កំពត៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើនប្រភេទនៅប្រទេសកម្ពុជា ដូចជា ស៊ីម៉ង់ត៍ អេសស៊ីជី ស្មាតបត អេសស៊ីជី ស្មាតវូត អេសស៊ីជី បេតុងលាយស្រេច អេសស៊ីជី ទុយោ អេសស៊ីជី និងស៊ីម៉ង់ ខេ ស៊ីមេន បានបង្ហាញពីការបន្តប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកដល់សហគមន៍ ជាពិសេសសម្រាប់យុវជនកម្ពុជា ដែលនឹងក្លាយជាអនាគតនៃការអភិវឌ្ឍប្រទេស តាមរយៈការរៀបចំ ព្រឹត្តិការណ៍ “Kick & Share by SCG” ដែលជាកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ សម្រាប់កុមាររាប់រយនាក់ នៅក្នុងខេត្តកំពត។
បើយោងតាមលោក ប្រារ៉ាម៉េត ភីមផាប៊ូត (Praramate Pimpaboote) ប្រធានរោងចក្រកំពតស៊ីមេន ខូ អិលធីឌី បានឲ្យដឹងថា ការអភិវឌ្ឍធនធានមនុស្សតាមរយៈកីឡា គឺជាផ្នែកមួយសំខាន់របស់ក្រុមហ៊ុនអេសស៊ីជី ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។
លោក បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់ ‘Kick & Share by SCG’ យើងសង្ឃឹមថាកុមារនៅកម្ពុជានឹងប្រើប្រាស់ពេលទំនេររបស់ពួកគេទៅលើសកម្មភាពដែលមានប្រយោជន៍ ដូចជាការលេងកីឡាជាដើម ក្នុងគោលបំណងអភិវឌ្ឍន៍ជំនាញទំនាក់ទំនងសង្គម និងជំនាញកីឡារបស់ខ្លួនជាមួយមិត្តភក្តិ ហើយកុមារមួយចំនួននោះ អាចនឹងក្លាយជាតារាបាល់ទាត់របស់កម្ពុជាទៅថ្ងៃអនាគត។ ជាផ្នែកមួយនៃដំណើរការអាជីវកម្មរបស់យើង កម្មវិធីនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទំនួលខុសត្រូវសង្គម ជាច្រើនទៀត (CSR) របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ ដែលក្រុមហ៊ុនយើងមានវត្តមានដែរ” ។
តាមរយៈគំនិតផ្តួចផ្តើមនេះ និងតាមរយៈភាពជាដៃគូជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រុមហ៊ុន អេស ស៊ី ជី បានផ្តល់វគ្គហ្វឹកហាត់បាល់ទាត់ ដោយមានការចូលរួមពីគ្រូបង្វឹកកំពូលៗមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រាប់កុមារជាង ១៦០នាក់ នៅស្រុកបន្ទាយមាស ក្នុងខេត្តកំពត។ ថ្នាក់គ្រប់គ្រង និងបុគ្គលិក របស់ក្រុមហ៊ុន អេសស៊ីជី ក៏បានចូលរួម ដើម្បីសម្រួលការហ្វឹកហាត់ និងបានចែកសម្ភារៈកីឡាដល់កុមារ សម្រាប់ការហ្វឹកហាត់ទៅថ្ងៃក្រោយទៀត ។
លោកគ្រូ ប៉ែន ចាន់ថុន នាយកវិទ្យាល័យទូកមាស ដែលបាននាំសិស្សានុសិស្សមកចូលរួមក្នុងកម្មវិធីហ្វឹកហាត់ជំនាញបាល់ទាត់ ដោយក្រុមហ៊ុន SCG បានថ្លែងថា ការជួយជ្រោមជ្រែងបែបនេះនឹងជួយអភិវឌ្ឍន៍វិស័យកីឡានៅក្នុងប្រទេសកម្ពុជាទៅថ្ងៃអនាគត។
លោក ប៉ែន ចាន់ថុន បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា តាមរយៈការចូលរួមជ្រោមជ្រែងរបស់ក្រុមហ៊ុន និងសប្បុរសជន ហើយជាពិសេសការយកចិត្តទុកដាក់របស់ក្រសួង អប់រំ យុវជន និងកីឡា ទៅថ្ងៃអនាគត យើងនឹងមានកីឡាករល្អៗសម្រាប់ប្រទេសកម្ពុជាយើង”។
កម្មវិធីហ្វឹកហាត់បាល់ទាត់ “Kick & Share by SCG” នៅកម្ពុជា គឺបានផ្តួចផ្តើមដំបូង កាលពីឆ្នាំ២០១៦ នៅពេលកំពូលក្លឹបកីឡាបាល់ទាត់ថៃ SCG Muangthong United បានមកប្រកួតកីឡាបាល់ទាត់មិត្តភាពជាមួយក្រុមតារាបាល់ទាត់ All Star កម្ពុជា នៅទីក្រុងភ្នំពេញ និងបានចំណាយពេលវេលាដ៏មមាញឹករបស់ពួកគេ ជួយបង្វឹកកុមារកម្ពុជា។ ចាប់ពីពេលនោះមក កម្មវិធី “Kick & Share by SCG” ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ ក្នុងខែសីហា នាឆ្នាំនេះ ក្រុមហ៊ុន អេសស៊ីជី ក៏បានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់បែបនេះ និងបានបរិច្ចាកសម្ភារៈកីឡា ដល់កុមារជាង ១០០ នាក់ នៅឯខេត្តស្វាយរៀងថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]