ខេត្តកណ្ដាល ៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេមកទើនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ មិថុនា បន្ទាប់ពីធ្លាក់ពីលើទូកដបាត់ពីរថ្ងៃមកហើយ ។ មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា សពត្រូវបានគេស្គាល់ឈ្មោះ ទាង ហោស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រែកឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបកសិករ។
នគរបាលបានឱ្យដឹងបន្ថែមថា កាលពីវេលាម៉ោង១២យប់ថ្ងៃទី២២ មិថុនា ជនរងគ្រោះមានសភាពស្រវឹងស្រាខ្លាំង បើកម៉ូតូចុះទូកដមិនត្រង់ផ្លូវផង បានជិះម៉ូតូមកឆ្លងទូកដរ (កំពង់ចំលងព្រែកតូច) ពេលឆ្លងដល់ចំងាយប្រហែលជាង៣០ម៉ែត្រពីច្រាំងត្រើយខាងលិចមកត្រើយខាងកើត ជនរងគ្រោះមានសភាពស្រវឹងរួចក៏បានធ្លាក់ពីលើទូកដ លិចចូលក្នុងទឹកបាត់បាត់ខ្លួនតែម្ដង ដែលសាក្សីខ្លះនិយាយថា ជនរងគ្រោះលោតទឹកធ្វើអត្តឃាត ហើយខ្លះទៀតនិយាយថា ស្រវឹងស្រា ទើបបណ្តាលឱ្យធ្លាក់ពីលើទូកដ។ លុះដល់ថ្ងៃទី២៤ មិថុនា វេលាម៉ោង៨ព្រឹក ទើបប្រទះឃើញសពអណ្តែតទឹកក្នុងទន្លេបាសាក់ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពីបានទទួលព័ត៌មានខាងលើភ្លាម នគរបាលប៉ុស្តិ៍ត្រើយស្លាបានសហការជាមួយផ្នែកជំនាញពិនិត្យហេតុការណ៍នៅក្នុងស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ បានពិនិត្យសព ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]