ទីក្រុងបុរាណល្បីៗជាច្រើនមកហើយ ដែលត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ និងជីកកកាយជាបន្តបន្ទាប់ រហូតបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណង់បុរាណដ៏ល្អពិចិត្រឥតខ្ចោះកាលពីសម័យមុន ហើយក៏បានយកមកអភិរក្សថែរក្សា រហូតក្លាយទៅជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ដែលមានស្រូបទាញចំនួនអ្នកទេសចរមកកម្សាន្តយ៉ាងច្រើនកុះករផងដែរក្នុងមួយឆ្នាំៗ។
ដោយទីក្រុងទាំងនោះមួយចំនួនបានរក្សាទ្រង់ទ្រាយរូបរាងល្អដដែល ឯសំណង់ខ្លះក៏រងនូវការបែកបាក់ស្ទើរតែទាំងស្រុង ហើយសំណង់ទីក្រុងខ្លះទៀតដែលធ្លាប់ប្រទះតែក្នងសំណេរចរិកបុរាណនោះ បែរជាត្រូវបានគេរកឃើញថាមានពិតនៅលើលោកទៅវិញ។
ដូច្នេះចង់ដឹងថា តើសំណង់ទីក្រុងដែលត្រូវបានគេបោះបង់មានរូបរាង និងអាថ៌កំបាំងយ៉ាងណា សូមមកធ្វើការតាមដានទាំងអស់គ្នា៖
១. ទីក្រុង Machu Pichhu ប្រទេសប៉េរ៉ុ
Machu Pichhu គឺជាទីក្រុងបុរាណមួយនៃសម័យ Inca ដែលគេហៅវាថា « ទីក្រុងដែលបាត់បង់នៃអាណាចក្រ Incas » ។ ទីក្រុងមួយនេះស្ថិតនៅលើភ្នំ Urubamba នៃប្រទេសប៉េរុ ដែលមានរយៈកម្ពស់ ២៤៣០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានចម្ងាយពីភាគពាយព្យនៃទីក្រុង Cusco ប្រមាណជា ៨០គីឡូម៉ែត្រ។
ទីក្រុងនេះត្រូវបានសាងសង់ឡើងនៅក្នុងសត្សវត្សរ៍ទី ១៥ ខ្ទង់ឆ្នាំ ១៤៥០ ដោយអធិរាជ Pachacuti នៃអាណាចក្រ Inca ក្រោយមកក៏ត្រូវបានគេបោះបង់ចោលប្រមាណជា ១០០ឆ្នាំ ដោយសារតែការឈ្លានពានពីពួកអស្ប៉ាញនៅប៉ែកអាមេរិកខាងត្បូង។ ក្រោយមកនៅក្នុងឆ្នាំ ១៩១១ ទីក្រុងបុរាណនេះត្រូវបានអ្នកស្រាវជ្រាវម្នាក់រកឃើញ នោះគឺលោក សាស្ត្រាចារ្យ Hiram Bingham ថែមទាំងបាននិពន្ធសៀវភៅមួយក្បាលអំពីទីក្រុងនេះមានឈ្មោះថា “The Lost City of the Incas” ។
បន្ទាប់មក ទីក្រុងនេះក៏ចាប់មានឈ្មោះល្បីល្បាញដោយសារតែស្នាដៃសាងសង់ដ៏អស្ចារ្យ និងសំណង់ដែលនៅតែរក្សារូបរាងពេញលេញរហូតសព្វថ្ងៃ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តយ៉ាងច្រើនកុះករ ថែមទាំងបានចុះឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងឆ្នាំ ១៩៨៣ទៀតផង។ គួរឱ្យដឹងផងដែរថា ទីក្រុងដ៏ល្បីនេះ មានព្រឹត្តិការណ៍ដ៏អស្ចារ្យ២ដងក្នុងមួយឆ្នាំ នោះគឺព្រះអាទិត្យរះចំកណ្តាលទីក្រុងនេះ ថែមទាំងគ្មានស្រមោលផងដែរ។
២. ទីក្រុងអង្គរ ប្រទេសកម្ពុជា
ទីក្រុងអង្គរ គឺជាទីក្រុងបុរាណមួយនៃចក្រភពអង្គរដ៏ល្បីល្បាញ ថែមទាំងមានការរីកចម្រើន និងរុងរឿងដល់កំពូលស្ទើរគ្រប់វិស័យចាប់ពីសតវត្សរ៍ទី ៩ រហូតដល់សតវត្សរ៍ទី ១៥។ ជាពិសេសនោះ នៅដើមសត្សវត្សរ៍ទី ១២ ព្រះបាទសុរ្យវរ្ម័នទី២ ថែមទាំងបានសាងសង់ប្រាសាទអង្គរវត្ត ដែលជាវិមានសាសនាដ៏ធំអស្ចារ្យមួយបំផុតក្នុងលោកនៅទីក្រុងអង្គរនេះផងដែរ ដើម្បីឧស្ទិសដល់សាសនាព្រាហ្មណ៍ (វិស្ណុលោក) រួមទាំងប្រាសាទអស្ចារ្យរាប់រយប្រាសាទផ្សេងទៀត។
តែគួរឱ្យស្តាយនៅចុងសតវត្សរ៍ទី ១៥ ទីក្រុងដ៏ល្បីល្បាញនេះបានចាប់ផ្តើមធ្លាក់ចុះដោយសារតែការលុកលុយ និងដុតបំផ្លាញពីសំណាក់ប្រទេសជិតខាងឈ្លានពានរហូតដល់សម្រេចចិត្តបោះបង់ទីក្រុងនេះចោលទាំងស្រុងតែម្តងឱ្យស្ថិតនៅកណ្តាលទ្រូងព្រៃស្ងាត់ជ្រងំ។
រហូតដល់ឆ្នាំ១៨៦០ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ធម្មជាតិវិទូបារាំងលោក អង់ហ៊្រី-មូហ៊ត (Henri Mouhot) ហើយលោកក៏បានកត់ត្រាការរុករកនៃការឃើញទីក្រុងដ៏អស្ចារ្យមួយនេះ រហូតធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលចំពោះសំណង់វិមានដ៏ធំស្កឹមស្កៃ ប្រកបដោយក្បាច់រចនាដ៏ល្អពិចិត្រគ្មានពីរដែលសឹងមិនជឿថាជាស្នាដៃសាង់សង់របស់បុព្វបុរសខ្មែរនេះផងដែរ។
ក្រោយមកទីក្រុងអង្គរ ក៏ចាប់មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក និងបានស្រូបទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ រហូតបានជាប់ឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ១៩៩២ ទៀតផង។
គួរឱ្យដឹងផងដែរថា ទីក្រុងអង្គរក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលប្រាសាទដ៏អស្ចារ្យ ២ដងក្នុងមួយឆ្នាំផងដែរ គឺនៅក្នុងខែមីនា និងខែកញ្ញា។
៣. ទីក្រុង Pompeii ប្រទេសអ៊ីតាលី
ទីក្រុង Pompeii គឺជាទីក្រុងដ៏ល្បីល្បាញមួយ ដែលត្រូវបានបំផ្លាញចោលនៅក្រោមគំនរដី និងផេះ ដោយសារតែបន្ទុះភ្នំភ្លើង Vesuvius ដ៏ធំសម្បើមមួយនៅក្នុងឆ្នាំ ៧៩ មុនគ្រិស្កសករាជ ហើយបានសម្លាប់អាយុជីវិតប្រជាជនស្ទើរតែមួយទីក្រុង ដោយប្រជាជនខ្លះក៏នៅរស់រានមានជីវិតដោយការរត់ភៀសខ្លួនទាន់ពេលវេលា។ ហើយបន្ទុះភ្នំភ្លើងនេះផងដែរ ក៏បានសម្លាប់ប្រជាជនមួយទីក្រុង Herculaneum ទៀតផង។
ក្រោយការបាត់បង់ទីក្រុងនេះអស់រយៈពេលជិត ២០០០ឆ្នាំ ក្រោយមកក្នុងសតវត្សរ៍ទី ១៨ ទីក្រុងចាស់បុរាណដ៏ល្បីល្បាញមួយនេះ រួមទាំងគំនរឆ្អឹងសាកសពជាច្រើនត្រូវបានគេរកឃើញ ហើយក៏បានក្លាយទៅជាទីក្រុងដែលសម្បូរភ្ញៀវទេសចរមកកម្សាន្តលេងផងដែរ។
គួរឱ្យដឹងផងដែរថា ភ្នំភ្លើង Vesuvius នៅតែមានសកម្មភាព គ្រាន់តែវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជន ឬភ្ញៀវទេសចរដែលមកកម្សាន្តនោះឡើយ រហូតគ្មានអ្នកណាអាចស្មានបានថាភ្នំភ្លើងមួយនេះធ្លាប់បានបំផ្លាញទីក្រុង និងប្រជាជនក្នុងទីក្រុងយ៉ាងព្រៃផ្សៃពីមុនមកនោះឡើយ។
៤. ទីក្រុង Petra ប្រទេស Jordan (ហ្ស៊កដានី)
Petra គឺជាទីក្រុងបុរាណនៃចក្រភព Nbataean ដែលបានកសាងឡើងក្នុងឆ្នាំ ៣១២ មុនគ្រិស្កសករាជ ដោយឆ្លាក់ចូលទៅក្នុងរូងថ្មភ្នំមួយក្នុងតំបន់ Wadi Musa ប្រទេសហ្ស៊កដានី។ ទីក្រុងមួយនេះផងដែរ មានឈ្មោះម្យ៉ាងទៀតថា Rose City ជាទីក្រុងដែលមានការរីកចម្រើន ខាងការជួញដូរក្រណាត់សំពត់សូត្រ និងមានឈ្មោះល្បីល្បាញខាងរចនាបថសំណង់ធ្វើពីថ្មដ៏អស្ចារ្យ ហើយក៏ជាកន្លែងផ្គត់ផ្គង់ទឹកដ៏សំខាន់មួយផងដែរ។
នៅក្នុងសតវត្សរ៍ទី ៦ ទីក្រុងនេះត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដី ធ្វើឱ្យខ្ទេចខ្ទាំរចនាសម្ព័ន្ធទីក្រុងស្ទើរតែស្រុង ថែមទាំងខូចខាតកន្លែងផ្គត់ផ្គង់ប្រភពទឹកប្រចាំទីក្រុងផងដែរ រហូតប្រជាជនបាននាំគ្នាជម្លៀសខ្លួនចេញ និងធ្វើការបោះបង់ចោលទីក្រុងនេះទាំងស្រុងតែម្តង។ បន្ថែមពីនោះ មជ្ឈមណ្ឌលសាសនាគ្រិស្តដ៏សំខាន់ ដែលកសាងនៅក្នុងយុគសម័យ Byzantine ដែលមានអាយុកាលប្រមាណជាង ២០០០ឆ្នាំ ក៏ត្រូវបានខូចខាតអស់មួយចំនួនផងដែរ ដោយសារតែខ្យល់ដែលមានជាតិប្រៃពីសមុទ្រខ្សាច់ Bedouin of the Arabian ។
ដោយឡែកនៅក្នុងឆ្នាំ ១៨១២ ទីក្រុង Petra ដ៏ល្បីល្បាញនេះត្រូវបានគេរកឃើញ និងចាប់មានឈ្មោះល្បីល្បាញឡើងវិញ ដោយក្លាយទៅជាគោលដៅទេសចរណ៍ជាច្រើនមកកម្សាន្តលេង និងថតរូបជាអនុស្សាវរីយ៍ផងដែរ។
៥. ទីក្រុង Tikal ប្រទេស Guatemala
ទីក្រុង Tikal គឺជាទីក្រុងចាស់បុរាណដ៏ល្បីល្បាញ និងរីកចម្រើនមួយនៅក្នុងយុគសម័យ Mayan មុនសតវត្សរ៍ទី ៤ ស្ថិតក្នុងតំបន់ព្រៃ Guatemala តែត្រូវបានឈ្លានពានដោយក្រុង Teotihuacan និងត្រូវបានគេបោះបង់ចោលទីក្រុងនេះទាំងស្រុងតែម្តងនៅចុងសតវត្សរ៍ទី ១០។
សព្វថ្ងៃ ទីក្រុងនេះបានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយដែលត្រូវបានគេអភិរក្សទុកជាសម្បត្តិអរិយធម៌ដ៏ល្អផូរផង់មួយ ដែលមានសំណង់ប្រាសាទជាច្រើនរាងជាពីរ៉ាមីតធ្វើពីថ្មកំបោរផងដែរ។
៦. ទីក្រុង Teotihuacan ប្រទេសម៉ិចស៊ីកូ
ទីក្រុងបុរាណមួយនេះ មានរាងជាពីរ៉ាមីត សាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណជា ២០គីឡូម៉ែត្រការ៉េ នៅរវាងឆ្នាំ ១០០ មុនគ្រិស្កសករាជ រហូតដល់ឆ្នាំ ២៥០ ដែលមានប្រជាជនរស់នៅប្រមាណជា ១០ម៉ឺននាក់ ដោយមិនមានអ្នកណាម្នាក់ដឹងនោះទេថា តើនរណាជាអ្នកសាងសង់សំណង់ដ៏ពិចិត្រមួយនេះ។
ទីក្រុងនេះត្រូវបានគេបោះបង់ចោលដោយមិនដឹងមូលហេតុអស់រយៈពេលជាង ១៤០០ឆ្នាំ បន្ទាប់មកក៏ត្រូវបានគ្រប់គ្រងដោយជនជាតិ Aztec ហើយបានដាក់ឈ្មោះជាថ្មីថា Teotihuacan រហូតដល់សព្វថ្ងៃដែលមានន័យថា « កន្លែងដែលព្រះបង្កើតឡើង»។ ទីក្រុងនេះមានជីវិតរស់នៅរហូតដល់សតវត្សរ៍ទី ៧ និងទី៨តែប៉ុណ្ណោះ រហូតដល់ឆ្នាំ ៥៥០ ទីក្រុងនេះក៏ត្រូវបានគេបំផ្លាញ និងបោះបង់ចោលម្តងទៀតរហូតសព្វថ្ងៃ។
គួរឱ្យដឹងផងដែរថា ទីក្រុង Teotihuacan ត្រូវបានគេហៅម្យ៉ាងទៀតថា Pyramid Of The Sun ហើយក៏ជាប្រាសាទពីរ៉ាមីតមួយដ៏ល្បីក្នុងចំណោមប្រាសាទរាងពីរ៉ាមីតដ៏ល្បីជាច្រើនក្នុងពិភពលោកផងដែរ។
៧. ទីក្រុង Tiwanaku ប្រទេស Bolivia
ទីក្រុងបុរាណនេះស្ថិតនៅក្បែរបឹង Titicaca ដ៏ល្បីល្បាញនៅក្នុងប្រទេស Bolivia ហើយក៏ជាទីក្រុងដ៏ធំ និងមានឥទ្ធិពលមួយនៃតំបន់ភ្នំ Andes ភាគខាងត្បួង នៅក្នុងរវាងសតវត្សរ៍ទី ៧ ទៅទី ៨។
ទីក្រុងនេះមានប្រជាជនរស់នៅប្រមាណជា ១០ម៉ឺននាក់ ទៅ៣០ម៉ឺននាក់ ក្នុងកំឡុងឆ្នាំ ២០០ មុនគ្រិស្កសករាជ និងត្រូវបោះបង់ចោលក្នុងរវាងឆ្នាំ ៩០០។ មូលហេតុដែលធ្វើឱ្យគេបោះបង់ចោលទីក្រុងមួយនេះ គឺដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផលនៅក្នុងការផលិតស្បៀងផ្សេងៗ រួមទាំងបញ្ហាស្រេកឃ្លានផងដែរ។ ទោះជាយ៉ាងណាសំណង់ដ៏ល្អឥតខ្ចោះរបស់ទីក្រុងមួយនេះ នៅតែរក្សារូបរាងស្រស់ស្អាត និងគង់វង្សរហូតសព្វថ្ងៃ ថែមទាំងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តទៀតផង។
៨. ទីក្រុង Palenque ប្រទេសម៉ិចស៊ីកូ
ទីក្រុង Palenque មួយនេះ ក៏ជាទីក្រុងដែលស្ថិតនៅក្នុងអរិយធម៌ Mayan ដូចគ្នាដែរ ដែលត្រូវបានគេដឹងថា បានកសាង និងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងខ្ទង់សតវត្សរ៍ទី ៧ តែត្រូវបានគេបោះបង់ចោលក្នុងសតវត្សរ៍ទី ៨ ទាំងស្រុងឱ្យស្ថិតនៅកណ្តាលទ្រូងព្រៃ និងរុំព័ទ្ធដោយវល្លិ៍ និងព្រៃឈើជុំវិញ ដោយគ្មានអ្នកណាម្នាក់ដឹងពីមូលហេតុពិតប្រាកដនោះទេ។
នៅក្នុងសតវត្សរ៍ទី ១៩ ទីក្រុងនេះត្រូវបានគេរុករកឃើញឡើងវិញ ថែមទាំងត្រូវបានគេថែរក្សា និងការពារជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញ ដែលបានស្រូបទាញភ្ញៀវទេសចរមកកម្សាន្តលេងយ៉ាងច្រើនកុះករក្នុងមួយឆ្នាំៗផងដែរ។
៩. ទីក្រុង Troy ប្រទេសទួគី
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ គេជឿថាទីក្រុង Troy ដ៏ល្បីល្បាញគឺគ្រាន់តែជាឈ្មោះទីក្រុងដែលស្ថិតនៅក្នុងកំណាព្យបុរាណ Homer និង Lliad របស់ជនជាតិក្រិចតែប៉ុណ្ណោះក្នុងវគ្គនិយាយអំពីសង្គ្រាម Trojan ពោលគឺវាគ្មានពិតនោះទេ ឬប្រហែលជាត្រូវបាត់បង់ និងបំផ្លាញចោលទៅតាមពេលវេលាបាត់ទៅហើយ។
តែនៅក្នុងខ្ទង់ឆ្នាំ ១៨៦០ ការពិតត្រូវបានលាតត្រដាង ដោយគេបានរកឃើញសំណល់នៃទីក្រុង Troy មួយនេះនៅក្នុងតំបន់ភាគអាគ្នេយ៍អាណាតូលីយ៉ា (Anatolia)។ ហើយគេក៏បានស្រាវជ្រាវរកឃើញថា ទីក្រុងមួយនេះធ្លាប់ត្រូវបានរងការបំផ្លិចបំផ្លាញ និងជួសជុលឡើងវិញជាបន្តបន្ទាប់ច្រើនដងមកហើយ រហូតដល់គេបានសម្រេចចិត្តបោះបង់ទីក្រុងនេះចោលតែម្តងក្នុងយុគសម័យចក្រភព Byzantine ។
១០. ទីក្រុង Atlantis
ខុសពីទីក្រុងដទៃដែលត្រូវបានគេបោះបង់ ទីក្រុង Atlantis មានមតិជាច្រើនបានខ្វែងគំនិតគ្នា ដោយអ្នកវិទ្យាសាស្ត្រយល់ថា ទីក្រុងក្រោមទឹកមួយនេះ គ្មានរូបរាងពិតឡើយនៅលើលោក តែមានមនុស្សមួយចំនួនទៀតយល់ថាទីក្រុងនេះពិតជាមាននៅលើលោក គ្រាន់តែមិនទាន់មាននរណាម្នាក់រុករកឃើញវានៅឡើយនោះទេ។
ទីក្រុង Atlantis ត្រូវបានលើកឡើងមកនិយាយ នៅក្នុងសំណេររបស់ លោក Plato ដែលជាទស្សនវិទូអាថេនម្នាក់ស្ថិតក្នុងអំឡុងសម័យក្រិចបុរាណ ហើយវាក៏នាំឱ្យមនុស្សម្នាជាច្រើនជឿថាទីក្រុងដែលបានលិចកប់ទៅក្នុងមហាសមុទ្រនេះ ពិតជាមានពិតនៅលើលោក ដែលអាចស្ថិតនៅទីកន្លែងណាមួយក្នុងតំបន់មហាសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រអាត្លង់ទិច៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]