នាពេលបច្ចុប្បន្ននេះផ្លែសាកេ (Breadfruit) ពុំសូវមាននរណាស្គាល់ច្រើននោះទេ ពីព្រោះអាចនិយាយបានថាវាជាផ្លែឈើកម្រមួយ។ ម្យ៉ាងវិញទៀតផ្លែសាកេនេះមានរូបរាងស្រដៀងទៅនឹងផ្លែខ្នុរ ប៉ុន្តែដើមរបស់វាមិនដូចគ្នាទៅនឹងដើមខ្នុរឡើយ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺរសជាតិដ៏ឆ្ងាញ់របស់វាបូកផ្សំជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យទៀតនោះ ធ្វើឲ្យមនុស្សមួយចំនួនបានយកវាមកដាំដើម្បីទទួលទាន។

ផ្លែសាកេ

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែសាកេ ឬអ្នកខ្លះទៀតហៅថាផ្លែខ្នុរបាររាំង៖

១/ ជួយដល់សុខភាពសរសៃឈាមបេះដូង

ផ្លែសាកេនេះគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូម ដែលជាសារជាតិបំប៉នដែលអាចកាត់បន្ថយសម្ពាធឈាមនៅក្នុងរាងកាយ និងធ្វើឱ្យអត្រាចង្វាក់បេះដូងមានដំណើរការត្រឹមត្រូវដោយកាត់បន្ថយផលប៉ះពាល់នៃជាតិសូដ្យូម។ ហើយវាក៏ជួយកាត់បន្ថយកម្រិតទ្រីក្លីសេរីតដែលជាមូលហេតុចម្បងនៃការគាំងបេះដូងផងដែរ។

២/ ការប្រឆាំងនឹងការឆ្លងមេរោគ

ដោយសារតែផ្លែសាកេមានផ្ទុកបរិមាណដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឱ្យរាងកាយបង្កើតការប្រឆាំងនឹងភ្នាក់ងារបង្ករោគផ្សេងៗ។ លើសពីនេះទៅទៀតវាក៏ទប់ស្កាត់រ៉ាឌីកាល់សេរីពីរាងកាយដែលបង្កឲ្យមានគ្រោះថ្នាក់ នាំឱ្យឆាប់ចាស់ជាងវ័យ និងនាំឲ្យកើតមានជំងឺផ្សេងៗទៀតទាក់ទងនឹងអាយុ។

៣/ ជាប្រភពនៃថាមពល

នៅក្នុងផ្លែសាកេមួយពែងផ្តលើនូវកាបូអ៊ីដ្រាតចំនួន ៦០ក្រាមដែលជាប្រភពនៃថាមពលនៅក្នុងរាងកាយ ដូច្នេះវាមានអត្ថប្រយោជន៍ណាស់សម្រាប់អត្តពលិកនិងអ្នកហាត់ប្រាណ។ 

ផ្លែសាកេ

៤/ ល្អចំពោះអ្នកជំងឺទឹកនោមផ្អែម

ជាតិសរសៃនៅដែលមានក្នុងផ្លែសាកេវាជួយរារាំងការស្រូបយកជាតិគ្លុយកូស ពីអាហារដែលយើងបរិភោគបាន ដូច្នេះវាល្អនៅក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។

៥/ ជួយដល់ការរំលាយអាហារ

នៅក្នុងនេះផងដែរជាតិសរសៃដែលផ្ទុកនៅក្នុងផ្លែសាកេអាចធ្វើឲ្យជាតិពុលចេញពីពោះវៀន និងជួយផ្តល់មុខងារល្អដល់ពោះវៀនទៀតផង។ ម្យ៉ាងទៀតវាជួយទប់ស្កាត់ជំងឺដែលទាក់ទងនឹងការរំលាយអាហារដូចជាការក្រហាយទ្រូង ដំដៅ និងរលាកក្រពះជាដើម។

៦/ វាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និង អូមេហ្គា៦

ផ្លែសាកេសម្បូដោយបរិមាណនៃអូមេហ្គា ៣ និងអាស៊ីតខ្លាញ់អូមេហ្គា៦ ខ្ពស់ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ចិត្ត និងរាងកាយ។

៧/ សុខភាពធ្មេញ

ការញ៉ាំផ្លែសាកេអាំងអាចជួយបំបាត់ការឈឺធ្មេញ ហើយម្យ៉ាងទៀតអ្នកអាចយកស្លឹករបស់ផ្លែសាកេបុកឲ្យម៉ត់ដាក់នៅលើអណ្តាតដើម្បីកម្ចាត់ការឆ្លងរោគផ្សិតបានផងដែរ។ 

ដើមផ្លែសាកេ

#ផ្លែសាកេក៏អាចជួយដល់ស្បែកបានមួយចំនួនរួមមាន

• ទប់ស្កាត់ការរលាកស្បែកធ្ងន់ធ្ងរ

• ជួយផលិតជាតិកូឡាជែនដើម្បីឲ្យស្បែកមានភាពស្រស់ស្អាត

• ជួយលើកកម្ពស់ការរីកលូតលាស់នៃកោសិកាថ្មីក្នុងការជួសជុលស្បែកដែលខូចឲ្យស្រស់ស្អាត និងមើលទៅក្មេង។

• អាចព្យាបាលជំងឺស្បែកដូចជារលាកស្បែកស្រាលៗ ស្បែកក្រហម ឬស្បែកឡើងរបក បានដោយគ្រាន់តែយកជ័ររបស់ដើមសាកេមកលាបនៅត្រង់កន្លែងដែលរងផលប៉ះពាល់នោះជាការស្រេច។

#ក្រៅពីមានអត្ថប្រយោជន៍ចំពោះស្បែក និងសុខភាពមួយចំនួនទៀតនោះ ផ្លែសាកេក៏ផ្តល់អត្ថប្រយោជន៍ចំពោះសក់ដូចខាងក្រោមនេះផងដែរ

• ផ្តល់សារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើនប្រភេទសម្រាប់ជួយថែទំាសក់។

• អាចព្យាបាលអង្គែស្បែកក្បាល រមាស់ និងសក់ដាច់ក៏ដូចជាការពារសក់ជ្រុះ ដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦ ដែលមានផ្ទុកនៅក្នុងផ្លែសាកេ។

• ផ្លែសាកេក៏មានផ្ទុកនូវជាតិដែកដែលធ្វើឲ្យចរន្តឈាមប្រសើរឡើងនៅលើស្បែកក្បាលក្នុងការជម្រុញឲ្យសក់ឆាប់លូតលាស់បានល្អ៕

ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់ផ្លែសាកេទើបគេចូលចិត្តយកវាមកចៀន ឬធ្វើជាអាហារសម្រាប់ទទួលទានផ្សេងៗទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]