លោក ណុប បាយ៉ារិទ្ធ កើតថ្ងៃទី ១៦ សីហា ១៩៨១ នៅរាជធានីភ្នំពេញ ដោយមានឪពុកជាប្រធានគ្រប់គ្រងផ្នែកសិល្បៈនៅក្រសួងវប្បធម៌ និងម្តាយគឺជាអ្នកនិពន្ធ។ កាលពីកុមារលោកមិនសូវចេះមាត់ក.នឹងគេទេ ប៉ុន្តែជាក្មេងឧស្សាហ៍រៀនសូត្រ និចូលចិត្តសិល្បៈ ទើបគ្រួសារតែងជំរុញឱ្យទៅច្រៀងនៅក្នុងកម្មវិធីផ្សេងៗ ដើម្បីឱ្យស្គាល់គេឯងបានច្រើន។ លោកបានបញ្ចប់សញ្ញាបត្របាក់ឌុបនៅក្នុងឆ្នាំ១៩៩៨ និងបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រងផ្នែកទីផ្សារ។ ចាប់ផ្តើមចូលច្រៀងដំបូងនៅផលិតកម្មរស្មីហង្សមាស ក្រោមការណែនាំពីលោក ហ្វៃ សំអាង និងបទល្បីដំបូងបង្អស់នោះគឺបទ «សុំចែកបេះដូង»។ បច្ចុប្បន្នលោក ណុប បាយ៉ារិទ្ធ មានវ័យ ៣៦ ឆ្នាំ និងជាតារាមួយរូបដែលមិនធ្លាប់មានលេចឮដំណឹងរឿងស្នេហាជាមួយនារីណាម្នាក់ជាសាធារណៈឡើយ៕