ងួន ចាន់ដេវីត


លោក ងួន ចាន់ដេវីត ជាអ្នកខេត្តបាត់ដំបង ក្នុងចំណោមបងប្អូនបង្កើតចំនួន២នាក់ ហើយលោកជាកូនប្រុសច្បង។ មានឪពុកឈ្មោះ រស់ កុសល និងម្តាយ ឈ្មោះសៀ សុខជា ប៉ុន្តែបានបែកបាក់គ្នាហើយ។  ក្រោយបោះបង់ចោលការសិក្សានៅថ្នាក់ទី១២ ដោយមានចិត្តស្រលាញ់ខ្លាំង លោកក៏ចាប់អាជីពជាអ្នករាំ និងបានបង្កើតក្រុមរាំមួយនៅខេត្តបាត់ដំបងអស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ​​ ប៉ុន្តែមិនសូវបានទទួលជោគជ័យប៉ុន្មានទេ។ រហូតដល់ឆ្នាំ២០១២ក៏បានសម្រេចចិត្តចាកចេញពីស្រុកកំណើត មករកការងារធ្វើនៅភ្នំពេញ ដើម្បីរកលុយឱ្យប្អូនស្រីរៀនបន្ត។ នៅភ្នំពេញដេវីតធ្វើការជាជាងជួសជុលទូរស័ព្ទដៃបញ្ចូលបទភ្លេង និងឆ្លៀតធ្វើបទភ្លេងថ្មីបង្ហោះក្នុងហ្វេសប៊ុកនៅផ្សារឃ្លាំងរំសេវ អស់រយៈពេលប្រមាណ​ជា​២​ឆ្នាំ។ បន្ទាប់មកដោយសារសមត្ថភាពដ៏ល្អរបស់ ដេវីត និងបានជួបជាមួយតារាចម្រៀង ពេជ្រ សោភា ផង ក៏បានជួយជ្រោមជ្រែងឱ្យបានក្លាយជាអ្នកចម្រៀងថ្មីនៅហង្សមាសក្នុងកំឡុងឆ្នាំ២០១៤ រហូតមក។ ពេជ្រ សោភា បានបង្ហាញមុខដេវីតជាលើកដំបូងឱ្យមហាជនបានស្គាល់នៅក្នុងការប្រគំតន្ត្រីមួយនៅកោះពេជ្រ។ បន្តមកបទដែលមហាជនបានស្គាល់ដេវីតខ្លាំងមែនទែននោះ គឺបទ «រាំញីកែងជើង» និងបទចម្រៀងបន្តបន្ទាប់មានទៀតដែលបានបង្កើនប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ៕