ការទទួលទានផ្លែល្ពៅ ត្រូវបានគេទទួលស្គាល់ថាមានប្រយោជន៍ចំពោះសុខភាពច្រើនបែបច្រើនយ៉ាងណាស់ ដោយសារវាសម្បូរសារធាតុរ៉ែ វីតាមីន និងអាហារបំប៉នសំខាន់ៗដូចជា៖ វីតាមីន D ទង់ដែង ដែក ផូស្វ័រ និងសារធាតុសំខាន់ៗជាច្រើនមុខផ្សេងទៀត។

ក្រៅពីការទទួលទានល្ពៅជារបបអាហារប្រចាំថ្ងៃ ការចម្រាញ់ទឹកល្ពៅសម្រាប់ទទួលទានទាំងនៅស្រស់ៗ ឬយកមកចម្អិនឱ្យឆ្អិនជាមុនសិន ក៏មានប្រយោជន៍ទាំងសម្រាប់សុខភាព សម្រស់ ស្បែកមុខ ដងខ្លួន ព្រមទាំងសរសៃសក់ផងដែរ។

ហេតុនេះហើយ  ថ្ងៃនេះយើងនឹងបានដឹងអត្ថប្រយោជន៍ និងគុណសម្បត្តិនៃការទទួលទានទឹកល្ពៅដែលមានរសជាតិឆ្ងាញ់ពិសាចំនួន ២របៀបងាយៗ។ ដូច្នេះមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

ល្ពៅល្អចំពោះសុខភាពក្នុងការទទួលទាន

# គុណប្រយោជន៍នៃទឹកល្ពៅ

១. ជំនួយថ្លើម និងតម្រងនោម

ទឹកល្ពៅ ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចជំនួយដល់សុខភាពថ្លើម និងតម្រងនោមបានល្អ ជាពិសេសអាចកម្ចាត់ក្រួសក្នុងតម្រងនោម និងបញ្ហាទាក់ទងនឹងប្លោកនោមបានផងដែរ។

ដូច្នេះដើម្បីសុខភាពថ្លើម និងតម្រងនោម អ្នកគួរតែទទួលទានទឹកល្ពៅជាប្រចាំ ហើយសម្រាប់បញ្ហាក្រួសតម្រងនោម និងប្លោកនោមគួរតែទទួលទានទឹកល្ពៅ ៣ដងក្នុងមួយថ្ងៃ ត្រឹមតែរយៈពេល ១០ថ្ងៃតែប៉ុណ្ណោះនឹងឃើញលទ្ធផល។

២.បង្ការជំងឺទាក់ទងនឹងសរសៃឈាម

ការទទួលទានទឹកល្ពៅអាចជួយសម្អាតសរសៃឈាមអាក់ទែបានល្អ ថែមទាំងរួមចំណែកនៅក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមអាក់ទែ (រឹងសរសៃឈាម) ផងដែរ។

៣.ជំនួយប្រព័ន្ធរំលាយអាហារ និងព្យាបាលជំងឺទល់លាមក

ទឹកល្ពៅអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជំនួយសុខភាពក្រពះពោះវៀន ថែមទាំងអាចបំបាត់អាការទល់លាមក និងធ្វើឱ្យលាមកទន់ងាយស្រួលបន្ទោរបង់ថែមទៀតផង។

៤. ជំនួយមុខងារតម្រងនោម និងព្យាបាលជំងឺដំបៅក្រពះ

ទឹកល្ពៅ ថែមទាំងអាចមានលទ្ធភាពជំនួយដល់ការព្យាបាលជំងឺដំបៅក្រពះ និងអាការក្រពះសម្បូរដោយជាតិអាស៊ីតបានផងដែរ។ បន្ថែមពីនោះ វាថែមទាំងអាចជួយធ្វើឱ្យប្រព័ន្ធតម្រងនោមដំណើរការល្អ និងធ្វើឱ្យមុខងារបញ្ចេញកាកសំណល់តាមរយៈទឹកនោមកាន់តែល្អប្រសើរជាងមុន។

៥.ជួយដល់ការគេង

ការទទួលទានទឹកល្ពៅ អាចជួយដល់អ្នកដែលមានបញ្ហាការគេង ដូចជាគេងមិនលក់ និងគេងមិនបានស្កប់ស្កល់ចេះតែភ្ញាក់យប់ៗកណ្តាលអធ្រាតជាដើម។ ដើម្បីទទួលបានប្រសិទ្ធភាពបន្ថែមទៀត គួរតែទទួលទានទឹកល្ពៅ១កែវ លាយជាមួយនឹងទឹកឃ្មុំដើម្បីឱ្យដំណេកស្កប់ស្កល់បានល្អ។

ទឹកល្ពៅជំនួយថ្លើុម ​និងតម្រងនោម

៦. បញ្ចុះសម្ពាធឈាម និងបន្ថយជាតិខ្លាញ់អាក្រក់

ទឹកល្ពៅ ថែមទាំងអាចមានប្រសិទ្ធភាពនៅក្នុងការបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់បង្កជាជំងឺលើសឈាម និងបន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លដែលមិនល្អ ប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបានផងដែរ។

៧. ថ្នាំត្រជាក់

ការទទួលទានទឹកល្ពៅជាមួយនឹងទឹកឃ្មុំ មានប្រយោជន៍ណាស់សម្រាប់ជួយឱ្យសាច់ត្រជាក់ ថែមទាំងអាចជួយបន្ថយអាការក្តៅក្នុង ឬក្តៅខ្លួនបានយ៉ាងល្អផងដែរ ជាពិសេសសាកសមបំផុតជាភេសជ្ជៈសម្រាប់អាកាសធាតុនៅរដូវក្តៅ។

៨. ស្ត្រីដែលចាញ់កូន

ទឹកល្ពៅ គឺជាភេសជ្ជៈដែលល្អបំផុតសម្រាប់ជួយបំបាត់អាការចាញ់កូន ក្អួតចង្អោរនៅពេលព្រឹក សម្រាប់ស្ត្រីដែលកំពុងតែពពោះចាញ់កូន។

៩. ព្យាបាលជំងឺរលាកថ្លើមប្រភេទ A

ទទួលទានទឹកល្ពៅជាប្រចាំ ទទួលបានប្រយោជន៍សម្រាប់ជំនួយសុខភាពអ្នកដែលកើតជំងឺរលាកថ្លើមប្រភេទ A ថែមទាំងអាចឈានទៅរកការជាសះស្បើយបានផងដែរ ប្រសិនជាព្យាយាមទទួលទានវាជាទៀងទាត់នោះ ដោយសារតែទឹកល្ពៅនេះមានលទ្ធភាពអាចជួយស្តារមុខងារថ្លើមឱ្យដំណើរការល្អជាប្រក្រតីវិញ។    

១០.ពង្រឹងមុខងារការពាររាងកាយ

ប្រព័ន្ធភាពស៊ាំ ឬមុខងារការពាររាងកាយ នឹងកាន់តែរឹងមាំអាចមានលទ្ធភាពការពារសុខភាពរាងកាយពីមេរោគ និងជំងឺផ្សេងៗបានកាន់តែល្អជាងមុនបាន ជាពិសេសគឺការពារពីជំងឺគ្រុន ក្តៅ និងផ្តាសាយតែម្តង ដោយគ្រាន់តែទទួលទានទឹកល្ពៅជាប្រចាំប៉ុណ្ណោះ ។

ទឹកល្ពៅល្អចំពោះសុខភាព

១១. ជំនួយសុខភាពស្បែក

ការទទួលទានទឹកល្ពៅ អាចមានលទ្ធភាពជំនួយដល់រូបសម្រស់ស្បែកបានច្រើនយ៉ាងដូចជា៖

- ពោរពេញដោយវីតាមីន C វីតាមីន E Beta-Carotence ដែលជួយធ្វើឱ្យស្បែកមើលទៅមានភាពស្រស់ស្អាតពីខាងក្នុង ព្រមទាំងធ្វើឱ្យស្បែកមានសុខភាពល្អ។

- ដោយសារទឹកល្ពៅមានធាតុត្រជាក់បែបនេះ វាអាចជួយការពារ និងព្យាបាលការរលាកផ្សេងៗ ព្រមទាំងធ្វើឱ្យរបួសសើស្បែក ឬសត្វល្អិតទិច-ខាំ និងការរលាកស្បែកឆាប់ជាសះស្បើយយ៉ាងឆាប់រហ័សផងដែរ។

- ការទទួលទានទឹកល្ពៅ ថែមទាំងអាចជួយធ្វើឲ្យស្បែកមុខភ្លឺ ស្រស់ស្អាត និងប្រឆាំងនឹងភាពចាស់បានផងដែរ។ ជាពិសេស ប្រសិនជាប្រើម៉ាស់ល្ពៅលាយជាមួយនឹងទឹកដោះគោជូរ ទឹកឃ្មុំ ទឹកក្រូចឆ្មារសម្បកលឿង ឬប្រេងវីតាមីន E បន្ថែមទៀតលាបលើផ្ទៃមុខ រឹតតែទទួលបានភាពស្រស់ស្អាត មុខក្មេងជាងវ័យ និងបំបាត់ស្នាមជ្រីវជ្រួញ។

ទឹកល្ពៅជំនួយសុខភាពស្បែក

១២.សម្រាប់សុខភាពសរសៃសក់

ក្រៅពីមានគុណប្រយោជន៍សម្រាប់សុខភាព និងរូបសម្រស់បានច្រើនយ៉ាងនោះ ទឹកល្ពៅថែមទាំងអាចជួយធ្វើសក់ដុះលូតលាស់ល្អ ជំនួយប្ញសសក់ ព្យាបាលការជ្រុះសក់ ផ្តល់សំណើមដល់សរសៃសក់ និងការពារផលប៉ះពាល់នានាដល់សរសៃសក់បានផងដែរ។ 

ក្រៅពីទទួលទានទឹកល្ពៅជាប្រចាំ អ្នកអាចធ្វើម៉ាស់សម្រាប់សរសៃសក់តាមវិធីងាយៗខាងក្រោមពីផ្លែល្ពៅ៖

- ជាដំបូងយកល្ពៅដែលចិតសម្បកលាងទឹកឱ្យស្អាតកាត់ជាដុំៗចំនួន ២ពែង ហើយចម្អិនឱ្យឆ្អិនល្អជាមុនសិន។

- បន្ទាប់មកយកសាច់ល្ពៅនេះ មកកិន ឬក្រឡុកលាយជាមួយនឹងទឹកដោះគោជូរ ១ស្លាបព្រា ទឹកឃ្មុំ១ស្លាបព្រា និងប្រេងដូង ១ស្លាបព្រាឱ្យហ្មត់ល្អ។

- ជាចុងក្រោយយកល្បាយនេះ មកលាបលើសរសៃសក់ និងស្បែកក្បាលឱ្យសព្វ សឹមប្រើប្រដាប់គ្រប់ក្បាលគ្របទុកចោលប្រមាណជា១៥នាទី ចាំលាងចេញជាមួយនឹងសាប៊ូ និងលាបក្រែមបន្ទន់សក់ជាធម្មតាជាការស្រេច។

ល្ពៅសម្រាប់សុខភាពសរសៃសក់

# វិធីធ្វើទឹកល្ពៅសម្រាប់ទទួលទាន

១. វិធីទទួលទានទឹកល្ពៅឆៅ

- ជាដំបូងយកល្ពៅ១ផ្លែ ចាស់ល្អ លាងឱ្យស្អាត ចិតសម្បក និងឆ្កឹះគ្រាប់ចេញ រួចកាត់ជាដុំៗ

- បន្ទាប់មកយកល្ពៅស្រស់ៗនេះមកក្រឡុក ឬកិនក៏បាន តែយកតែទឹកប៉ុណ្ណោះ

- ជាចុងក្រោយអ្នកអាចបន្ថែមស្ករឱ្យមានរសជាតិផ្អែមបន្ថែមទៀតក៏បាន តែយកល្អគួរតែប្រើទឹកឃ្មុំ ឬទឹកផ្លែប៉ោមស្រស់ៗល្អជាង

- អ្នកអាចទទួលទានទឹកល្ពៅនេះស្រស់ៗក៏បាន បន្ថែមទឹកកកក៏បាន ឬទុកក្នុងទូទឹកកកឱ្យត្រជាក់សិនក៏បាន។

យកល្ពៅចិតសម្បកកាត់ជាដុំៗរួចយកកិន ​ឬក្រឡុកចម្រាញ់យកតែទឹក

២. វិធីទទួលទានទឹកល្ពៅឆ្អិន

- យកល្ពៅ១ផ្លែចាស់ល្អ លាងទឹកឱ្យស្អាត ចិតសម្បកចេញឱ្យអស់ក៏បាន ទុកសម្បកតិចៗក៏បាន រួចហាន់ជាដុំៗទំហំល្មមៗ

- បន្ទាប់មកយកទៅចំហុយ ៤០នាទីទៅ ៦០ នាទីឱ្យឆ្អិនល្អជាមុនសិន ចាំដួសសាច់វាដាក់ក្នុងម៉ាស៊ីនក្រឡុកជាមួយនឹងទឹកកន្លះលីត្រ។

យកល្ពៅចិតសម្បកកាត់ជាដុំៗរួចយកស្ងរឱ្យឆ្អិនសិនចាំយកទៅក្រឡុក

- ជាចុងក្រោយយកសាច់ល្ពៅ ទៅដាំដោយប្រើភ្លើងតិចៗល្មម លាយអំបិល និងស្ករចូលបន្តិច តាមចំណង់ចំណូលចិត្ត និងរសជាតិដែលចង់បាន តែយកល្អអ្នកអាចបន្ថែមទឹកឃ្មុំរាល់ពេលទទួលទានទើបជាការល្អដោយមិនបាច់ប្រើស្ករ (តាមចំណូលចិត្ត) ។ អាចទុកក្លាស្សេបាន ១ទៅ ២ថ្ងៃ ហើយដើម្បីទទួលទានស្រស់ៗកុំធ្វើច្រើនពេក នាំទុកយូរថ្ងៃអាចបាត់បង់រសជាតិ។

ក្រឡុករួចយកល្ពៅស្ងោរឱ្យឆ្អិនលាយជាមួយស្ករ និងអំបិលតាមចំណូលចិត្ត

ចំណាំ៖ ប្រសិនជាចង់ទទួលបានលទ្ធផលល្អ និងកាន់តែមានប្រសិទ្ធភាពសម្រាប់សុខភាព ព្រមទាំងរូបសម្រស់ អ្នកគួរតែទទួលទានទឹកល្ពៅ តាមរបៀបធ្វើទឹកល្ពៅឆៅទើបជាការល្អ ដោយសារតែពេលយកទៅចម្អិនវានឹងបាត់បង់សារធាតុសំខាន់ៗមួយចំនួន  ជាពិសេសល្ពៅឆ្អិនសាកសមធ្វើជាបង្អែមលាងមាត់តែប៉ុណ្ណោះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]