អ្នកនាង ពេជ្រ សោភា កើតនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ១៩៨៥ មានស្រុកកំណើតនៅ ខេត្តព្រៃវែង។ អ្នកនាងជាតារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលបាន បានបង្ហាញខ្លួនដំបូងនៅលើវិស័យសិល្បៈដំបូង គឺនៅចុងឆ្នាំ ២០០៤ ជាមួយបទចម្រៀងដំបូងបង្អស់របស់នាងដែលមានចំណងជើងថា " Better day" ជាមួយ DJ-ស្តី។ នាងទទួលបានកេរ្តិ៍ឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើន ដោយមានទាំងចំរៀងទោល និង ចំរៀងជាដៃគូ​ជាមួយនឹង លោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធិ និង លោក ព្រាប សុវត្ថិ ជាដើម។

មកដល់អំឡុងឆ្នាំ២០១៥ កេរ្តិ៍ឈ្មោះ របស់តារាស្រីរូបនេះ រឹតតែល្បីរន្ទឺខ្លាំងឡើងគួរឲ្យកត់សម្គាល់ ដោយនាងបានសហការផលិតបទចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធបទភ្លេង Original Song ជាមួយនឹង អ្នកចម្រៀង ព្រមទាំងជាអ្នកនិពន្ធវ័យក្មេងចំនូលថ្មី លោក ងួន ចាន់ដេវីត ដែលត្រូវបានអ្នកនាង ពេជ្រ សោភា ជាអ្នកនាំចូលវិស័យសិល្បៈជាលើកដំបូង។ បន្ថែមពីនេះបទចម្រៀងនីមួយៗរបស់ពួកគេគឺ សុទ្ធសឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន ដោយមានដូចជាបទ « No Money No Honey, Troll ស្រីស្អាត, កាហ្វេ ១៥០០, Friday Night, Lonely, Status ខូចចិត្ត, Love Is Pain, Turn the Bass on...........» ។

ហើយមកទល់បច្ចុប្បន្ននេះ អ្នកនាង ពេជ្រ សោភា បានក្លាយខ្លួនទៅជាតារាចម្រៀងOriginal Song មួយរូបដែលទទួលបានប្រជាប្រិយភាព និងការពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រយុវវ័យផងដែរ៕