ភ្នំពេញ៖ ជាទូទៅតម្រូវការអាហារសម្រន់ របស់ប្រជាជនខ្មែរ នាពេលបច្ចុប្បន្នកំពុងតែ កើនឡើងគួរឲ្យកត់សម្គាល់។ ជាពិសេសជាមួយនឹង អាហារសម្រន់ដែលថ្មីប្លែកៗ រសជាតិឆ្ងាញ់ គឺជាចំណាប់អារម្មណ៍ដ៏ពិសេស សម្រាប់អ្នកដែលចង់សាកនូវអ្វីដែលថ្មី។
ដូច្នេះហើយ ថ្ងៃនេះផងដែរ ក្រុមការងារ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់នូវអាហារសម្រន់ថ្មី មួយបែបទៀត ដែលមានរសជាតិឆ្ងាញ់ប្លែក និងមានតម្លៃសមរម្យ ឈ្មោះថា បាញ់ត្រាងអាំង ។

ជាការពិតណាស់ ប្រិយមិត្តអ្នកអានមួយចំនួន គ្រាន់តែលឺឈ្មោះអាហារមួយបែបនេះ ប្រហែលជាស្រក់ទឹកមាត់បណ្តើរៗបាត់ទៅហើយ ព្រោះថាបាញ់ត្រាងអាំងនេះ គឺពិតជាមាន រសជាតិឆ្ងាញ់ ប្លែក ដែលធ្វើឲ្យអ្នកញ៉ាំហើយ ច្បាស់ជាចង់ញ៉ាំម្តងទៀតជាក់ជាមិនខាន។
យ៉ាងណាមិញ ដោយផ្អែកទៅលើការសម្ភាសន៍រវាងក្រុមការងារ ខ្មែរឡូត ជាមួយម្ចាស់តូបលក់ បាញ់ត្រាងអាំងនេះ ដែលមានទីតាំងនៅក្រោយសាលាបឋមសិក្សាបាក់ទូក បានឲ្យដឹងថា លោកពូចាប់ផ្តើម លក់បាញ់ត្រាងអាំង ប្រហែលជិតមួយឆ្នាំទៅហើយ ហើយគាត់ពិតជា មានអតិថិជនគាំទ្រច្រើនមែនទែន ជាពិសេស អ្នកនៅម្តុំសាលាបាក់ទូកនេះ ផ្ទាល់តែម្តង មិនថាចាស់មិនថាក្មេងនោះទេ។
ជាពិសេស លោកពូ ក៏បាននិយាយថា« របរមួយនេះ វាពិតជាប្លែក ហើយមិនសូវមានអ្នកណាលក់នោះទេ ហើយមូលហេតុដែល ខ្ញុំលក់ ហើយដាក់ឈ្មោះជាបាញ់ត្រាងអាំងបែបនេះ ក៏ព្រោះតែខ្ញុំគិតថា ក្មេងៗបច្ចុប្បន្ន ចូលចិត្តចង់សាកនូវអ្វីដែលថ្មីៗ និងប្លែកៗ ដូច្នេះហើយ ខ្ញុំក៏ច្នៃបាញ់ត្រាង ដែលភាគច្រើន គេធ្លាប់តែ ស្រុះទឹកក្តៅ មកជាអាំងវិញ។
លោកពូក៏បន្តទៀតថា បើយើងច្នៃតែបាញ់ត្រាង តែមិនដឹងថា គ្រឿងផ្សំអ្វី ក៏វាមិនអាចឆ្ងាញ់បានដែរ ដូច្នេះខ្ញុំ ក៏បន្ថែមគ្រឿងផ្សំពិសេសៗដូចជា៖ ពងមាន់,បង្គារក្រៀម , សាច់មាន់ក្រៀម , ហតដក , ប្រហិតសាច់ក្តាម , ពោត , សាច់ជ្រូក , ស្លឹកខ្ទឹម និងឈីស ជាដើម។

ក្នុងនោះដែរ ម្ចាស់តូបក៏បានបន្តទៀតថា បើនិយាយពីចំនូនដែលគាត់ អាចលក់បាញ់ត្រាងអាំង ក្នុងមួយថ្ងៃៗវិញគឺ មិនទៀងនោះទេ ប៉ុន្តែមិនក្រោមពី៥០នំនោះឡើយ។ ឯចំណែកតម្លៃវិញ គឺពិតជាមានតម្លៃសមរម្យ ដែលក្នុងមួយនំ ត្រឹមតែ៤០០០រៀលតែប៉ុណ្ណោះ ប៉ុន្តែវាមានទំហំធំ ដែលអាចញ៉ាំ ២នាក់បាន។
ទោះជាយ៉ាងណាក្តី លោកពូម្ចាស់តូប បាញ់ត្រាងអាំង មិនបានបង្ហើបពីចំណូលរបស់គាត់ ដែលរកបានពីការលក់ អាហារសម្រន់ដ៏ទាក់ទាញមួយនេះទេ ប៉ុន្តែបើតាម ការស្មានទៅ ចំណូលរបស់លោកពូ ក្នុងមួយថ្ងៃៗក៏មិនតិចម៉ឺននោះដែរ ដោយសារតែ មនុស្សចូលទៅទិញ ស្ទើរតែពេញហាងតែម្តង ស្ទើរតែរកពេលសម្រាកមិនបាន។

គួរបញ្ជាក់ដែរថា បើសិនជាប្រិយមិត្តអ្នកអាន មានបំណងចង់សាកញ៉ាំ អាហារសម្រន់មួយបែបនេះ ប្រិយមិត្តអាច ស្វែងរកទីតាំង នៅខាងក្រោយសាលាបឋមសិក្សា បាក់ទូកផ្ទាល់តែម្តង ឯតម្លៃវិញ ត្រឹមតែ ៤០០០រៀល ក្នុងមួយនំ តែប៉ុណ្ណោះ៕
តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]