(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅគុណភាព ម្ហូបអាហារសម្រាបបងប្អូនប្រជាពលរដ្ឋបរិភោគ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញនៅផ្សារដើមគរ ខណ្ឌទួលគោក និងតាមបណ្តាផ្សារទំនើប និងហាងស្តាម៉ាតនានាក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលកាលបរិច្ឆេទ នៅលើសំបកវេចខ្ចប់របស់ទំនិញគោលបំណងរកសារធាតុគីមីក្នុងទំនិញ។
លោក គង់ វុទ្ធីបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញមុនបុណ្យភ្ជុំបិណ្ឌ ឈានមកដល់ខាងមុខ ធ្វើឡើងតាមការណែនាំពីលោកប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ។
លោកបន្តថា ការចុះពិនិត្យទំនិញនៅផ្សារដើមគរនេះ ក្រុមការងាររបស់លោកបានយកទំនិញចំនួន៨២មុខ ពីក្រុមអាជីវករផ្សារ ទៅពិនិត្យក្នុងឡានឡាប៉ូពិសោធន៍ ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង។ ជាក់ស្តែង បានពិនិត្យរកឃើញមានសារធាតុគីមីនៅក្នុងទំនិញចំនួន៥មុខរួមមាន៖ ផ្កាគូឆាយ១០,២kg. ស្លឹកគូឆាយ ២,៣kg ផ្អក់ត្រី ១០kg មឹកបំពង១៨kg ខ្ទឹមក្រហម នាំចូលពីប្រទេសចិន ៦,៥ kg. សរុបទាំងអស់ចំនួន៤៧គីឡូក្រាម ត្រូវបានក្រុមការងាររបស់លោកដកហូតយកទៅដុតបំផ្លាញចោល នឹងបានហៅម្ចាស់ទំនិញទាំង៥មុខនោះ មកធ្វើកិច្ចសន្យាបញ្ឈប់ការលក់ទំនិញដែលមានលាយសារធាតុគីមីតទៅទៀត។
ជាមួយគ្នានោះដែរលោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបានអំពាវនាវដល់អាជីវករអ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ហាមហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា បន្ទាប់ពីពិនិត្យទំនិញនៅផ្សារដើមគររួចមកនោះ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបន្តទៅពិនិត្យគ្រឿងបរិភោគជាច្រើនមុខទៀត ដែលវេចខ្ចប់រួចនៅក្នុងហាងស្តាម៉ាត ពេទ្យចិន ក្នុងខណ្ឌចំការមន ក៏បានដកហូតនៅទំនិញមួយចំនួនដែលហួសកាលបរិច្ឆេទ។
ចំពោះប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ ផងដែរ៕







ប្រភព៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]