ខេត្តកណ្តាលៈ ចោរស្ទើរភ្លើងម្នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះ ដោយសារតែជនសង្ស័យរូបនេះ ធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះ ដែលចតនៅក្បែរផ្ទះ រួចហើយម្ចាស់ម៉ូតូតាមទាន់ បានដណ្តើមម៉ូតូពីម្ចាស់ មិនព្រមឲ្យ លុះពេលមានអ្នកស្រុកឈរមើលច្រើន ទើបរត់ ចេញពីម៉ូតូ លុះពេលដែលម្ចាស់ម៉ូតូ យកម៉ូតូមកដល់ផ្ទះ បែរជាជនសង្ស័យបានតាមពីក្រោយ ចាប់ទាញសក់ជនរងគ្រោះទៅក្រៅផ្ទះ ហើយបានគំរាម ឲ្យប្តឹង នគរបាល បើមិនប្តឹង គេនឹងដុតផ្ទះចោល លុះព្រឹកឡើង ជនរងគ្រោះប្តឹងឲ្យនគរបាល ឃាត់ខ្លួនតែម្តងទៅ ហេតុការណ៍ឃាត់ជនសង្ស័យ រូបនេះកើតឡើង កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិត្រើយស្លា ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជឿន ចាន់ណា ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរជាកសិក រស់នៅក្នុងភូមិ ឃុំកើតហេតុ ។ ចំណែកឯជនសង្ស័យ វិញមានឈ្មោះ ចក់ លាងសេង ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា ។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាព លួចបានហើយ ត្រូវជនរងគ្រោះ ដណ្តើមយកបានមកវិញនោះ ម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1B-0491។ 

ប្រភពបានបន្តថា កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ ជនរងគ្រោះបានយកម៉ូតូ ទុកនៅក្បែរផ្ទះ ដោយដាក់ឲ្យកូនដេកសិន ក្រោយមកក៏មកយកម៉ូតូទុកដាក់ ស្រាប់តែមិនឃើញម៉ូតូ រួចក៏រត់រក ប្រទះឃើញម៉ូតូដែលជនរងគ្រោះ កំពុងបណ្តើរនៅខាងជើងផ្ទះ ប្រហែលជា ៣០ម៉ែត្រ ពេលនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ ឡើងហើយ បានទៅដណ្តើមម៉ូតូពីជនសង្ស័យ តែជនសង្ស័យដណ្តើមម៉ូតូ ជាមួយជនរងគ្រោះ មិនព្រមឲ្យនោះទេ ដោយសារតែប្រជាពលរដ្ឋ នៅជិតខាងបំភ្លឺ ភ្លើងពិលចំច្រើនគ្នា ទើបជនសង្ស័យរត់ចេញពីម៉ូតូ បន្ទាប់ពីជនរងគ្រោះដណ្តើមម៉ូតូបានហើយ ក៏បានបណ្តើរយកទៅទុកក្នុងផ្ទះ ពេលនោះជនសង្ស័យ បានតាម ទៅពីក្រោយបោចសក់ជនរងគ្រោះ ទាញចេញក្រៅផ្ទះ ថែមទាំងគំរាមឲ្យទៅប្តឹងនគរបាល បើសិនជាមិនប្តឹង គេនឹងដុតផ្ទះចោលជាមិនខាន លុះដល់ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ជនរងគ្រោះក៏ប្តឹងឲ្យនគរបាល ឃាត់ជនសង្ស័យ និងចាត់ការទៅតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកស្អាង កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការទៅ តាមនីតិវិធីនៃច្បាប់៕

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]