើនឆ្នាំមកនេះ ខ្ញុំគួរតែទំលាប់។ តែខ្ញុំបែរជាលួចពួនយំតិចៗតូចចិត្តម្នាក់ឯង នេះខ្ញុំត្រូវទៅឆ្ងាយហើយ ម៉ែនៅមិនខ្វល់នឹងខ្ញុំទៀត។

ថ្ងៃចេញដំណើរ ម៉ែមិនបានជូនដំណើរខ្ញុំទេ ម៉ែគ្រាន់តែប្រគល់បង្វេចមួយហើយប្រាប់ថាជាអាហារទុកញ៉ាំតាមផ្លូវ រួចម៉ែក៏ប្រញាប់ទៅលក់អីវ៉ាន់បន្ត។ ខ្ញុំឡើងឡានទាំងអស់កម្លាំងចិត្ត ហើយអង្គុយយកដៃជូតទឹកភ្នែកដែលហូររឹមៗ។ ទោះម៉ែមិនស្រលាញ់ខ្ញុំ សោះកក្រោះដាក់ខ្ញុំ ការពិតខ្ញុំស្រលាញ់ម៉ែណាស់ ខ្ញុំមិនចង់បែកពីម៉ែទេ បើសិនជាម៉ែឃាត់ខ្ញុំតែមួយម៉ាត់ខ្ញុំនឹងមិនទៅរៀនទីក្រុងឡើយ។ ខ្ញុំក៏បើកបង្វេចមើលស្រាប់តែឃើញលុយមួយបាច់ធំ រុំជាមួយក្រដាស់មួយសន្លឹក ខ្ញុំទាញមើលទាំងរលីងរលោងទឹកភ្នែក

« លុយនេះម៉ែសន្សំច្រើនឆ្នាំហើយទុកឱ្យឯងប្រើការចាំបាច់ ពេលនេះល្មមដល់ពេលប្រើហើយ តស៊ូឡើងណាកូនប្រុស » ខ្ញុំឱបបង្វេចជាប់ទាំងរំភើប ហើយងាកក្រោយ ស្រាប់តែឃើញមនុស្ស្រស្រីម្នាក់ ភ្នែកឡើងរូង ថ្ងាសមានស្នាមជ្រួញទាំងផ្នត់ៗ មុខបង្ហាញពីការបារម្ភនិងនឿយហត់ ឈរអើតឡឺមនៅក្រោយឡាន។ ខ្ញុំក៏ស្ទុះចុះពីលើឡាន ហើយរត់ទៅឱបម៉ែទាំងទឹកភ្នែក។ ម៉ែកូនយើងបានយល់ចិត្តគ្នាជាលើកដំបូងទោះជាមិនបាននិយាយគ្នាក៏ដោយ។

ខ្ញុំដឹងថា ដោយសារតែឆ្លងកាត់រឿងមកជាច្រើន ម៉ែបានប្រែក្លាយជាមនុស្សស្ងៀមស្ងាត់ ហើយគិតតែខំរកស៊ី ចិញ្ចឹមកូនដោយមិនគិតនឿយហត់។ តែចិត្តជាម្តាយ អារម្មណ៍ជាម៉ែ ក្តីស្រលាញ់ និងការបារម្ភក្នុងខ្លួននៅតែមាន ទោះមិនបានរ៉ាយរ៉ាប់ជាពាក្យសម្តីក៏ដោយ។

«ខ្ញុំស្រលាញ់ម៉ែណាស់ » អរគុណក្តីបាម្ភនិងក្តីស្រលាញ់ដែលលាក់បង្កប់ក្នុងខ្លួនរបស់ម៉ែ អរគុណភាពសោះកក្រោះរបស់ម៉ែដែលធ្វើឱ្យកូនចេះតស៊ូ អរគុណដែលម៉ែធ្វើឱ្យកូនក្លាយជាមនុស្សរឹងប៉ឹងម្នាក់ដូចពេលនេះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]