ផ្លែត្រសក់ស្រូវមានទំហំ មានពូជ និងពណ៌២ប្រភេទខុសៗគ្នា គឺត្រសក់ស្រូវសម្បកបៃតង និងត្រសក់ស្រូវសម្បកលឿង។ បើទោះបីជាវាមានរូបរាង ពណ៌សម្បុរខុសគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែគេនៅតែដឹងថា វាជាផ្លែឈើដែលសម្បូរទៅដោយជាតិទឹកប្រមាណជា ៩០ភាគរយ និងមានជាតិវីតាមីនជាច្រើនដែលអាចជំនួយសុខភាព បន្សុទ្ធជាតិពុល បង្កើនកម្រិតទឹកនោម ជួយសម្រកទម្ងន់ គ្មានជាតិខ្លាញ់ដែលធ្វើឱ្យធាត់ និងអត្ថប្រយោជន៍ច្រើនមុខទៀតសម្រាប់សុខភាពរាងកាយផងដែរ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានគុណប្រយោជន៍លម្អិតរបស់ផ្លែត្រសក់ស្រូវទាំងអស់គ្នា រួមជាមួយនឹងរូបមន្តធ្វើភេសជ្ជៈទឹកត្រសក់ស្រូវផងដែរ ដូចខាងក្រោម៖


# គុណប្រយោជន៍ផ្លែត្រសក់ស្រូវ
- បើទោះជាត្រសក់ស្រូវគ្មានជាតិកាឡូរី និងសារធាតុធ្វើឱ្យធាត់យ៉ាងណាក៏ដោយ តែវាជាប្រភពដែលសម្បូរទៅដោយវីតាមីន និងអាហាររូបត្ថម្ភសំខាន់ៗជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព
- ផ្លែត្រសក់ស្រូវសម្បូរទៅដោយ វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពាររាងកាយ និងភ្នាសកោសិកា ពីការកើតជំងឺផ្សេងៗដូចជា ជំងឺផ្តាសាយ និងហៀរសម្បោរជាដើម
- សារធាតុ Flavonoids ដែលមាននៅក្នុងផ្លៃត្រសក់ស្រូវដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីដែលមានលទ្ធភាពរារាំងទប់ស្កត់ពីជំងឺមហារីកកាចសាហាវដូចជា៖ ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកសុដន់ និងមហារីកលំពែង។

- ត្រសក់ស្រូវ មានសារធាតុសំខាន់ដែលជួយអាចដល់ចក្ខុ ពីការប៉ះពាល់ និងការកើតជំងឺទាក់ទងនឹងប្រស្រីភ្នែកផ្សេងៗដូចជា៖ អាការអន់ភ្នែក មើលមិនសូវច្បាស់ និងជំងឺភ្នែកដែលកើតឡើងចំពោះមនុស្សដែលស្ថិតនៅក្នុងវ័យចំណាស់
- ជាតិប៉ូតាស្យូម នៅក្នុងផ្លែត្រសក់ស្រូវ ក៏អាចមានលទ្ធភាពការពាររាងកាយអ្នកពីជំងឺទាក់ទងនឹងបេះដូង ថែមទាំងជួយធ្វើឱ្យសម្ពាធឈាម និងចង្វាក់បេះដូងមានសុខភាពល្អប្រក្រតីផងដែរ
- ជាតិវីតាមីន C ក៏មាននៅក្នុងផ្លែត្រសក់ស្រូវផងដែរ ដែលអាចជួយការពាររាងកាយពីមេរោគ បាក់តេរីផ្សេងៗយ៉ាងល្អប្រសើរ
- ផ្លែត្រសក់ស្រូវក៏អាចជួយបញ្ចេញសារធាតុពុលផ្សេងៗចេញពីរាងកាយតាមរយៈទឹកនោមផងដែរ ជាពិសេសគឺជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ បំបាត់ចំណង់នៃការទទួលទានអាហារ ជំនួយដល់ការសម្រកទម្ងន់ទៀតផង ដោយគ្រាន់តែអ្នកទទួលទានផ្លែត្រសក់ស្រូវមួយផ្លែ ជារៀងរាល់ថ្ងៃ ៥ថ្ងៃជាប់គ្នា និងជាពិសេសត្រូវតមអាហារដែលមានជាតិខ្លាញ់ជាតិស្ករបន្ថែមនោះ អ្នកនឹងឃើញពីភាពប្រែប្រួលដ៏អស្ចារ្យជាមិនខាន។
ក្រៅពីការយកមកទទួលទានស្រស់ៗ អ្នកក៏អាចបង្កើនសមត្ថភាពគុណសម្បត្តិរបស់ផ្លែត្រសក់ស្រូវដោយគ្រាន់តែយកផ្លែត្រសក់ស្រូវមកធ្វើជាភេសជ្ជៈងាយៗ ដែលមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ទេ ថែមទាំងជួយធ្វើឱ្យអ្នកគេងលក់ស្រួល និងស្កប់ស្កល់រាល់យប់ផងដែរ។

# រូបមន្តភេសជ្ជៈត្រសក់ស្រូវជំនួយដល់ការគេង និងសម្រកទម្ងន់
គ្រឿងផ្សំ
- ផ្លែត្រសក់ស្រូវទុំ ២ពែង
(យកត្រសក់ស្រូវទុំចិតសម្បក កាត់ជាដុំៗទំហំល្មម)
- ទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (ក្រូចឆ្មារធម្មតាក៏បាន)
- ទឹកឃ្មុំបន្តិច

ការអនុវត្ត៖ ដោយគ្រាន់តែអ្នកយកផ្លែត្រសក់ស្រូវទៅកិន ឬក្រឡុកឱ្យហ្មត់ជាមួយនឹងទឹកក្រូចឆ្មារ រួចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិឱ្យផ្អែមឆ្ងាញ់ ហើយអាចបន្ថែមទឹកកកក៏បាន ជាការស្រេច។ បន្ទាប់មក អ្នកអាចយកភេសជ្ជៈនេះមកទទួលទានដើម្បីសុខភាព និងសម្រស់របស់អ្នកបានហើយ។

ការប្រើប្រាស់៖
- ប្រសិនជាអ្នកគេងមិនសូវលក់ ឬមានបញ្ហាការគេងដោយការគេងមិនបានស្កប់ស្កល់ល្អ និងចេះតែភ្ញាក់ៗកណ្តាលយប់នោះ អ្នកអាចទទួលទានភេសជ្ជៈមួយនេះ មួយកែវរាល់ពេលយប់មុនពេលចូលគេង។
- សម្រាប់ការសម្រកទម្ងន់អ្នកអាចទទួលទាននៅពេលណាក៏បាន ជាពិសេសពេលដែលអ្នកឃ្លានចំណីតែម្តង។

ចំណាំ៖ ត្រូវចាំថាត្រូវតែប្រើប្រាស់តែផ្លែត្រសក់ស្រូវធម្មជាតិ គ្មានជាតិគីមីប៉ុណ្ណោះសម្រាប់ការទទួលទាន និងធ្វើជាភេសជ្ជៈ ជាពិសេសត្រូវតែជាផ្លែត្រសក់ស្រូវទុំ ព្រោះការទទួលទានផ្លែត្រសក់ស្រូវខ្ចីៗអាចធ្វើឱ្យប៉ះពាល់ដល់ក្រពះរបស់អ្នកបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]