ជីរអង្កាម គឺជាជីរមួយប្រភេទ ដែលមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាព និងត្រូវបានគេនិយមជាគ្រឿងបន្ថែមក្លិនសម្រាប់ម្ហូប ចំណីអាហារ និងគ្រឿងភេសជ្ជៈឱ្យកាន់តែមានរសជាតិឆ្ងាញ់ពិសាបន្ថែមទៀត។
លើសពីនេះ ជីរអង្កាមមិនត្រឹមតែមានគុណប្រយោជន៍ ក្នុងការទទទួលទានជាអាហារប្រចាំថ្ងៃ ឬជាប្រភេទទឹកតែជីរអង្កាមដែលយើងខ្ញុំធ្លាប់បានលើកឡើងពីអត្ថបទមុនៗនោះទេ បន្ថែមពីនេះ ជីរអង្កាមក៏អាចយកមកផ្សំគ្រឿងថែរក្សាស្បែកមុខ និងព្យាបាលស្ថានភាពផ្ទៃមុខបានច្រើនយ៉ាងផងដែរ ដូចជា៖
- មានធាតុត្រជាក់ដែលជួយធ្វើឱ្យស្បែកមុខ ទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត និងភ្លឺថ្លា
- ជួយកម្ចាត់បញ្ហាស្បែកមុខ ដែលកើតមានបញ្ហាមុនតូច មុនធំ មុខក្បាលខ្មៅ និងប្រភេទមុខដទៃទៀតឱ្យឆាប់ជាសះស្បើយ
- បំបាត់បញ្ហាស្បែកមុខ ដែលឡើងខ្លាញ់ និងកម្ចាត់មេរោគ បាក់តេរី ធូលី ដែលបង្កបញ្ហាលើផ្ទៃមុខ
- មានសារធាតុប្រឆាំងនឹងការរលាក និងធាតុត្រជាក់ដែលអាចជួយព្យាបាលអាការរលាកស្បែកផ្សេងៗដូចជាអាការឈឺចុកចាប់ ឬរមាស់ដោយសារសត្វល្អិតទិច-ខាំ និងរលាកដោយសារមុនជាដើម
- ជួយផ្តល់សំណើមដល់ស្បែកមុខ ធ្វើឱ្យមានសភាពទន់រលោងគួរឱ្យចង់ស្ទាបអង្អែល ជាពិសេសគឺបន្តឹងស្បែកមុខឱ្យតឹងណែនក្មេងជាងវ័យ
- កម្ចាត់បញ្ហាស្បែកមុខដែលមើលទៅស្រអាប់ មានស្នាមជ្រីវជ្រួញ និងយារធ្លាក់ឱ្យត្រលប់មកសភាពស្រស់ស្អាត និងក្មេងជាងមុន
- ក្រៅពីកម្ចាត់មុនបានហើយ វាក៏មានលទ្ធភាពអាចបំបាត់បញ្ហាស្នាមមុខផ្សេងៗដូចជាស្នាមមុនផងដែរ ជាពិសេសគឺស្នាមខ្មៅក្រោមភ្នែកជាដើម។
ដើម្បីប្រើប្រាស់ ជីរអង្កាម សម្រាប់បញ្ហាស្បែកទាំងអស់ខាងលើ អ្នកគ្រាន់តែយកជីរអង្កាមមកបុកឬកិនស្រស់ៗ ឬចម្រាញ់យកតែទឹក មកលាបលើស្បែកតំបន់ដែលរងផលប៉ះពាល់ជាការស្រេច។
ប៉ុន្តែដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងការព្យាបាលស្បែកមុខ ឱ្យត្រូវទៅតាមប្រភេទបញ្ហានីមួយៗ អ្នកអាចមកតាមដានវិធីប្រើប្រាស់ ជីរអង្កាមដូចខាងក្រោម៖

# វិធីទី១៖ កម្ចាត់មុខមុន
- គ្រាន់តែយកស្លឹកជីរអង្កាមប្រមាណជា ១០ទៅ ១២សន្លឹកមកបុក កិនពូតយកទឹក ក៏បាន ឬកិន-ក្រឡុកលាយជាមួយនឹងក្រូចឆ្មារសម្បកលឿង (ក្រូចឆ្មារសម្បកលឿងអាចរកទិញបាននៅផ្សារទំនើប ឬបើគ្មានប្រើក្រូចឆ្មារធម្មតាក៏បាន) ១ស្លាបព្រាបាយ ហើយកូរចូលគ្នា
- យកទឹក ឬម៉ាស់ជីរអង្កាមនេះ លាបលើផ្ទៃមុខទុកចោលប្រមាណជា ១៥នាទី ទៅ៣០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។ ល្បាយទឹកដែលនៅសល់ក៏អាចយកមកទុកនៅក្នុងទូទឹកកបានរហូត ២ថ្ងៃ ទៅ៣ថ្ងៃបានផងដែរ។
រូបមន្តនេះ ពិសេសសម្រាប់បំបាត់មុខមុន បានគ្រប់ប្រភេទ ថែមទាំងអាចកម្ចាត់មេរោគបាក់តេរី និងកោសិកាស្បែកដែលខូចៗ ឬចាស់ៗចោលថែមទៀតផង។

# វិធីទី២៖ម៉ាស់ធ្វើឱ្យមុខស្អាត បាត់ជ្រួញ
- លាយស្លឹកជីរអង្កាម ជាមួយនឹងប័រទឹកដោះគោ (Curd ប័រទឹកដោះគោអាចរកបាននៅផ្សារទំនើប) និងទឹកក្រូចឆ្មារសម្បកលឿង ប៉ុន្មានដំណក់ រួចធ្វើការក្រឡុកឱ្យវាក្លាយជាល្បាយមួយ
- បន្ទាប់មកលាងសម្អាតមុខឱ្យស្អាត រួចយកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលឱ្យ៣០នាទី ចាំលាងនឹងទឹកត្រជាក់ចេញវិញជាការស្រេច។
ចំណាំ៖ សម្រាប់ស្បែកមុខស្ងួត អ្នកត្រូវលាយម្សៅទឹកដោះគោ ជាមួយនឹងជីរអង្កាមជំនួសវិញ។
រូបមន្តមួយនេះអាចជួយបណ្តុះកោសិកាស្បែកមុខ ហើយធ្វើឱ្យស្បែកមុខមានសម្រស់ស្រស់ស្អាត ស ទន់ ភ្លឺ ម៉ដ្ឋ រលោង ប្រឆាំងនឹងភាពចាស់ និងស្នាមជ្រីវជ្រួញបានយ៉ាងល្អផងដែរ។

# វិធីទី៣៖ ទឹកជូតសម្អាតមុខ
- យកស្លឹកជីរអង្កាម និងស្លឹកជីរនាងវង មួយមុខមួយក្តាប់ មកបុកឱ្យហ្មត់បន្តិច រួចយកទៅដាំជាមួយនឹងទឹកមួយឆ្នាំងល្មមរហូតដល់ពុះចាំបិទភ្លើង
- ពេលទឹកនេះត្រជាក់ហើយ ត្រងយកតែយកសម្រាប់លុបលាងមុខ ឬយកដុំសម្លីជ្រលក់ទឹកជូតមុខជាប្រចាំក៏បាន ជាការស្រេច។ អ្នកក៏អាចយកទឹកនេះទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយក្នុងទូទឹកកក បានរយៈពេល ៧ថ្ងៃបានផងដែរ។

វិធីទី៤៖ ជួយឱ្យមុខស្អាត
- កិនចេកទុំឱ្យហ្មត់ឱ្យបាន ២ស្លាបព្រាហើយ រួចយកទៅក្រឡុកជាមួយនឹងស្លឹកជីរអង្កាម ១០សន្លឹក ទៅ១២សន្លឹករហូតដល់ហ្មត់ល្អ
- បន្ទាប់មកយកម៉ាស់នេះ មកលាបលើផ្ទៃមុខឱ្យសព្វ និងទុកចោលឱ្យបាន ១៥នាទី ទៅ ២០នាទី ចាំលាងចេញជាមួយនឹង ទឹកត្រជាក់ជាការស្រេច។

វិធីទី៥៖ ជួយឱ្យមុខស
- យកត្រសក់កន្លះផ្លែ កិនឬក្រឡុកជាមួយនឹង ស្លឹកជីរអង្កាមប្រមាណជា ១០ ទៅ ១២សន្លឹក និងទឹកឃ្មុំកន្លះស្លាបព្រាឱ្យហ្មត់
- បន្ទាប់មកយកល្បាយនេះ មកលាបលើផ្ទៃមុខ ទុកចោលប្រមាណជា ២០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

វិធីទី៦៖ សម្រាប់ស្បែកមុខខ្លាញ់
- យកជីរអង្កាមទៅកិន ឬបុកឱ្យបាន ១ស្លាបព្រា លាយជាមួយនឹងម្សៅហ្គ្រាម ១ស្លាបព្រា (ម្សៅហ្គ្រាម Gram Flour អាចរកទិញបាននៅផ្សារទំនើប) និងទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រាបាយ។
- កូរល្បាយនេះចូលគ្នា រួចយកមកលាបលើផ្ទៃមុខ និងកឱ្យសព្វ ទុកចោល ២០នាទី ទៅ៣០នាទី ចាំលាងចេញជាមួយនឹងទឹកធម្មតា។
អ្នកអាចប្រើប្រាស់វិធីបែបនេះជាប្រចាំ ដើម្បីកម្ចាត់បញ្ហាស្បែកមុខខ្លាញ់ និងធ្វើឱ្យស្បែកមុខមានសភាពភ្លឺរលោងស្រស់ស្អាត។ បន្ថែមពីនេះវាអាចជួយសម្អាតមេរោគ បាក់តេរីដែលបង្កជាមេរោគផ្សេងៗ និងបង្កជាការកកើតមុនផងដែរ។

# វិធីទី៧៖ ស្បែកដែលខ្លោចដោយសារកម្តៅថ្ងៃ
- យកស្លឹកជិរអង្កាមបុក ឬកិនលាយជាមួយនឹងទឹកដោះគោជូរក្នុងបរិមាណសមល្មម
- បន្ទាប់មក យកមកលាបលើផ្ទៃមុខ ឬស្បែកដែលរលាក ខ្លោច ខ្មៅ និងក្រហល់ក្រហាយដោយសារតែត្រូវកម្តៅថ្ងៃ
- ទុកចោលប្រមាណជា ៣០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

វិធីទាំងអស់ខាងលើអ្នកអាចប្រើប្រាស់ អ្នកអាចជ្រើយកវិធីមួយណាក៏បាន ដែលលោកអ្នកគិតថាសាកសមសម្រាប់បញ្ហាស្បែកមុខដែលអ្នកចង់បាន និងធ្វើការប្រើប្រាស់ជាប្រចាំ មួយអាទិត្យ ២ ទៅ៣ដង និងបន្តអនុវត្តជាប្រចាំរហូតដល់ទៅ ៣អាទិត្យទៅមួយខែ បញ្ហាស្បែកមុខផ្សេងៗប្រាកដជាលែងមានជាមិនខាន។ អាចសាកល្បងទាំងអស់គ្នាបានណា អ្នកប្រាកដជាភ្ញាក់ផ្អើលពីលទ្ធផលជាមិនខាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]