យក់ ថិតរដ្ឋា


យក់ ថិតរដ្ឋា កើតនៅថ្ងៃទី៣០ ឧសភា ១៩៨៣ មានស្រុកកំណើតជាអ្នកភ្នំពេញ។ នាងមានឈ្មោះហៅក្រៅថា ស្រស់។ ឪពុកឈ្មោះ យក់ ថិតសារី ជាអតីតតន្ត្រីករ (អនិច្ចកម្ម) ម្តាយឈ្មោះ បែន ស៊ីវ៉ារិន។ មានបងប្អូនចំនួន៤នាក់ ស្រី២ប្រុស២ នាងជាកូនទី៣។ យក់ ថិតរដ្ឋា បានចាប់អាជីពជាអ្នកចម្រៀងតាំងពីនៅរៀនថ្នាក់ទី១០ ដោយកាលណោះដើរច្រៀងតាមភោជនីយដ្ឋាននានាក្នុងទីក្រុងភ្នំពេញ។ ក្រោយមកក៏បានចូលប្រឡូកក្នុងសិល្បៈនៅឆ្នាំ១៩៩៩ ដោយចូលច្រៀងលើកដំបូងនៅផលិតកម្មEV។

បន្តមកក៏ចូលច្រៀងនៅតាមផលិតកម្មជាច្រើនទៀតជាបន្តបន្ទាប់ដូចជា រស្មីស្ទឹងសង្កែ ឆ្លងដែន ស្ប៉ាក ប៊ីកមែន និងផលិតកម្មក្រៅស្រុកជាដើម ហើយល្បីខ្លាំងនៅពេលមកច្រៀងនៅផលិតកម្មរស្មីហង្សមាស។ នៅថ្ងៃទី១៣ឧសភា២០០៦ក៏បានរៀបការជាមួយលោក ឃុំ ប៉ុណ្ណាដែត ហើយមានកូនប្រុស២នាក់។ បច្ចុប្បន្នគ្រួសារតារាទាំងពីរដួងនេះ ក៏បានទទួលការកោតសរសើរថាជាគ្រួសារគំរូ នៅក្នុងពិភពសិល្បៈផងដែរ៕