បរទេស៖ ដោយសារជំងឺម្យ៉ាងហៅថា Amelia-phocomelia កុមារា Camden Whiddon បានចាប់កំណើតមក ដោយគ្មានដៃ និងជើងទាំងសងខាងដូចវាគ្មិនលោក Nick Vujicic យ៉ាងអ៊ីចឹង។
អ្នកនាង Katie Whiddon និងលោក Cole Greene បានដឹងពីស្ថានភាពដ៏អាក្រក់នេះ តាំងតែពីគេពរពោះបាន១៨សប្តាហ៍មកម្ល៉េះ។ បើទោះបីជានេះ គឺជាព័ត៌មានដ៏អាក្រក់ក៏ដោយ ប្តីប្រពន្ធមួយគូនេះនៅតែសន្យាថានឹងស្រឡាញ់កូនប្រុសរបស់ពួកគេឲ្យបានច្រើន ទោះបីជាគេមានរូបរាងបែបណា និងត្រូវជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា ពេលចិញ្ចឹមគេក៏ដោយ។

អ្នកនាង Katie បាននិយាយថា៖
“ពីដំបូង នៅពេលដែលខ្ញុំបានដឹងថា កូនប្រុសរបស់ខ្ញុំនឹងគ្មានដៃ-ជើង ខ្ញុំគិតថាគេនឹងដូចជាបន្លែយ៉ាងអ៊ីចឹង... ខ្ញុំមិនដឹងថាខ្ញុំត្រូវរំពឹងអ្វីនោះទេ។ ពេលនោះខ្ញុំទើបមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ខ្ញុំនឹងអាចធ្វើបានល្អគ្រប់គ្រាន់សម្រាប់គេដែរឬអត់ទេ?”

ប៉ុន្តែអ្វីៗប្រែជាល្អជាងការរំពឹងទុករបស់គូស្នេហ៍មួយគូនេះ។ នៅពេលដែល កុមារា Camden បានចាប់កំណើតទាំងពិការដៃ-ជើងនោះ គេគឺជាក្មេងប្រុសតូចមួយរូប ដែលមានជីវិតពេញដោយភាពរីករាយ។
អ្នកនាង Katie បានបន្ថែមថា៖
“នៅពេលដែល Camden មានអាយុប្រហែល២ខែ ខ្ញុំបានដាក់គេឲ្យដេកនៅលើគ្រែ… ខ្ញុំឃើញគេពីកន្ទុយភ្នែករបស់ខ្ញុំ ដែលគេកំពុងវាយប្រដាប់លេងដោយដៃរបស់គេ។ ខ្ញុំក៏ចាប់ផ្តើមយំ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះវាអាចបញ្ជាក់បានថា Camden នឹងអាចធ្វើរឿងជាច្រើនដោយខ្លួនឯង”។

រឿងមួយ ដែលជាទុក្ខលំបាករបស់គ្រួសារមួយនេះគឺ ពួកគេត្រូវពរ Camden ជានិច្ច ទោះបីជាគេមានអាយុ៤ឆ្នាំហើយក៏ដោយ ដោយសារតែ Camden មិនអាចដើរបាន។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅពេលដែលក្មេងប្រុសតូចនេះ រៀនដើរជាលើកដំបូង។
ពិតណាស់! វាពិតជាលំបាកសម្រាប់គេ ដោយសារគេគ្មានជើងទាំងពីរ ហើយថែមទាំងគ្មានដៃ ដើម្បីទប់លំនឹងខ្លួនថែមទៀតផង។
គួរឲ្យត្រេកអរ! Camden មិនត្រឹមតែធ្វើឲ្យឪពុកម្តាយរបស់គេរំភើបដល់ស្រក់ទឹកភ្នែកប៉ុណ្ណោះទេ គេថែមទាំងធ្វើឲ្យពិភពលោកទាំងមូលរីករាយជាមួយការប្រឹងប្រែងរបស់គេផងដែរ ដោយសារគេពិតជាអាចដើរបានដោយជោគជ័យមែន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ Camden ក៏បានរៀនលេងទាត់បាល់ផងដែរ។ ឡូយណាស់មែនទេ?

អ្នកនាង Katie សង្ឃឹមថា នៅថ្ងៃណាមួយ Camden នឹងក្លាយជាវាគ្មិនដែលអាចនិយាយលើកទឹកចិត្តមនុស្សគ្រប់គ្នា ជាមួយភាពវ័យឆ្លាត និងការតាំងចិត្តខ្ពស់ ដូចជា Nick យ៉ាងអ៊ីចឹង៕
សូមទស្សនាវីដេអូរៀនដើរដំបូងរបស់ Camden នៅខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]