ភ្នំពេញ៖ «ត្រុដិ» គឺជារបាំមួយប្រភេទដែលគេឃើញពលរដ្ឋខ្មែរនិយមយកមកសម្ដែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសអ្នកខេត្តសៀមរាប និងបាត់ដំបងដែលជាតំបន់ក្បែរខេត្តសៀមរាប។ បានជាលេងរបាំនេះនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ គឺដើម្បីប្រសិទ្ធពរជូនដល់អ្នកស្រុកនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ម្យ៉ាងវិញទៀតពាក្យថា«ត្រុដិ» ដែលជាពាក្យដើមមកពីភាសាសំស្ក្រឹត ប្រែថា ផ្តាច់ ឬ កាត់ផ្តាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬ ការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី។ នេះបើតាមការដកស្រង់ពីសៀវភៅរបាំប្រជាប្រិយខ្មែរ។
សៀវភៅស្ដីពីរបាំប្រជាប្រិយខ្មែរដដែល បានសរសេរទៀតថា របាំនេះ ក៏ត្រូវបានពលរដ្ឋខ្មែរយកទៅសម្ដែង នៅពេលប្រារព្ធពិធីសុំទឹកភ្លៀង ក្នុងគ្រាដែលស្រុកទេសមានការរាំស្ងួតជាដើម។ មិនតែប៉ុណ្ណោះ របាំត្រុដិនេះ ត្រូវបានសៀវភៅរបាំប្រជាប្រិយខ្មែរ អត្ថធិប្បាយថា នៅសេសសល់ពីមនុស្សជាន់ដើមមួយពួក ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងអំពីដែនដីនេះ តាំងពីកម្ពុជាមិនទាន់ទទួលអារ្យធម៌ពីប្រទេស ឥណ្ឌានៅឡើយ។
មនុស្សជាន់ដើមនោះត្រូវបានគេស្គាល់ថា គឺជាត្រកូលជនជាតិ«សំរែ» ដោយកាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល។ ហើយបច្ចុប្បន្ន គេឃើញត្រកូលជនជាតិដើមនេះច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប។ ចំពោះសម្ភារក្នុងការសម្ដែងនៃរបាំត្រុដិ គេឃើញលេងតាមក្រុមតូចក្រុមធំ យោងទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង។
តែជាទូទៅសម្ភារប្រើប្រាស់ក្នុងរបាំត្រុដិ គេឃើញមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។
ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សំរាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ចាត់ប្រាក់ ដែលគេបាចទាននិងច្រៀងឲ្យពរដល់អ្នកដាក់ទានថែមទៀត៕
ប្រភព៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]