បរទេស៖ អ្នករាល់គ្នាភាគច្រើនប្រាកដជាស្គាល់បុរសម្នាក់នេះជាក់ជាពុំខាន នោះគឺលោក Drew Binsky។ ជាក់ស្តែងលោកបាននិងកំពុងដើរលេងជាច្រើនប្រទេស រួមទាំងធ្លាប់មកប្រទេសកម្ពុជាយើងផងដែរ ហើយបច្ចុប្បន្នលោកអាចរកប្រាក់បានជាច្រើនម៉ឺនដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែមុនពេលបានសមិទ្ធផលដូចថ្ងៃនេះ លោកក៏ធ្លាប់ជួបនូវឧបសគ្គជាច្រើនផងដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំប្រិយមិត្តមកតាមដានជីវប្រវត្តិរបស់លោកទាំងអស់គ្នា។
លោក Drew បានល្បីឈ្មោះនៅក្នុងបណ្តាញសង្គមត្រឹមតែរយៈពេល ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ លោកបានផ្លាស់ប្តូរអាជីពពីគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកសរសេរ Blog មកធ្វើជាអ្នកបង្កើតវីដេអូខ្លីៗ (Vlog) ដែលវីដេអូដើរលេងរបស់លោកមានអ្នកទស្សនាច្រើនជាង ៥០០ លានដងជុំវិញពិភពលោក។
បន្ទាប់ពីបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Wisconsin-Madison ក្នុងឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក លោកបានប្រាប់ឪពុកម្តាយលោកថា លោកចង់ចាកចេញពីសហរដ្ឋអាមេរិក ដើម្បីបង្រៀនភាសាអង់គ្លេសនៅប្រទេសកូរ៉េខាងត្បូង។
ពេលនោះឪពុកលោកឈ្មោះ Danny ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែកូនប្រុសរបស់លោកបានបញ្ចប់ការសិក្សាពីរជំនាញ មួយគឺសេដ្ឋកិច្ច និងមួយទៀតគឺសហគ្រិនភាព ប៉ុន្តែបែរជាចង់ទៅបង្រៀនភាសាអង់គ្លេសនៅប្រទេសកូរ៉េខាងត្បូងទៅវិញ។ យ៉ាងណាមិញ លោក Danny បានអនុញ្ញាតឱ្យកូនប្រុស Drew ចាកចេញទៅបង្រៀនភាសាអង់គ្លេសនៅប្រទេសកូរ៉េខាងត្បូង បើទោះបីជាលោកមិនសូវពេញចិត្តនូវជម្រើសរបស់កូនក្តី។
យ៉ាងណាមិញ កាលពីឆ្នាំមុន លោក Drew បាននិយាយថា លោកអាចរកប្រាក់ចំណូលបានជាង ១៥៤,០០០ ដុល្លារក្នុងមួយឆ្នាំ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនានាពីក្រុមហ៊ុនហ្វេសប៊ុក (Facebook), យូធូប (Youtube) ព្រមទាំងក្រុមហ៊ុនដៃគូមួយចំនួនដូចជា Booking.com ជាដើមដោយគ្រាន់តែលោកជួយប្រូម៉ូតអាជីវកម្មរបស់ពួកគេដោយប្រយោល។
លោក Drew បានប្រាប់ក្រុមសារព័ត៌មានបរទេសមួយថា៖
«ដំបូងឡើយ វាពិតជាមានការលំបាកខ្លាំងក្នុងការប្រាប់ឪពុកម្តាយខ្ញុំថា ខ្ញុំនឹងធ្វើការងារបែបនេះពេញម៉ោង។»
ពេលនោះម៉ាក់ខ្ញុំបាននិយាយថា៖
«តើពេលណាកូនត្រលប់មកវិញ ធ្វើការនៅក្រុមហ៊ុនធំ?»
ម្តាយលោកឈ្មោះ Ellen បាននិយាយថា គាត់មិនដែលគិតថា កូនប្រុសគាត់នឹងរស់នៅក្រៅពីសហរដ្ឋអាមេរិកនោះទេ។
«ពួកយើងជាមនុស្សបុរាណ។ ដូច្នេះនៅពេលយើងបញ្ចូនកូនប្រុសរបស់យើងទៅរៀននៅឯសាកលវិទ្យាល័យ, ពេលគេរៀនចប់ ហើយយើងរំពឹងថាគេនឹងធ្វើការនៅក្រុមហ៊ុនធំក្នុងសហរដ្ឋអាមេរិក ហើយក៏សង្ឃឹមថាគេក៏មកលេងយើងនៅរដ្ឋ Arizona ផងដែរ។» (សម្តីរបស់អ្នកស្រី Ellen ប្រាប់ក្រុមសារព័ត៌មាន)
សព្វថ្ងៃនេះ លោក Drew បានដើរលេងជាង ១៦៣ ប្រទេស និងគ្រោងដើរលេងគ្រប់ប្រទេសជុំវិញពិភពលោក។ យុទ្ធសាស្រ្តរបស់លោកគឺថា ក្នុងមួយថ្ងៃ លោកបង្កើតវីដេអូចំនួន ១។
លោក Drew បាននិយាយថា៖
«អ្នកមិនអាចក្លាយជាអ្នកបង្កើតវីដេអូដ៏ជោគជ័យ ឬក៏ក្លាយជាអ្នកជំនាញនៅលើផ្នែកណាមួយដោយត្រឹមតែរយៈពេលមួយយប់នោះទេ។ ដូច្នេះវាទាមទារការស្រលាញ់ និងធ្វើការងារទាំងនេះជាប្រចាំថ្ងៃ។»
លោក Drew បានអះអាងបន្ថែមទៀតថា លោកមិនដែលគិតថាអ្វីដែលលោកកំពុងតែធ្វើសព្វថ្ងៃនេះអាចទទួលបានជោគជ័យធំបែបនេះទេ លោកគ្រាន់តែស្រលាញ់ និងរីករាយនូវអ្វីដែលលោកកំពុងធ្វើបច្ចុប្បន្នតែប៉ុណ្ណោះ។
នៅក្នុងឆ្នាំដំបូងដែលរស់នៅក្រៅប្រទេស លោកធ្លាប់ Update នូវដំណើរកម្សាន្តរបស់លោកចូលក្នុង Blog និងបង្ហោះវាចូលទៅក្នុងគណនី Snapchat។ ប៉ុន្តែវីដេអូដែលល្បីដំបូងបង្អស់របស់លោក គឺវីដេអូដែលលោកថតនៅប្រទេសកូរ៉េខាងជើង ដែលមានអ្នកទស្សនាជាង ១០ លានដង។
លោកអាចរកប្រាក់ចំណូលបានខុសៗគ្នាអាស្រ័យលើចំនួនមើលរបស់ទស្សនិកជន។ ជាក់ស្តែងលោកអាចរកបានពីចន្លោះ ១,០០០ ដុល្លារ ទៅ ៣០,០០០ ដុល្លារក្នុងមួយខែ។
លោកបានបន្ថែមទៀតថា៖
«ខ្ញុំមិនដែលចាតុទុកប្រាក់ជាកម្លាំងជំរុញ ឬក៏ជាកត្តាទីមួយដែលខ្ញុំកំពុងតែធ្វើនោះទេ។»
ទន្ទឹមគ្នាដែរ លោកតែងតែធ្វើដំណើរដោយចំណាយប្រាក់តិចបំផុត តាមដែលអាចធ្វើទៅបាន ពោលគឺលោកគេងនៅក្នុងផ្ទះសំណាក់ធម្មតាៗ និងញុំាអាហារតាមចិញ្ចើមផ្លូវ និងអាហារដែលមានតម្លៃធម្មតាៗ (មិនចំណាយលើរបស់ Brand នោះទេ)។
បច្ចុប្បន្ន ឪពុកម្តាយលោកព្រមទទួលស្គាល់ការពិតនូវអ្វីដែលលោកកំពុងតែធ្វើ និងមិនបង្ខំកូនឱ្យធ្វើកិច្ចការនៅក្នុងក្រុមហ៊ុនធំៗទៀតទេ។
ឪពុកលោកឈ្មោះ Danny បាននិយាយថា៖
«ក្មេងៗសម័យឥលូវពិតជាអស្ចារ្យមែន ពួកគេអាចរកផ្លូវរបស់ពួកគេឃើញ។ កាលពីជាង ៥, ៦, ១០ឆ្នាំ មុន ការងារបែបនេះគឺគ្មាននោះទេ។»
បន្ថែមពីនេះទៀត ឪពុកម្តាយលោក Drew ក៏ចាប់ផ្តើមធ្វើដំណើរទៅលេងក្រៅប្រទេសផងដែរ រួមមានប្រទេសវៀតណាម និងប្រទេសថៃជាដើម ដោយកាលពីមុននោះ ពួកគេមិនដើរលេងក្រៅប្រទេសនោះទេ។
ចុងក្រោយលោក Drew បាននិយាយថា នៅទីបំផុតឪពុកម្តាយរបស់លោក អនុញ្ញាត និងពេញចិត្តនូវអ្វីដែលលោកកំពុងតែធ្វើហើយ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែននូវពេលពួកគាត់យល់ពីខ្ញុំបែបនេះ៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]