តារាកំប្លែងរូបនេះ មានឈ្មោះដើមថា ចែម ចាន់​ដារ៉ា កើតនៅឆ្នាំ ១៩៨០ មានស្រុកកំណើតនៅភូមិកំពង់រទេះ ឃុំពពែ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ឪពុកម្តាយប្រកបរបរជាកសិករ មានបងប្អូន៧នាក់ ហើយលោកជាកូនច្បងគេ និងបានរៀនត្រឹមថ្នាក់ទី៩។ កាលនៅកុមារក្រោយពីការសិក្សាតែងតែទៅឃ្វាលគោ ជីកក្តាម ជញ្ជាត់ត្រី ដើម្បីជួយជីវភាពគ្រួសារ។ លុះអាយុ១៧ឆ្នាំ ក៏ធ្លាប់បានទៅបួសជាសាមណេរ។

នៅឆ្នាំ២០០០បានលាចាកសិក្ខាបទ ហើយចូលធ្វើទាហាននៅបន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង។ ហើយនៅឆ្នាំ២០០៣ក៏បានប្តូរមកធ្វើជាកម្មករសំណង់វិញនៅក្រុមហ៊ុនមួយនៅភ្នំពេញ។ ដោយការខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ទីបំផុតក៏បានក្លាយជាមេការសំណង់នៅទីនោះ។ ក្រោយមកនៅថ្ងៃទី៩ឧសភាឆ្នាំ២០០៩ក៏បានរៀបការ និងមានកូនស្រីម្នាក់។ រហូតមកដល់ខែមករាឆ្នាំ២០១០ក៏បានប្រលងកំប្លែងជាប់នៅCTN និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតដល់សព្វថ្ងៃ ក្រោមការបណ្តុះបណ្តាលជ្រោមជ្រែងពីលោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ។