ភ្នំពេញ៖ តើអ្នកជឿថានៅលើលោកយើងនេះ ពិតជាមានមនុស្សចាំជាតិដែរទេ? ខ្មែរយើងតែងមានជំនឿមួយថា មនុស្សមួយចំនួនដែលបានស្លាប់ទៅហើយនោះ តែងតែនៅមានវិញ្ញាណវិលវល់ មិនចង់ទៅរកចាប់ជាតិក្នុងភពថ្មី ព្រោះតែនៅនឹកអាឡោះអាឡៃ ជាមួយនឹងក្រុមគ្រួសារ ប្រពន្ធកូន ឬទ្រព្យសម្បត្តិជាដើម។ រហូតដល់ថ្នាក់ មានអ្នកស្លាប់មួយចំនួន ថែមទាំងបានមកពន្យល់សប្តិ សុំចាប់ជាតិជាមួយកូនចៅ ឬជាមួយនឹងអ្នកដទៃ និងមានមួយចំនួនទៀត អាចនៅចងចាំជាតិ និយាយរៀបរាប់ប្រាប់គ្រប់រឿងរ៉ាវ គួរឲ្យព្រឺសម្បុរផងដែរ។
យ៉ាងណាមិញ ដើម្បីជាការចង់ដឹង ទាក់ទងទៅនឹងរឿងរ៉ាវទាំងអស់នេះ ក្រុមការងារគេហទំព័រ Khmerload យើងបានធ្វើការចុះសាកសួរ ជាមួយនឹងបងប្អូនខ្មែរយើងមួយចំនួនតូច ដែលពួកគាត់ធ្លាប់ដឹងរឿងរ៉ាវអស់ទាំងនេះ និងជាពិសេសជួបផ្ទាល់ជាមួយនឹងអ្នក ដែលចងចាំជាតិខ្លួនឯងតែម្តង ដើម្បីចែកជូនប្រិយមិត្ត មិត្តអ្នកអាន សម្រាប់ជាទស្សនយល់ដឹងមួយ ក្នុងសង្គមនិងជំនឿបុរាណខ្មែរ ថាតើវាពិតជាកើតមានមែន ឬយ៉ាងណាទៅវិញ។

ជួបជាមួយអ្នកមីង ទេព សុភាព សព្វថ្ងៃជាស្រ្តីមេផ្ទះម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ បានរៀបរាប់ប្រាប់មកខាងក្រុមការងារ Khmerload ឱ្យដឹងថា អ្នកមីងពិតជាជឿលើលើការចងចាំជាតិរបស់មនុស្សពិតមែន ព្រោះអ្នកមីងតែងតែធ្លាប់ឮគេនិយាយតៗគ្នា ហើយក៏ធ្លាប់បានឃើញជាក់ស្តែងនឹងភ្នែកយ៉ាងពិតប្រាកដផងដែរ។
អ្នកមីងបានរៀបរាប់យ៉ាងលម្អិតដល់ក្រុមការងារយើងថា ៖ «មែនហើយក្មួយអារឿងចាំជាតិហ្នឹង មីងធ្លាប់ឮគេនិយាយ ច្រើនអ្នកដែរហើយ មីងជឿខ្លះមិនជឿខ្លះ តែដល់មានរឿងចំអ្នកជិតខាងមីង មីងជឿជាក់ខ្លាំងតែម្តង និយាយទៅព្រឺសម្បុរភ្លែត។ តាម្នាក់ដែលជាអ្នកជិតខាងមីងតាំងពីមីងនៅតូចៗ គាត់ទើបតែខូច (ស្លាប់) ក្នុងកំឡុងឆ្នាំប្រហែល ២០១១ ២០១២ នេះដែរទេ។ មីងលឺចៅៗគាត់តែងតែនិយាយថា តែងតែយល់សប្តិឃើញតារបស់គេ ថាចង់មកនៅជាមួយ។ មីងក៏មិនបានជាចាប់អារម្មណ៍អីដែរទេ ដល់តែចៅរបស់តានោះ រៀបការហើយជិតបានមួយឆ្នាំក៏មានទំងន់ ហើយតែងតែយល់សប្តិ ឃើញតាដែលបានស្លាប់នោះ មកពន្យល់សប្តិម្តងទៀត។ ដល់តែកូនកើតមក ឃើញមានស្នាមដៅពីកំណើត ដូចកាលតានោះគាត់ខូចដែរ។ ដល់ចឹងទៅមីងរឹតតែជឿ តែក៏មិនទាន់ច្បាស់ដែរ» ។
អ្នកមីង សុភាព បន្តថា «លុះដល់កូននោះធំ ប្រហែល ២ ទៅ ៣ឆ្នាំចេះនិយាយ ស្រាប់តែចង្អុលហៅម៉ែខ្លួនឯងចំៗឈ្មោះ ដែលតាគាត់នៅរស់ ឧស្សាហ៍ហៅ ហើយតែងនិយាយរៀបរាប់ដូចកាលនៅរស់តែម្តង។ មួយផ្ទះស្រឡាំងកាំង គ្រប់គ្នាហើយជឿជាក់ថាតានោះ ពិតជាមកចាប់ជាតិមកនៅជាមួយចៅខ្លួនឯងមែន។ ជាពិសេសថ្ងៃមួយនោះ ពេលដែលជួបមីង ស្រាប់តែហៅឈ្មោះមីងឱ្យច្បាស់ ដូចសម្តីតាកាលនៅរស់ចឹង។ ដល់ចឹងទៅមីងជឿជាក់ស្លុបតែម្តង។ កូននោះពេលខ្លះដូចក្មេងធម្មតា តែក៏មានពេលខ្លះស្រាប់តែនិយាយចេញមក និងធ្វើប្ញកពាដូចកាលតានៅរស់ចឹង។
និយាយចេញមកអស់ហើយ ហើយរៀបរាប់តាំងសម័យគាត់ ធ្វើការជំនាន់អាពតរៀបរាប់រឿងជាមួយយាយ និងរៀបរាប់តាំងពីរឿងមានកូនប៉ុន្មាននាក់អីប៉ុន្មាននាក់ មុនស្លាប់ចែកទ្រព្យកូនៗប៉ុន្មាន ត្រូវទាំងអស់គ្មានបាត់មួយពាក្យទេ។ ម្យ៉ាងវិញទៀត កូននោះចូលចិត្តតាមយាយខ្លាំងណាស់ ហើយនិយាយដូច មនុស្សចាស់ចឹង ហៅយាយ «មីនេះមីនោះ ប្រពន្ធអញ» ដូចតាកាលនៅរស់អ៊ីចឹង។ តែដល់ក្មេងនោះកាន់តែធំ យូរៗទៅចាស់ៗប្រាប់ថាឲ្យក្មេងចាំជាតិអ៊ីចឹងមិនសូវល្អទេ ហើយចាស់ៗក៏ឲ្យញ៉ាំពងក្ងាន ដើម្បីបំភ្លេចរឿងរ៉ាវជាតិមុន។ ក្រោយមក មកទល់ឥលូវនេះ ក្មេងនោះពិតជាលែងចាំពិតមែន ហើយប្រើជីវិតដូចក្មេងដទៃរហូតសព្វថ្ងៃ។ បើគិតទៅកូននោះ ឥលូវអាយុជា៥ ៦ឆ្នាំអីហើយ» ។

ចំណែកកញ្ញា ស្រីណេ បច្ចុប្បន្នជាបុគ្គលិកបម្រើការ នៅក្រុមហ៊ុនឯកជនមួយ ក្នុងរាជធានីភ្នំពេញ បានរៀបរាប់ប្រាប់មកកាន់ក្រុមការងារ Khmerload យើងឲ្យដឹងដែរថា កញ្ញាក៏ជឿលើរឿងចាំជាតិនេះដែរ ព្រោះរឿងនេះបានកើតលើបងស្រីជីដូនមួយរបស់កញ្ញាផ្ទាល់តែម្តង។
កញ្ញា ស្រីណេ បានរៀបរាប់ថា «ចា៎ បង! ខ្ញុំជឿលើរឿងចាំជាតិហ្នឹងពិតមែន ព្រោះធ្លាប់លឺម៉ាក់អ៊ំនិយាយប្រាប់ថា បងស្រីជីដូនមួយរបស់ខ្ញុំហ្នឹងហើយ ដែលជាក្មេងចាំជាតិនោះ។ រឿងហ្នឹងវាអ៊ីចេះ កាលបងស្រីជីដូនមួយខ្ញុំកើតមកភ្លាមម៉ាក់អ៊ំប្រាប់ថា ក្បាលរបស់គាត់រាងសំប៉ែតពីក្រោយ ហើយកន្លាក់កដៃទាំង២ សុទ្ធតែស្នាមឡើងក្រហមដូចមានអ្វីចងរឹតយ៉ាងអ៊ីចឹង តែក៏គ្មានអ្នកណាចាប់អារម្មណ៍ ព្រោះស្មានតែជារឿងក្មេងកើតមកធម្មតាៗ ដូចក្មេងគេឯទៀតដែរ។ តែពេលដែលបងស្រីខ្ញុំ អាយុបានប្រហែលជា៥ឆ្នាំ គាត់ស្រាប់តែនិយាយរៀបរាប់ប្រាប់ដំណើរដើមទង ពីរឿងរ៉ាវកាលពីជាតិមុនឲ្យម៉ាក់គាត់ស្តាប់» ។
ស្រីណេ បន្តថា «បងស្រីខ្ញុំថា កាលពីជាតិមុនគាត់ធ្លាប់ធ្វើគ្រូបង្រៀនមុនសម័យប៉ុលពត ក្រោយមកពេលសម័យប៉ុលពតចូលមកដល់ ពួកអង្គការក៏បានយកគាត់ទៅសម្លាប់ចោល ដោយចងដៃចងជើងហើយយកដងចប វាយសំពងក្បាលរបស់គាត់ពីក្រោយ។ និយាយទៅគាត់រៀបរាប់ប្រាប់ ដូចមនុស្សធំអ៊ីចឹងឲ្យម៉ាក់គាត់ស្តាប់ជាហូរហែ ទើបបានជាម៉ាក់គាត់ ថាគាត់ជាមនុស្សចាំជាតិ។ តែក្រោយមក លឺសូរថាម៉ាក់យាយ បានឲ្យគាត់ញ៉ាំពងទាដើម្បីភ្លេចជាតិ បានជាឥលូវគាត់លែងចាំរឿងពីមុនអស់ ហើយបច្ចុប្បន្នសូម្បីតែក្បាលខាងក្រោយរបស់គាត់ ក៏នៅមានស្នាមសំប៉ែតដែរ» ។

ដោយឡែក ងាកមកចាប់អារម្មណ៍ជាមួយនឹង កញ្ញា ហត្ថា វ័យ២៥ឆ្នាំវិញ ក៏បានឲ្យដឹងដែរថា កញ្ញាផ្ទាល់គឺជាមនុស្សចាំជាតិ។ ហត្ថា និយាយថា ក្មេងដែលចាំជាតិភាគច្រើន អាចនឹងនិយាយប្រាប់គេឯង នៅពេលដែលគេចេះចាប់ផ្តើមនិយាយ នៅអាយុប្រហែល២ទៅ៣ឆ្នាំ ប៉ុន្តែសម្រាប់កញ្ញាវិញនៅតែអាចចាំជាតិរហូតដល់អាយុ១០ឆ្នាំឯណោះ ដោយសារចាស់ៗមិនសូវខ្វល់ខ្វាយ ព្រោះស្មានតែថាកញ្ញានិយាយលេង ទើបធ្វើឲ្យការចងចាំមួយនេះនៅតែដក់ជាប់ក្នុងចិត្ត។ ប៉ុន្តែក្រោយមកចាស់ៗ បានឲ្យញ៉ាំពងទាដើម្បីបំភ្លេចជាតិ ហើយប្រាប់ថាកុំឲ្យចាំទៀតអី ព្រោះអ្នកចាំជាតិអាចនឹងក្លាយជាមនុស្សអភ័ព្វ។ ទើបកញ្ញាចេះតែព្យាយាមបំភ្លេចចោលធ្វើហីៗ រហូតមកទល់ពេលនេះ ដោយយល់ឃើញថា វាគ្រាន់តែជារឿងអតីតកាលតែប៉ុណ្ណោះ។
ហត្ថា បានរៀបរាប់ប្រាប់ថា «កាលពីជាតិមុន ខ្ញុំគឺជាមនុស្សប្រុស មានគ្រួសារមានប្រពន្ធកូន២នាក់ និងមានតួនាទីជាទាហានម្នាក់ផងដែរ។ ថ្ងៃមួយមិត្តភក្តិខ្ញុំដែលធ្វើទាហានជាមួយគ្នា ត្រូវបានគ្រាប់កាំភ្លើងបាញ់ចំភ្លៅ ប៉ុន្តែមិនដឹងថារងគ្រោះដោយសារសង្គ្រាម ឬយ៉ាងណានោះទេ ព្រោះខ្ញុំចាំរាងស្រពេចស្រពិលដែរ។ ក្រោយមក ខ្ញុំក៏បានយកគាត់ទៅពេទ្យដើម្បីព្យាបាល។ ពេលចេញពីពេទ្យវិញ ខ្ញុំហើយនឹងមិត្តភក្តិបាននាំគ្នាឡើងជិះរ៉ឺមក (ជំនាន់នោះមានរ៉ឺមកជិះ) មិត្តខ្ញុំអង្គុយពីមុខខ្ញុំអង្គុយបញ្ឆិតខាងក្រោយ ហើយដៃមួយចំហៀងជួយកាន់សេរ៉ូមមិត្តខ្ញុំ ឯដៃមួយចំហៀងទៀតកាន់កន្ទុយបារីជក់។ សំណាងមិនល្អ នៅពេលដែលរ៉ឺមកជិះបត់ត្រង់ផ្លូវកែង ក៏ស្រាប់តែធ្លាក់ខ្ញុំ បណ្តាលឲ្យបែកក្បាលខាងក្រោយស្លាប់តែម្តង» ។

ហត្ថា បន្តថា «កាលពីជាតិមុនខ្ញុំត្រូវជាពូសាច់ឆ្ងាយរបស់ប៉ាសព្វថ្ងៃ ព្រោះខ្ញុំហើយនិងប៉ារបស់ប៉ាខ្ញុំ (ជាតិមុន) គឺជាបងប្អូនជីទួតមួយនឹងគ្នា.... តែដល់ជាតិនេះ ខ្ញុំចាប់ជាតិជាមួយក្មួយសាច់ឆ្ងាយរបស់ខ្លួនឯង។ ដល់ចឹងទៅបងប្អូនជីទួតមួយរបស់ខ្ញុំ កាលពីជាតិមុនត្រូវជាតារបស់ខ្ញុំក្នុងជាតិថ្មីនេះ ឯក្មួយរបស់ខ្ញុំកាលពីជាតិមុន ត្រូវជាប៉ារបស់ខ្ញុំវិញនៅជាតិនេះ។ ហើយសូម្បីតែរបួសបែកក្បាលត្រង់ផ្នែកខាងក្រោយ កាលពីជាតិមុន ក៏នៅបន្តមានស្នាមមកដល់ជាតិនេះផងដែរ។ ពេលខ្លះប៉ះវាទៅក៏មានអារម្មណ៍ថា ឈឺៗទៀតផង។
កាលនៅតូច ខ្ញុំឧស្សាហ៍និយាយរឿងចាំជាតិរបស់ខ្ញុំឲ្យគេស្តាប់ដែរ ប្រពន្ធខ្ញុំឈ្មោះអី កូនឈ្មោះអី ស្លាប់ដោយសារអី... ប៉ុន្តែចាស់ៗមិនសូវចាប់អារម្មណ៍ ព្រោះថាខ្ញុំក្មេងចេះតែនិយាយតែផ្តេសតែផ្តាស ណាមួយប៉ាខ្ញុំនៅជាតិនេះ (ដែលពីមុនត្រូវជាក្មួយសាច់ឆ្ងាយ) គាត់ក៏មិនសូវដឹងរឿងប៉ុន្មានដែរ ដោយសារតែបងប្អូនសាច់ឆ្ងាយ។ ក្រោយមក មានពេលមួយអតីតប្រពន្ធរបស់ខ្ញុំកាលពីជាតិមុន បើនិយាយទៅឥលូវគាត់អាយុប្រហែលជា៥០ជាង ចូល៦០ឆ្នាំអីហើយ គាត់បានមកលេងបងប្អូនគាត់នៅស្រុកខ្ញុំ (ស្រុកបច្ចុប្បន្ននៅពោធិ៍សាត់ ជាតិមុននៅស្រុកមូង ខេត្តបាត់ដំបង) ពេលគាត់មកលេងខ្ញុំមានអារម្មណ៍ថារំភើបណាស់ ចង់យំផងអីផង ដេក អង្គុយមើលតែមុខគាត់។ ហើយកូនៗខ្ញុំកាលពីជាតិមុននោះ ឥលូវក៏គេមានកូនមានចៅអស់ហើយដែរ ហើយពីមុនគេក៏ឧស្សាហ៍មកលេងខ្ញុំដែរ តែដល់យូរទៅៗដូចធម្មតា ដូចតែគេដូចតែឯង ព្រោះថាវាគ្រាន់តែជារឿងអតីតមួយតែប៉ុណ្ណោះ» ៕
តើសម្រាប់ប្រិយមិត្តវិញ ជឿនិងធ្លាប់ជួបប្រទះលើខ្លួនឯង ឬដឹងនូវរឿងរ៉ាវបែបនេះពីមុនមកដែរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]