អំបិល ត្រូវបានគេដឹងថាជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងផ្ទះបាយសម្រាប់ការចម្អិនមុខម្ហូបផ្សេងៗ ដែលមិនអាចខ្វះបាន ហើយគេក៏អាចទាញប្រយោជន៍ពីអំបិលសម្រាប់ការប្រើប្រាស់ក្នុងផ្នែក សុខភាព និងសម្រស់បានច្រើនយ៉ាងផងដែរ។
កាលពីជំនាន់មុន គេសង្កេតឃើញចាស់ៗតែងតែបាចអំបិល នៅជុំវិញផ្ទះដោយហេតុជំនឿបុរាណគេជឿថាអាចការពារ និងប្រឆាំង/កម្ចាត់នឹងវិញ្ញាណអរូបិយអាក្រក់ (ខ្មោច ព្រាយ បិសាច) ដែលចូលបៀតបៀនក្រុមគ្រួសារ។
ដោយឡែក បច្ចុប្បន្នគេបានរកឃើញថា ការបាចអំបិលនៅជុំវិញផ្ទះនេះពិតជាអាចមានប្រយោជន៍មួយចំនួន ដែលអ្នកមិនបានដឹង សូម្បីតែនៅក្នុងផ្ទះក៏អាចយកអំបិលមកប្រើប្រាស់បានច្រើនយ៉ាងផងដែរ ដូចខាងក្រោមនេះ៖

១. កម្ចាត់សត្វស្រមោច
អំបិលអាចយកមកកម្ចាត់ និងការពារការកើតមានសត្វស្រមោចនៅក្នុងបរិវេណជុំវិញផ្ទះ និងក្នុងផ្ទះផងដែរ ដោយវិធីងាយៗ។
ដោយគ្រាន់តែបាចអំបិលទៅលើបង្អួច ចង្ក្រានបាយ ព្រំ ទ្វារ និងជញ្ជាំង ឬទីកន្លែងណាដែលជាផ្លូវឆ្លងកាត់របស់សត្វស្រមោចតែប៉ុណ្ណោះ បញ្ហានឹងត្រូវបានដោះស្រាយជាមិនខាន។

២. សម្អាតគ្រឿងប្រាក់ និងស្ពាន់
មិនថាសម្ភារផ្ទះបាយ ឬគ្រឿងតុបតែងគេហដ្ឋាននោះទេ ឱ្យតែជាគ្រឿងដែលស្រោបទៅដោយប្រាក់ និងស្ពាន់នោះ អំបិលអាចជួយកម្ចាត់ភាពកខ្វក់ និងផ្តល់ភាពស្រស់ស្អាតភ្លឺរលោងបានដោយងាយ។
ដោយគ្រាន់តែអ្នកលាយទឹកខ្មេះប៉ោម (Apple Cider Vinegar រកបាននៅផ្សារទំនើប) កូរលាយជាមួយនឹងអំបិលក្នុងបរិមាណសមល្មមតែប៉ុណ្ណោះ រួចយកមកដុសលាង ដុសខាត់សម្ភារទាំងនោះ រាល់ស្នាមប្រឡាក់ ហើរពណ៌ ឬភាពកខ្វក់នឹងត្រូវបានសម្អាតអស់ ថែមទាំងផ្តល់ភាពភ្លឺរលោងចែងចាំងផងដែរ។

៣. សម្អាតកញ្ចក់
ស្នាមប្រឡាក់ ឬភាពស្រអាប់លើកញ្ចក់ មិនថាតែកញ្ចក់ឆ្លុះមុខ កញ្ចក់បង្អួច និងកញ្ចក់ឡាននោះទេ សុទ្ធតែអាចកម្ចាត់ចេញ និងផ្តល់ភាពភ្លឺរលោងស្អាតបានដោយគ្រាន់តែប្រើទឹកអំបិលតែប៉ុណ្ណោះ។
ជំហានដំបូង អ្នកគ្រាន់តែលាយទឹកក្តៅឧណ្ហៗប្រមាណជា ៣លីត្រកន្លះ ទៅ៤លីត្រ ជាមួយនឹងអំបិល ២ស្លាបព្រាពេញ។ ហើយកូរចូលគ្នាឱ្យសព្វ សឹមយកទឹកនេះមកបាញ់សម្អាតកញ្ចក់ជាការស្រេច។

៤. សម្អាតគ្រឿងផ្ទះបាយ/បន្ទប់ទឹក
សម្ភារផ្ទះបាយ ឆ្នាំង ចាន ខ្ទះ និងមិនថាតែអាងលាងចាន ឬក្បាលរ៉ូមីណេកន្លែងលាងចាន និងបន្ទប់ទឹកនោះទេ អំបិលអាចធ្វើការសម្អាតឱ្យស្អាត និងភ្លឺរលោងល្អផងដែរ។
ដោយគ្រាន់តែយកក្រូចឆ្មារមួយចំណិតច្របាច់លាយនៅក្នុងទឹកក្តៅឧណ្ហៗ និងបន្ថែមអំបិលបន្តិចក្នុងបរិមាណសមល្មម រួចយកមកដុសលាងសម្ភារទាំងនោះតែប៉ុណ្ណោះ។

៥. សម្អាតសម្លៀកបំពាក់ ធ្វើឱ្យទន់ល្មើយមិនរួញក្រញង់
គ្រាន់តែលាយអំបិលក្នុងបរិមាណសមល្មម នៅក្នុងម៉ាស៊ីនបោកខោអាវ វាមិនត្រឹមតែជួយធ្វើឱ្យការបោកគក់កាន់តែស្អាត និងឆាប់អស់ភាពកខ្វក់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យសម្លៀកបំពាក់របស់អ្នកមានសភាពទន់ និងមិនជ្រួញខ្ទេចសាច់ក្រណាត់រាល់ពេលហាលថ្ងៃទៀតផង។

៦. សម្អាតវាំងនន និងព្រំ
ក្រណាត់វាំងនន និងព្រំចាស់ៗ អាចសម្អាតបានស្អាតល្អដោយមិនបាច់ទិញថ្មីនោះឡើយ ដោយគ្រាន់តែប្រើទឹកអំបិលតែប៉ុណ្ណោះ។
ងាយៗអ្នកអាចលាយអំបិលក្នុងបរិមាណសមល្មមនៅក្នុងទឹកមួយធុង ឬមួយចានដែក ហើយធ្វើការត្រាំក្រណាត់វាំងនន និងព្រំនេះក្នុងរយៈពេលសមល្មម ហើយលើកចេញយកទៅហាលនោះ អាចកម្ចាត់ភាពកខ្វក់ ស្នាមប្រឡាក់ និងធ្វើឱ្យមានសភាពស្អាតដូចជារបស់ថ្មីយ៉ាងអីចឹង។

៧. ជួយដល់ស្បែក
គ្រាន់តែលាយអំបិលជាមួយនឹងប្រេងធម្មជាតិដូចជា ប្រេងដូង ប្រេងអូលីវ និងរាល់ប្រេងមានប្រយោជន៍ ហើយយកមកដុសលាងសម្អាតថ្នមៗលើស្បែករាល់ពេលងូតទឹក រួចទុកចោលប្រមាណជា ២ ទៅ៣នាទីចាំលាងទឹកចេញ នឹងជួយធ្វើឱ្យស្បែករបស់អ្នកទន់ ស ម៉ដ្ឋ និងរលោងស្រស់ស្អាតជាងមុនជាមិនខាន។

៨. សម្អាតធ្មេញ
គ្រាន់តែលាយអំបិលនៅក្នុងទឹកមួយកែវហើយខ្ពុរមាត់ទៀងទាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែអាចជួយសម្អាតធ្មេញនោះទេ ថែមទាំងអាចកម្ចាត់ក្លិនមាត់ ព្រមទាំងព្យាបាលបញ្ហាឈឺធ្មេញ និងដំបៅក្នុងមាត់ផងដែរ។
ក្រៅពីនេះការយកអំបិលមកដុសសម្អាតធ្មេញជំនួសថ្នាំដុសធ្មេញ អាចជួយធ្វើឱ្យធ្មេញរឹងមាំ និងស ភ្លឺរលោងទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]