ថៃ៖ ភ្ញៀវទេសចរជនជាតិចិនម្នាក់បានហោះពីប្រទេសចិន ដើម្បីមកផ្សងសំណាងធ្វើជាកូនប្រសារបស់សេដ្ឋីទុរេននៅស្រុកថៃ ប៉ុន្តែត្រូវបានបដិសេធ។
កាលពីខែមុន លោកសេដ្ឋីទុរេន Rodthong បានប្រកាសជាសាធារណៈថា លោកកំពុងស្វែងរកកូនប្រសាឱ្យកូនស្រីលោក ជាមួយនឹងប្រាក់រង្វាន់ ៣១៥,០០០ដុល្លារសម្រាប់កូនប្រសាណា ដែលលោកពេញចិត្ត។ ប៉ុន្តែគួរឱ្យសោកស្តាយ ភ្ញៀវទេសចរចិនរូបនេះ មិនបានដឹងថា លោកសេដ្ឋី Rodthong បានរំសាយការរើសកូនប្រសានេះជាយូរមកហើយ។
យោងតាមគណនីហ្វេសប៊ុករបស់លោកទើបតែបានបង្ហោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកគ្រាន់តែរម្លឹកអ្នករាល់គ្នាថា ការរើសប្តីឱ្យកូនស្រីលោកគឺកញ្ញា Karnsita ត្រូវបានរំសាយហើយ។ ការបង្ហោះសារមួយនេះ រួមមានទាំងរូបថតរបស់ភ្ញៀវទេសចរជនជាតិចិនឈរនៅពីក្រោយកូនស្រីរបស់លោកថែមទៀត។


ដោយក្នុងនោះលោកសេដ្ឋីវ័យ ៥៨ឆ្នាំរូបនេះបានសរសេរថា៖
«ខ្ញុំបានរំសាយព្រឹត្តិការណ៍រើសកូនប្រសាចោលហើយ ប៉ុន្តែគេនៅតែហោះពីប្រទេសចិនមករកខ្ញុំទៀត។ ពិតជាកំសត់មែន។ ចំពោះអ្នកណាម្នាក់ដែលចង់មករកខ្ញុំនៅថ្ងៃស្អែកទៀត សូមកុំមកអី ព្រោះខ្ញុំបានរំសាយវាចោលហើយ។» (បកប្រែជាភាសាខ្មែរ)
យោងតាមប្រភពច្បាស់ការណ៍មួយបានរាយការណ៍ថា បុរសជនជាតិចិនម្នាក់នេះ មកដល់ស្រុកថៃតាមរយៈសេវាកម្មទេសចរណ៍ (Tour) ប៉ុន្តែត្រូវបានលោកសេដ្ឋីបដិសេធ ដោយប្រាប់ថាការរើសកូនប្រសាត្រូវបានរំសាយចោលហើយ។
យ៉ាងណាមិញ យោងតាមប្រភពដដែលបានឱ្យដឹងថា លោកបានសរសើរថាកញ្ញា Karnsita «ខ្ជូតគួរឱ្យស្រលាញ់» ហើយបាននិយាយថា បើទោះបីជាលោកមិនអាចធ្វើជាឧត្តមស្វាមីរបស់នាងក្តី សូមត្រឹមធ្វើជាមិត្តភក្តិក៏លោកអស់ចិត្តដែរ។
គូសបញ្ជាក់ផងដែរ ភ្ញៀវទេសចរជនជាតិនេះមិនមែនជាមនុស្សទីមួយ ដែលត្រូវបានលោកសេដ្ឋីទុរេន បដិសេធនោះទេ។ តួយ៉ាងក៏មានបុរសម្នាក់ធ្លាប់ត្រូវបានលោកសេដ្ឋីបដិសេធផងដែរ មូលហេតុគឺព្រោះតែបុរសម្នាក់នោះស្អាតពេក៕
សូមទស្សនាវីដេអូខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]