ភ្នំពេញ ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិចត្រូនិចនៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិចត្រូនិចដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។
ដោយប្រកាន់ភ្ជាប់ ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សំរាប់ការអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេពកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។
ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖
«សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ផលិតផលមួយមុខនោះឡើយ ពោលគឺយើងក៏ចួលរួមផ្ដល់ផលប្រយោជន៍ដល់សង្គមតាមរយ:ការពង្រីកចំណេះដឹង ទៅលើផ្នែកគ្រឿងអេឡិចត្រូនិច។» លោកបានបន្តទៀតថា « យើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៥នេះ នឹងបន្តភាពជោគជ័យរបស់យើងក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ដល់សិក្ខាកាមទាំង៨០នាក់ដែលបានចូលរួមក្នុងវគ្គនេះ ហើយសង្ឃឹមជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិ និងអនាគតរបស់ខ្លួន»។
ឯកឧត្តម បណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍ថា ៖
« វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃការចូលរួមរបស់វិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ »។
គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤ ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត ៣០០នាក់ ហើយដែល សិក្ខាកាមទាំងនេះ បាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ តាមការបង្ហាត់បង្ហាញក្រៅសាលា ។ ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ ។
គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលពិសេសនិងទំនើបជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់សាមសុងផងដែរ ។
ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សឆ្នើមចំនួន៨នាក់ នឹងទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាលការងារ ពីបណ្ដាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់សាមសុងនៅកម្ពុជាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]