តាមពិតប៉េងប៉ោះ គឺជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន និយមយកធ្វើជាម្ហូបអាហារជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះជ្រើសយកប៉េងប៉ោះពណ៌ក្រហម ឬហៅថាទុំ រីឯអ្នកខ្លះទៀតជ្រើសយក ប៉េងប៉ោះពណ៌បៃតង ឬហៅថា ប៉េងប៉ោះខ្ចី មកមទទួលទាន។
ជាការពិតណាស់ អ្នកប្រហែលជាចង់ដឹងពីអត្ថប្រយោជន៍របស់វា ជាពិសេសនោះ គឺប៉េងប៉ោះដែលមានពណ៌បៃតងនេះតែម្តង។
តើប៉េងប៉ោះពណ៌បៃតង ផ្តល់អត្ថប្រយោជន៍បែបណាខ្លះ ដល់សុខភាពរាងកាយរបស់អ្នក?
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ប៉េងប៉ោះពណ៌បៃតង សម្រាប់សុខភាពរាងកាយ៖
#ជួយទប់ស្កាត់រ៉ាឌីកាល់សេរី
ប៉េងប៉ោះបៃតង មានផ្ទុកសារជាតិ Flavonoids និង វីតាមីន A ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីបាន ហើយរ៉ាឌីកាល់សេរីអាច ត្រូវបានផលិតចេញពីកាំរស្មីយូវីនៃព្រះអាទិត្យ ក៏ដូចជាឧបករណ៍អេឡិចត្រូនិច ដែលមានជាតិវិទ្យុសកម្ម។
ហេតុនេះការទទួលទានប៉េងប៉ោះបៃតងគ្រប់គ្រាន់ អាចជួយថែរក្សា និង បន្ថយកម្រិតរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់អ្នកបាន។
#ការពារជំងឺមហារីក
វីតាមីន A និង វីតាមីន C ដែលមានប្រភពមកពី ប៉េងប៉ោះបៃតង អាចជួយពង្រឹងអង្គបដិបក្ខក្នុងរាងកាយ ដើម្បីប្រឆាំងនឹងកោសិកាមហារីក។ ម្យ៉ាងវិញទៀត ប៉េងប៉ោះបៃតង ក៏មានផ្ទុកនូវវីតាមីន K និង វីតាមីន B6 ដែលអាចការពារការចាប់ផ្តើមនៃកោសិកាមហារីក ហើយធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីការពារការបញ្ចូលបាក់តេរីអាក្រក់នៅក្នុងខ្លួន។
#ជួយគ្រប់គ្រងកូឡេស្តេរ៉ុល
ប៉េងប៉ោះបៃតង ត្រូវបានគេដឹងថា វាមិនមានផ្ទុកនូវកូលេស្តេរ៉ុលនោះទេ ប៉ុន្តែមានផ្ទុកនូវអាស៊ីតខ្លាញ់ និង វីតាមីន B3 ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ រួមជាមួយនឹងការចងភ្ចាប់កូលេស្តេរ៉ុលក្នុងពោះវៀនផងដែរ។
#ជួយព្យាបាលការរលាក
ប៉េងប៉ោះបៃតង ក៏មានផ្ទុកនូវសារធាតុ Bioflavonoids ដែលដើរតួនាទីជាអ្នកប្រឆំាងទៅនឹងបាក់តេរី និង ប្រឆាំងទៅនឹងការរលាក ដើម្បីជួយពន្លឿនការព្យាបាលឲ្យឆាប់ជាសះស្បើយ រួមទាំងកាត់បន្ថយការឈឺចាប់ផងដែរ។
#បង្ការភាពចាស់មុនអាយុ
អត្ថប្រយោជន៍នៃការទទួលទានប៉េងប៉ោះ សម្រាប់សុខភាពស្បែក គឺដើម្បីបង្ការភាពចាស់ទាំងវ័យក្មេង។ នេះក៏ដោយសារតែ វីតាមីន C ដែលមានប្រភពមកពីប៉េងប៉ោះបៃតងអាចបង្កើតឡើងវិញ នូកោសិកាស្បែក ដើម្បីទប់ស្កាត់ស្នាមជ្រួញនៅលើផ្ទៃមុខ និង ថែមទាំងជួយថែរក្សាស្បែក ឲ្យមានសុខភាពល្អផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប៉េងប៉ោះបៃតង ១០០ក្រាម មានផ្ទុកនូវវីតាមីន C ចំនួន២៣,៤មីលីក្រាម។
#ជួយឲ្យស្បែកស្រស់ថ្លា
ផលប្រយោជន៍មួយផ្សេងទៀតរបស់ ប៉េងប៉ោះបៃតង គឺអាចជួយឲ្យស្បែកតឹងណែនស្រស់ថ្លា ព្រោះតែប៉ូតាស្យូម វីតាមីន A និង វីតាមីន C ដែលមាននៅក្នុងប៉េងប៉ោះបៃតងអាចរក្សាភាពស្រស់ថ្លានៃស្បែក ហើយក៏អាចធ្វើឲ្យស្បែកប្រែរជាភ្លឺស្អាតផងដែរ។
#ជារបបអាហារប្រចាំថ្ងៃដ៏ល្អសម្រាប់រាងកាយ
ទទួលទានប៉េងប៉ោះពណ៌បៃតង ជារបបអាហារប្រចាំថ្ងៃ គឺល្អសម្រាប់សុខភាពរាងកាយរបស់អ្នក ព្រោះវាមានផ្ទុកនូវកាបូអ៊ីដ្រាត ជាតិកាកសរសៃ ប្រូតេអ៊ីន និង ស្ករ ដើម្បីបំពេញនូវថាមពល ដែលត្រូវការដោយរាងកាយ។ ជាមួយគ្នានេះផងដែរ ប៉េងប៉ោះបៃតង ក៏អាចកាត់បន្ថយខ្លាញ់មិនល្អ ចេញពីរាងកាយផងដែរ។
#បង្កើតម៉ាស់សាច់ដុំ
ដោយផ្អែកលើការស្រាវជ្រាវ ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យឡូវ៉ា (The University of Lowa) បានរកឃើញសមាសធាតុ ដែលមាននៅក្នុងប៉េងប៉ោះបៃតង tomatidine អាចបង្កើតកោសិកាសាច់ដុំ និងជួយការពារពីបញ្ហាណាមួយកើតឡើងផងដែរ។
#ជួយថែររក្សាសុខភាពភ្នែក
វីតាមីន A ដែលមានផ្ទុកនូវក្នុងប៉េងប៉ោះពណ៌បៃតង គឺជាវីតាមីនដ៏មានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់អ្នក។ ហេតុនេះអ្នកអាចទទួលទានប៉េងប៉ោះបៃតង ដើម្បីជួយការពារភ្នែកពីបញ្ហាផ្សេងៗ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]