អាហ្សង់ទីន៖  យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ប៉ូលិសបានរកឃើញ វត្ថុមានតម្លៃជាច្រើន នៅក្នុងសម័យក្រោមការគ្រប់គ្រងរបស់ Nazi ដែលត្រូវបានគេលាក់នៅខាងក្រោយទូសៀវភៅ  និងទ្វារសម្ងាត់មួយ នៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

ប្រភពព័ត៌មានបានឲ្យដឹងថា វត្ថុដ៏មានតម្លៃទាំងនោះមានចំនូនសរុប ៧៥ នៅទីកន្លែងខាងលើ ដែលជាសារមន្ទីរផ្ទាល់ខ្លួនមួយ ហើយវត្ថុទាំងនោះមានដូចជា កាំភ្លើងខ្លី មានស្លាកសញ្ញា Nazi , កូនកាំបិតស្នៀត , មេដាយសង្គ្រាម , ពានរង្វាន់ , រូបមេដឹកនាំណាស៊ី Adolf Hitler , បន្ទាត់ , ត្រីវិស័យ , ឧបករណ៍សម្រាប់វាស់ទំហំខួរក្បាលមនុស្ស និង វត្ថុជាច្រើនទៀត។

មិនតែប៉ុណ្ណោះក៏មានសាកសពសត្វមិនរលួយ និង សិល្បៈបុរាណចិនមួយចំនួន ក៏ត្រូវបានគេរកឃើញផងដែរ ដោយគេជឿជាក់ថា វាទំនងជាទុកសម្រាប់លក់នៅលើទីផ្សារងងឹត។

តាមរយៈការស៊ើបអង្កេតលើការជួញដូរវត្ថុសិល្បៈ បាននាំឱ្យប៉ូលិស រកឃើញនូវវត្ថុមានតម្លៃរបស់ Nazi លាក់ទុកយ៉ាងច្រើនបែបនេះ ហើយរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសអាហ្សង់ទីន លោក Patricia Bullrich បានហៅការរកឃើញនេះថា ជាការយល់ដឹងដ៏ធំមួយពីបុរាណវិទ្យា និងផ្នែកមួយចំនួននៃប្រវត្តិសាស្រ្តទាក់ទងនឹង Nazi ។

តែទោះជាយ៉ាងណា ក្រុមអាជ្ញាធរមិនបានបង្ហាញព័ត៌មានលម្អិត អំពីទីកន្លែងដែលធ្វើការរឹបអូស ឬអត្តសញ្ញាណរបស់ម្ចាស់វត្ថុបុរាណទាំងនោះទេ ហើយពួកគេក៏មិនបានបង្ហាញពីវិធីដែលធ្វើឲ្យពួកគេដឹងពីកន្លែងលាក់វត្ថុបុរាណទាំងនោះដែរ។ ប៉ុន្តែពួកគេបានថ្លែងថា ពួកគេបានឆ្មក់ចូលទីតាំងចំនួន ៣ កន្លែង។

គួរបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់ ពួកណាស៊ី ជាច្រើនបានរួចខ្លួនពីការកាត់ទោសនៅឯប្រទេសអាហ្សង់ទីន ដោយប្រធានាធិបតី លោក Juan Perón បានផ្ដល់ឲ្យពួកគេនូវឱកាស ដើម្បីចាប់ផ្ដើមកសាងជីវិតថ្មី។ បច្ចុប្បន្ន កូនចៅអាល្លឺម៉ង់ ជាង ៣,៥ លាននាក់ កំពុងរស់នៅក្នុងប្រទេសអាមេរិកខាងត្បូង៕ 

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]