រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រលប់មកពី ផឹកស៊ីស្រវឹងរករឿងកូនប្រពន្ធ ហើយស្ទុះទៅវាយប្រពន្ធបានមួយដៃ បម្រុងវាយទៀត ប្រពន្ធបានយកកន្ត្រៃរងការពារខ្លួន ចាក់ចំប្តី២កន្លែង បណ្ដាលឲ្យរងរបួសធ្ងន់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះមានឈ្មោះ ស៊ុន សុខហៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជំនួយការអគ្គិសនីដើរកត់ទឹកភ្លើង និងរត់ម៉ូតូឌុប រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅកំពង់សោម ចំណែកជនដៃដល់ជាប្រពន្ធមានឈ្មោះ សុខ សុគន្ធា ហៅមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរចាប់ហួយ និងប្រហិតចៀន រស់នៅភូមិកើតហេតុ មានស្រុកកំណើតនៅស្រុកត្រាំង ខេត្តតាកែវ ។
តាមសម្តីជាប្រពន្ធ ដែលជាជនដៃដល់បានឲ្យដឹងថា គាត់មានប្តីមុនបានកូន៤នាក់ តែបានលែងលះគ្នាជាង១០ឆ្នាំមកហើយ និងបានស្គាល់គ្នាជាមួយប្តីក្រោយរយៈប្រមាណ១០ឆ្នាំមកហើយដែរ បង្កើតបានកូន៣នាក់ទៀត ប៉ុន្តែបច្ចុប្បន្នកូនគាត់ប្តីមុន៤នាក់ បានទៅជួលផ្ទះស្នាក់នៅបែកពីគាត់អស់ហើយ ដោយគាត់រស់នៅតែជាមួយប្តីក្រោយ និងកូន៣នាក់ តែប៉ុណ្ណោះ គឺកូនបងអាយុ១០ឆ្នាំ និងកូនពៅមានអាយុ៣ឆ្នាំ ។
ប្រភពដដែលបានសារភាពថា នៅមុនពេលកើតហេតុ គាត់កំពុងតែលក់ប្រហិតនៅមុខផ្ទះជួល បន្ទាប់មកបានឃើញប្តីមកពីរត់ឌុបក្នុងស្ថានភាពស្រវឹង ហើយបានមកផឹកបន្តនៅមុខផ្ទះជួលជាមួយមិត្តភក្តិមានគ្នា២នាក់ទៀត ស្រាប់តែមានអ្នកជិតខាងគេមកជឿអីវ៉ាន់ជាញឹកញាប់កន្លងមកសរុបទាំងអស់ចំនួន៧ម៉ឺនរៀល ពេលប្តីគាត់បានឮថាគេជឿដល់ទៅ៧ម៉ឺនរៀល ក៏បានជេរដៀលគាត់ថា មីថោក ងែងឲ្យគេជឿច្រើនម្ល៉េះ មីថោក មីឆ្កួត ងែងមានដើមអីទិញទៀត រួចហើយប្តីរបស់គាត់បានចូលទៅសម្រាក ហើយបានគំរាមកូនស្រីរកវាយ ធ្វើឲ្យកូនភ័យស្ងាត់រៀងៗខ្លួន ។
បន្ទាប់មកទៀត គាត់កំពុងតែយកកន្ត្រៃកាត់ថង់ពោតលីងហូបលេង ស្រាប់តែប្តីបានស្ទុះទៅវាយទៅលើគាត់ ត្រូវមួយដៃចំក្បាល ហើយស្ទុះមកវាយម្តងទៀត ក៏ត្រូវគាត់យកកន្ត្រៃដែលកាន់ជាប់នឹងដៃ រងការពារខ្លួន ដោយមិនបានដឹងថាត្រូវប្តី២កន្លែងទេ គឺចំលើដោះ និងក្រោមដោះ ។
ពេលកើតហេតុភ្លាមៗនោះ អ្នកជិតខាងបានមកជួយ ដោយស្មានថាប្តីវាយប្រពន្ធ ស្រាប់តែឃើញបុរសជាប្តីមានឈាមហូរ ហើយកូនស្រីប្រុស និងអ្នកស្រុកបាននាំជនរងគ្រោះខាងលើដឹកតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែបុរសជាប្តីមានឈាមហូរច្រើនពេក គ្រូពេទ្យបានដេរបិទរបួស ហើយបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យព្រះកុសមៈ បានបន្តិច ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ ។
បើតាមសម្តីរបស់អ្នកនៅក្បែរប្តីប្រពន្ធខាងលើនេះ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានថា គ្រួសារខាងលើ តែងមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ តែមិនដែលវាយធ្ងន់ធ្ងន់ទេ គឺឈ្លោះគ្នាមួយសន្ទុះ ត្រូវគ្នាវិញ ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលដឹងថា ប្តីស្លាប់ហើយ គាត់បានជិះម៉ូតូទៅសារភាពកំហុសនៅប៉ុស្តិ៍នគរបាលកាកាប ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកសពត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងដឹកយកទៅវត្តពោធិ៍ចិនតុង ដើម្បីឲ្យជំនាញធ្វើការពិនិត្យ ប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]