លោក អ៊ិត សេដ្ឋា កើតនៅឆ្នាំ ១៩៧០ មានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ លោកជាកូនកសិករ មានឪពុកឈ្មោះ អ៊ិត ប្រង និងម្ដាយឈ្មោះ យឹម សំអឿន។ លោកសេដ្ឋា ជាកូនច្បង ក្នុងចំណោមបងប្អូន៣នាក់។ នៅឆ្នាំ ១៩៧៥ ក្នុង របបខ្មែរក្រហម លោកនិងម្ដាយ ព្រមទាំងប្អូន២នាក់ទៀត ត្រូវជម្លៀសទៅរស់នៅក្នុងឃុំតាលោហាទិល ខេត្តពោធិ៍សាត់។ ក្រោយមកក៏បានទៅរស់នៅក្នុងកងចល័តកុមារ ដែលត្រូវបង្ខំឲ្យធ្វើការយ៉ាងទារុណ ទាំងអត់អាហារ។ គ្រានោះដោយសារអត់ឃ្លាន កង្វះជីវជាតិ លោកមានជំងឺហើមពេញខ្លួនតែម្ដង។ មកដល់ឆ្នាំ១៩៨០ វ័យកុមារលោកបានដើរអូសទឹក លក់ការ៉េម ជាដើមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ឆ្នាំ ១៩៨៦ ក៏បានបញ្ចប់ថ្នាក់ឌីប្លូម ហើយភៀសខ្លួននៅជំរំខាវអ៊ីដាងជាយដែនខ្មែរ-ថៃ។ នៅជំរុំ លោក អ៊ិត សេដ្ឋា នៅតែបន្តការសិក្សា និងឆ្លៀតធ្វើការបណ្ដើរក្នុងអង្គការ ICRC ក្នុងនាមជាគ្រូអក្ខរកម្ម បង្រៀនចាស់ៗមិនចេះអក្សរ។ ឆ្នាំ ១៩៩០ ក៏បានទៅសិក្សាបន្តជំនាញថតវីដេអូនៅប្រទេសថៃ ក្រោយមកក៏បានចូលធ្វើការនៅទូរទស្សន៍ក្នុងស្រុក។ បន្តមកទៀតក៏បានកាន់កម្មវិធីកម្សាន្តជាមួយអ្នកនាង យុគ ចិន្តា ដែលមានឈ្មោះថា "កម្មវិធីកម្សាន្តមហាសប្បាយ"។ លោក អ៊ិត សេដ្ឋា បានរៀបការជាមួយភរិយាឈ្មោះ ស សុភាព នៅឆ្នាំ១៩៩៩។ ១៣ឆ្នាំក្រោយពីបង្កើតបានកូនប្រុសស្រី៣នាក់ ក៏មានដំណឹងថា ភរិយារបស់លោកបានដាក់ពាក្យប្ដឹងសុំលែងលះ ដោយមូលហេតុមិនត្រូវបានបញ្ចេញ ហើយតាមការសម្រេចរបស់តុលាការ លោកក៏បានយកកូនប្រុស កូនស្រីទាំង៣មកនៅជាមួយផងដែរ។ មកដលឆ្នាំ២០១៧ លោក អ៊ិត សេដ្ឋា ក៏បានស្លាប់ដោយសារជំងឺកាលពីថ្ងៃទី៤ខែមិថុនា វេលាម៉ោង២ និង៣០នាទីរសៀល៕