ដំណាំក្រូចពោធិ៍សាត់ គឺជាដំណាំដែលងាយដាំដុះសម្រាប់អាកាសធាតុស្រុកខ្មែរយើង នៅច្រើនតំបន់ខុសៗគ្នា ថែមទាំងសម្បូរហូរហៀរងាយស្រួលរកទទួលទានផងដែរ។ សម្រាប់ផ្លែឈើមួយប្រភេទនេះ ក្រៅពីមានរសជាតិឆ្ងាញ់អូអែមពិសា ថែមទាំងជំនួយសុខភាព និងសម្រស់ដោយសម្បូរទៅដោយសារធាតុល្អៗ ជាពិសេសគឺវីតាមីនC ហើយនោះ វាក៏ត្រូវបានគេដឹងថាអាចយកមកថែរក្សាផ្នែកសម្រស់ស្បែកមុខបានដូចគ្នា។
ដូច្នេះចង់ដឹងថា ប្រើប្រាស់ក្រូចពោធិ៍សាត់តាមវិធីណាជំនួយដល់ស្បែក រួមទាំងគុណប្រយោជន៍អ្វីខ្លះ តោះ! មកតាមដានទាំងអស់គ្នា៖
១. សម្រាប់លាងសម្អាតស្បែកមុខ
ក្រូចពោធិ៍សាត់ សម្បូរទៅដោយវីតាមីន C ដែលអាចជួយស្បែកមុខ ស ទន់ ស្រស់ថ្លា ថែមតាំងកម្ចាត់ភាពកខ្វក់ឱ្យអស់ពីផ្ទៃមុខផងដែរ។
ការអនុវត្ត៖
- ចិតសម្បកក្រូចពោធិ៍សាត់ រួចពុះជា ២ ដោយយកក្រូចមួយចំហៀងត្រដុសថ្នមៗ លើស្បែកមុខជារង្វង់ឡើងលើចុះក្រោម ដោយធ្វើបែបនេះឱ្យបានរយៈពេលប្រហែលជា ៧ នាទី ទៅ ៨នាទីសិនចាំលាងចេញនឹងទឹកធម្មតា រួចជូតមុខឱ្យស្អាតនឹងក្រណាត់ស្ងួតជាការស្រេច។
២. ម៉ាស់ពីក្រូចពោធិ៍សាត់
រដូវក្តៅនឹងធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាជាច្រើនដូចជារលាក ឡើងជាំ និងអុចខ្មៅជាដើម តែក្រូចពោធិសាត់អាចជួយអ្នកបាន។
ការអនុវត្ត
- ចិតសម្បកក្រូចពោធិ៍សាត់ហាលឱ្យស្ងួត ឬកិនជាម្សៅ លាយជាមួយម្សៅរមៀតបន្តិច និងទឹកឃ្មុំ ២ស្លាបព្រា (លាយគ្រឿងផ្សំលៃឱ្យបរិមាណសមល្មម)
- កូរចូលគ្នាឱ្យក្លាយជាល្បាយមួយ រួចយកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ៥នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។
- អ្នកអាចអនុវត្តវិធីមួយនេះឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលខ្ពស់។
៣. បំបាត់ស្នាមជាំខ្មៅ និងហើមក្រោមភ្នែក
ក្រូចពោធិ៍សាត់ ពិតជាមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់ស្លាកស្នាមជាំខ្មៅក្រោមត្របកភ្នែក និងការហើមក្រោមភ្នែកជាដើម។
ការអនុវត្ត៖
- ច្របាច់ទឹកក្រូចពធិ៍សាត់ស្រស់ៗចំនួនកន្លះស្លាបព្រាបាយ លាយជាមួយនឹងចេកទុំកិនចំនួន១ស្លាបព្រា ទឹកតាសក់ ១ស្លាបព្រា និងវីតាមីន E ១ស្លាបព្រា(អាចរកបាននៅផ្សារទំនើប) កូរចូលគ្នាឱ្យសព្វ
- បន្ទាប់មកយកល្បាយនេះដាក់ក្នុងទូរទឹកកឱ្យត្រជាក់ ប្រមាណជា ៣ ទៅ៤នាទី ចាំយកដុំសម្លីជ្រលក់ល្បាយនេះមកបិទ ឬលាបក្រោមភ្នែកទុកចោលរយៈពេល ១០ ទៅ១២នាទីទៀត
- ជាចុងក្រោយអ្នកអាចយកល្បាយនេះចេញ រួចលាងនឹងទឹកស្អាតជាការស្រេច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]