ភ្នំពេញ៖ បន្ទាប់ពីបានឈ្នះក្នុងការប្រកួតនៅថ្នាក់តំបន់រួចហើយ ជាងសំណង់ចំនួន ៣៤នាក់ បានមកចូលរួមប្រកួតគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលការប្រកួតនេះបានរៀបចំនៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកកំពូលជាងសំណង់ផ្នែកបូកស៊ីម៉ង់ត៍ និងផ្នែកប្រក់ដំបូល។
អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន បានជួយគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជាងសំណង់នៅកម្ពុជានេះ ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ មកម្លេះ ដែលបានបណ្ដុះបណ្ដាលជាងសំណង់ លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល។
កម្មវិធីបណ្ដុះបណ្ដាលនេះ ផ្ដោតលើការប្រើប្រាស់ផលិតផលសម្ភារសំណង់ និងបច្ចេកទេសសំណង់ បែបទំនើបទាន់សម័យ ហើយការបណ្ដុះបណ្ដាលនេះ ត្រូវបានសហការជាមួយ វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរគឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI)។


យោងតាមក្រុមហ៊ុនអេសស៊ីជី កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នេះជាសក្ខីកម្មបង្ហាញឲ្យឃើញពីការប្ដេជ្ញា និងការតាំងចិត្តរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ជំនាញរបស់ជាងសំណង់ និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេស និងសហគមន៍ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖
«យើងពិតជាមានមោទនភាពក្រៃលែង ដែលបានមើលឃើញ ពីជោគជ័យយ៉ាងត្រចះត្រចង់ នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នេះ ហើយមានក្ដីរំភើបដែលយើងបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជាងសំណង់ ដើម្បីរកឲ្យឃើញជើងឯងថ្នាក់ជាតិផ្នែកបូកស៊ីម៉ង់ត៍ និងផ្នែកប្រក់ដំបូល។»
ការបណ្ដុះបណ្ដាល និងការប្រកួតជាងសំណង់នេះ បានយកផលិតផលសំណង់គុណភាពខ្ពស់ទាន់សម័យរបស់ក្រុមហ៊ុនអេសស៊ីជី មកប្រើប្រាស់ ដែលមានដូចជាស៊ីម៉ង់ត៍ ខេ-ស៊ីមេន និងក្បឿងអេសស៊ីជីជាដើម។
លោក បានបន្ថែមថា៖
«ម៉ាកយីហោ អេសស៊ីជីគឺជាម៉ាកយីហោដែលមានការទុកចិត្ត។ យើងបានឈ្នះនូវពានរង្វាន់ផ្សេងៗចំពោះទំនុកចិត្តរបស់អតិថិជនមកលើផលិតផលរបស់យើង ហើយយើងមានមោទនភាពដែលបានក្លាយជាម៉ាកយីហោ ដែលទទួលបានការកោតសរសើរបំផុត សម្រាប់វិស័យអាជីវកម្មរបស់យើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ តាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការប្រកួតនេះ យើងសង្ឃឹមថា ជាងសំណង់ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាល ផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល កំពុងតែទទួលបានផលប្រយោជន៍ តាមរយៈទំនាក់ទំនងរបស់ពួកគេជាមួយនឹងម៉ាកយីហោ អេសស៊ីជី និងទទួលបានទំនុកចិត្តចំពោះស្នាដៃរបស់គេផងដែរ។

តាមរយៈការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វគ្គបណ្ដុះបណ្ដាល និងការប្រកួតជាងសំណង់នេះមានបំណងលើកកម្ពស់ជំនាញ និងប្រាក់ចំណូលរបស់ជាងសំណង់ លើកកម្ពស់គុណភាពរបស់សំណង់ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសំណង់។
កម្មវិធីបណ្ដុះបណ្ដាល និងការប្រកួតនេះ បានជួយគាំទ្រដល់ចក្ខុវិស័យរបស់អេសស៊ីជី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល អប់រំ និងការលើកកម្ពស់បទដ្ឋានផ្នែកសំណង់។
គួរជម្រាបថា ការប្រកួតនៅថ្នាក់តំបន់សម្រាប់កម្មវិធីប្រកួតផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូលបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ហើយអ្នកឈ្នះក្នុងការប្រកួតថ្នាក់តំបន់បានមកប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃបន្ទាប់។

នៅថ្ងៃនេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរៀបចំការប្រកួតសំណង់ទូទាំងប្រទេស ដែលប្រព្រឹត្តិទៅនាឆ្នាំនេះ ដើម្បីជាការបង្កើនជំនាញរបស់ជាងសំណង់ និងលើកកម្ពស់គុណភាពផ្នែកសំណង់ ក៏ដូចជាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ជារួមផងដែរ។
តាមរយៈបទពិសោធន៍ច្រើនទសវត្សនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន SCG បានមើលឃើញនូវបញ្ហាប្រឈម ដែលម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់ តែងជួបប្រទះ ក្នុងការស្វែងរកជាងសំណង់ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានជំនាញ ហើយក៏បានមើលឃើញនូវបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា សម្រាប់ជាងសំណង់ ដែលមានទេពកោសល្យ និងមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ក្នុងការទទួលបាននូវប្រាក់ឈ្នួលល្អប្រសើរ សម្រាប់ទឹកដៃការងារដែលមានគុណភាពរបស់ខ្លួន។
ការរៀបចំនូវការប្រកួតទូទាំងប្រទេសនេះ នឹងធ្វើតេស្តលើជំនាញរបស់ជាងសំណង់ សម្រាប់ការងារបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល ហើយនេះជាផ្នែកមួយនៃយុទ្ធនាការដែលគាំទ្រដល់ចក្ខុវិស័យរបស់ SCG ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្តាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់។
យុទ្ធនាការនេះ បានចាប់ផ្ដើមកាលពីដើមខែនេះ តាមរយៈការសម្ពោធនូវគម្រោងបណ្ដុះបណ្ដាលជាងសំណង់ ដែលបានចាប់ផ្ដើមបណ្ដុះបណ្ដាលជាងសំណង់ លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះធ្វើឡើងនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។
សិក្ខាកាមដែលបានឆ្លងកាត់គម្រោងបណ្ដុះបណ្ដាលជាងសំណង់នេះ នឹងមានសិទ្ធិចូលរួមនៅក្នុងការប្រកួត ដែលនឹងរៀបចំនៅក្នុងឆ្នាំនេះ ក្នុងគោលបំណងបង្ហាញដល់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់បានឃើញនូវជាងសំណង់ដែលមានជំនាញត្រឹមត្រូវ។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖
«យុទ្ធនាការនេះឆ្លុះបញ្ចាំងឲ្យឃើញ ពីចក្ខុវិស័យរបស់យើង ក្នុងការផ្ដល់នូវមធ្យោបាយមានប្រយោជន៍សម្រាប់ម្ចាស់លំនៅដ្ឋាន ម្ចាស់គម្រោងសាងសង់ និងជាងសំណង់ផង ដែលអនុញ្ញាតឲ្យពួកគេអាចស្វែងរកអ្នក ដែលមានជំនាញត្រឹមត្រូវសម្រាប់ការងារសំណង់។ យើងមានមោទនភាព និងមានកិត្តិយស ដែលបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំនូវការប្រកួតនេះឡើង។»

ការប្រកួតជម្រុះនៅតាមខេត្តសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងត្រូវបានធ្វើឡើង នៅតាមទីរួមខេត្តសំខាន់ៗទូទាំងប្រទេស ហើយអ្នកឈ្នះក្នុងវគ្គជម្រុះនោះ នឹងចូលរួមក្នុងការប្រកួតចុងក្រោយ ដែលរៀបចំដោយ SCG ក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំនេះផងដែរ។ ចំណែកឯការប្រកួតផ្នែកប្រក់ដំបូលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែធ្នូ ឆ្នាំ ២០១៨ នេះ។
ទាំងនៅក្នុងវគ្គបណ្ដុះបណ្ដាល និងក្នុងការប្រកួត ជាងសំណង់ នឹងប្រើប្រាស់នូវផលិតផលគុណភាពខ្ពស់ចុងក្រោយរបស់ SCG មានដូចជាស៊ីម៉ង់ត៍ ខេ-ស៊ីមេន និងក្បឿង SCG ជាដើម ។
សិក្ខាកាមដែលចូលរួម នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការបណ្ដុះបណ្ដាលពីគម្រោងនេះ ខណៈដែលជ័យលាភីចុងក្រោយ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២ លានរៀល និងអាចចូលរួមដំណើរទស្សនកិច្ចអប់រំ ទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុន SCG ផងដែរ។
លោក ស៊ុមវ៉ាង មានមានប្រសាសន៍ទៀតថា៖
«នេះជាឱកាសដ៏ល្អសម្រាប់ជាងសំណង់ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាល ក្នុងគម្រោងបណ្ដុះបណ្ដាលជាងសំណង់របស់យើង ដែលត្រូវបង្ហាញជំនាញសំណង់របស់ខ្លួន ហើយកសាងកិត្តិនាមរបស់ខ្លួនផងដែរ។ កិត្តិនាមកាន់តែល្អមានន័យថា មានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់។ សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់វិញ ពួកគេច្បាស់ជាទុកចិត្តចំពោះលទ្ធផលការងារ ប្រសិនបើពួកគេជ្រើសរើសយកជាងសំណង់ ដែលមានការបញ្ជាក់ត្រឹមត្រូវចេញពីការប្រកួតនេះ។»

ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន SCG ។
ឯកឧត្តម បានមានប្រសាសន៍ថា៖
«គោលបំណងនៃការប្រកួតប្រជែងជំនាញនេះ ដើម្បីលើកទឹកចិត្តដល់ជាងសំណង់ក្នុងការអភិវឌ្ឍន៍ជំនាញក្នុងប្រទេសកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិ តាមរយៈការប្រកួតប្រជែងជំនាញដោយប្រើប្រាស់នូវចំណេះដឹង ជំនាញពីការបណ្តុះបណ្តាល និងបទពិសោធន៍តាមការដ្ឋាន។»

ចំណែកឯលោក ស៊ុមវ៉ាង បានបន្ថែមថា៖
«យុទ្ធនាការនេះបញ្ជាក់ឲ្យឃើញពីក្ដីបំណងរបស់ក្រុមហ៊ុន SCG ក្នុងការបង្កើនគុណភាព និងជំនាញផ្នែកសំណង់នៅកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ជាងសំណង់ ដែលយើងបានសម្ពោធកាលពីខែមីនា។ តាមរយៈសម្ភារសំណង់ដែលមានគុណភាពខ្ពស់របស់ SCG គួបផ្សំ នឹងជាងសំណង់ជំនាញ ដែលមានការបញ្ជាក់ពីវគ្គបណ្ដុះបណ្ដាល ប្រាកដណាស់យើងនឹងអាចជួយដល់ឧស្សាហកម្មសំណង់របស់កម្ពុជាឲ្យមានការអភិវឌ្ឍន៍មួយកម្រិតទៀតនៅក្នុងពេលអនាគតដ៏ខ្លី។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]