ពពែឆ្កែ គឺជាអាការមួយដែលធ្វើឱ្យភ្នែករបស់អ្នកឡើងក្រហម ហើម ប៉ោង រមាស់ មានអារម្មណ៍ថាឈឺ ទើសៗភ្នែក អាចបង្កជាខ្ទុះបាន ហៀរទឹកភ្នែក ហើយថែមទាំងមានការឈឺចុកចាប់ផងដែរ។
ជំងឺមួយនេះកើតឡើងដោយសារការស្ទះក្រពេញទឹកភ្នែក មានការប៉ះទង្គិច និងមានការឆ្លងជំងឺផ្សេងៗផងដែរ ជាពិសេសការនៅជិត និងប៉ះពាល់អ្នកដែលកើតមានជំងឺមួយនេះ។ ដោយអាការទាំងអស់នេះបណ្តាលមកពីធូលីដី ជាតិខ្លាញ់ប្រេងកខ្វក់ដែលចូលទៅក្នុងភ្នែក ជាពិសេសគឺការមិនបានលាងម្អាតមុខ និងគ្រឿងសម្អាងបានស្អាតល្អនោះតែម្តង។
អាការកើតពពែភ្នែកនេះអាចបាត់ដោយឯកឯងក្នុងរយៈពេល ១ ទៅ ២អាទិត្យ និងកាន់តែជាសះស្បើយដោយការប្រើថ្នាំ និងថ្នាំបន្តក់ភ្នែកជាដើម។ ប៉ុន្តែវិធីធម្មជាតិក៏អាចព្យាបាលអាការជំងឺនេះផងដែរ។
ដូច្នេះដើម្បីកុំឱ្យខាតលុយច្រើននឹងចំណាយថ្នាំពេទ្យ និងកាត់បន្ថយការប្រើប្រាស់ ឱសថច្រើនហួសហេតុពេក អ្នកអាចជ្រើសរើសយកវិធីធម្មជាតិណាមួយក៏បាន ក្នុងចំណោមវិធីទាំង ៥ ខាងក្រោមដើម្បីព្យាបាលភ្នែកកើតពពែឆ្កែបានផងដែរ៖
# ស្អំទឹកក្តៅ
ការប្រើទឹកក្តៅស្អំ អាចជួយធ្វើឱ្យរបួសឆាប់បែក និងជាសះស្បើយ ដោយសារតែកម្តៅចេញពីទឹកក្តៅ អាចជួយបង្កើនចលនាចរន្តឈាមនៅក្នុងតំបន់ដែលមានរបួស ថែមទាំងធ្វើឱ្យការព្យាបាលកាន់តែឆាប់ជាសះស្បើយថែមទៀតផង។
ការអនុវត្ត៖ យកក្រណាត់ស្អាតមួយ ជ្រលក់ទឹកក្តៅ រួចពូតទឹកចេញ យកមកស្អំនឹងត្របកភ្នែកដែលឡើងហើមប៉ោងឱ្យបាន ៥នាទី ឬរហូតដល់ក្រណាត់ត្រជាក់។ អ្នកគួរតែឧស្សាហ៍ធ្វើបែបនេះជាប្រចាំ មួយថ្ងៃ ៣ ទៅ៤ដង រហូតដល់ខ្ទុះបែក ឬជាសះស្បើយ។
# តែបៃតង
ការប្រើប្រាស់តែបៃតងមិនខុសគ្នា ពីការប្រើទឹកក្តៅស្អំប៉ុន្មាននោះទេ តែវាមិនត្រឹមតែជួយធ្វើឱ្យរបួសឆាប់ជាសះស្បើយនោះទេ តែថែមទាំងអាចបន្ថយការហើម ប៉ោង បំបាត់ការឈឺចុកចាប់ និងការលាកផងដែរ ជាពិសេសនោះថែមទាំងការពារការឆ្លងមេរោគផងដែរ។
ការអនុវត្ត៖ យកតែកញ្ចប់ ឬតែបៃតងម្សៅមកឆុង ហើយទទួលទានតែនេះក្តៅឧណ្ហៗមួយកែវ។ បន្ទាប់មកយកកញ្ចប់កាកតែ ឬយកក្រណាត់ស្អាតជ្រលក់ទឹកតែបៃតងតែម្តងក៏បាន មកស្អំលើរបួសត្របកភ្នែកឱ្យបាន ៥នាទី។ អនុវត្តវិធីបែបនេះ ៣ទៅ ៤ដងជាប្រចាំរហូតដល់ខ្ទុះបែក ឬស្រកជាសះស្បើយ។
# រមៀត
អ្នកណាៗក៏ដឹងដែរថា រមៀតមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកផ្សេងៗ ដូច្នេះហើយ ការយករមៀតមកព្យាបាលភ្នែកឡើងពពែឆ្កែ នឹងធ្វើឱ្យរបួសឆាប់ជាសះស្បើយជាមិនខាន។
ការអនុវត្ត៖ ដាំទឹកប្រមាណជា ២ពែងឱ្យពុះ បន្ទាប់មកដាក់ម្សៅរមៀតចូល ១ស្លាបព្រាបាយ។ ទុកវាឱ្យត្រជាក់ សឹមយកក្រណាត់ស្អាតជ្រលក់ទឹករមៀតនេះ មកលាបលើត្របកភ្នែកដែលមានរបួស។ អនុវត្តបែបនេះជាប្រចាំ មួយថ្ងៃ ២ ទៅ ៣ដង ជាពិសេស គូរតែយករមៀតធ្វើជារបបអាហារទទួលទានជាប្រចាំថ្ងៃ ដើម្បីឱ្យរបួសឆាប់ជាសះស្បើយពីខាងក្នុងបន្ថែមផងដែរ។
# ជែលប្រទាលកន្ទុយក្រពើ
ប្រសិទ្ធភាពនៃជែលប្រទាលកន្ទុយក្រពើដើម្បីប្រឆាំងនឹងការរលាក និងមេរោគបាក់តេរី ក៏ល្អមិនចាញ់រមៀតប៉ុន្មានដែរ នៅក្នុងការព្យាបាលភ្នែកកើតពពែឆ្កែ។ មិនតែប៉ុណ្ណោះ ជែលប្រទាលកន្ទុយក្រពើ ថែមទាំងអាចសម្លាប់មេរោគបាក់តេរី និងការពារកុំឱ្យឆ្លងមេរោគទៀតផង។
ការអនុវត្ត៖ យកប្រទាលកន្ទុយក្រពើចិតសម្បកឱ្យស្អាត យកតែជែលមកលាបលើត្របកភ្នែកដែលមានរបួស ទុកចោលប្រមាណជា ២០នាទី សឹមលាងចេញជាមួយទឹកស្អាត។ អ្នកអាចអនុវត្តជាប្រចាំ ដើម្បីឱ្យរបួសឆាប់ជាសះស្បើយ។
# ស្លឹកត្របែក
អ្នកដឹងរួចមកហើយថា ស្លឹកត្របែកពូកែស័ក្តិសិទ្ធណាស់ ក្នុងការព្យាបាលទាំងបញ្ហាស្បែកមុខ អាលែក្ស៊ី សសៃសក់ និងបញ្ហាក្លិនខ្លួន សូម្បីតែកើតពពែឆ្កែក៏ស្លឹកត្របែកអាចជួយបានផងដែរ។ នោះក៏ដោយសារតែស្លឹកត្របែកមានលទ្ធភាពអាចលាងមុខរបួស និងការពារការឆ្លងមេរោគទៀតផង។
ការអនុវត្ត៖ ជាដំបូងយកស្លឹកត្របែកលាងទឹកឱ្យបានស្អាត រុំវានៅក្នុងក្រណាត់ស្អាតត្រាំនៅក្នុងទឹកក្តៅ ឬអាចបុកសិនចាំត្រាំនៅក្នុងទឹកក្តៅក៏បាន។ បន្ទាប់ពីទឹកត្រជាក់ហើយ អ្នកអាចយកក្រណាត់មកជ្រលក់ទឹកស្លឹកត្របែកនោះមកស្អំត្រង់ភ្នែកដែលមានបញ្ហាជាការស្រេច។ អ្នកអាចអនុវត្តជាប្រចាំ ៣ ទៅ ៤ដងរហូតដល់មុខរបួសជាសះស្បើយ។
ចំណាំ៖
អាការឈឺភ្នែក និងកើតពពែឆ្កែ មិនមែនឆ្លងដោយសារតែការមើលភ្នែកគ្នានោះទេ សូមឈប់យល់ច្រឡំទៅ។ ការឆ្លងជំងឺនេះ បណ្តាលមកពីការប៉ះពាល់របស់របររួមគ្នាជាមួយអ្នកជំងឺ គឺឆ្លងតាមរយៈទឹកភ្នែកដែលឧស្សាហ៍ហូរពេលដែលកើតជំងឺនេះ ហើយយកដៃជូត បន្ទាប់មកវាអាចឆ្លងរាលដាលទៅមនុស្សម្នាក់ផ្សេងទៀត ជាពិសេសមនុស្សនៅជិតខ្លួនតែម្តង។ ដោយហេតុនេះហើយ បានជាគេតែងតែយល់ច្រលំថា គ្រាន់តែមើលភ្នែកគ្នាក៏ឆ្លងដែរនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]