កំពង់ស្ពឺ៖ តំបន់កម្សាន្ត “ភ្នំខ្នងផ្សារ” មានទីតាំងភូមិសាស្រ្តស្ថិតនៅប្រសព្វមុំជាមួយនឹងខេត្តចំនួន ៣ ដែលមានខេត្ត កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។ ទីនោះផងដែរ ជាកន្លែងដែលកំពុងតែពេញនិយមថ្មីមួយកន្លែង ដែលអាចទាក់ទាញយុវវ័យជាច្រើន មកលេងមិនចេះដាច់ និងជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក ចូលចិត្ត ផ្សងព្រេង ដើរលេង បោះតង់ អាំងសាច់ញ៉ាំ ជួបជុំមិត្តភក្ដិ តាមព្រៃភ្នំ ក្រោយពេលទំនេរសម្រាកពីការងារជាដើម។ ដោយសារតែនៅទីនោះ ពិតជាមានទេសភាពស្រស់ស្អាត បរិយាកាសខ្យល់អាកាសបរិសុទ្ធ ហ៊ុមព័ទ្ធដោយព្រៃយ៉ាងស្ដុក និងពោរពេញទៅដោយ វាលស្មៅបៃតងខ្ចី គួរឲ្យចង់គយគន់ មើលដាច់កន្ទុយភ្នែកផងដែរ ។
ជាមួយគ្នានេះដែរ ប្រសិនបើអ្នកដែលចង់ទៅលេងនៅទីដ៏ស្រស់បំព្រងមួយកន្លែងនេះ សម្រាប់ការធ្វើដំណើរវិញ ក៏មិនសូវឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ ហើយក៏មិនសូវជាមានផលលំបាកច្រើនណាស់ណាដែរ សម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេងបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-ការធ្វើដំណើរទៅកាន់តំបន់ភ្នំខ្នងផ្សារ
ដែលជាដំបូង ប្រសិនបើយើងធ្វើដំណើរចេញពីភ្នំពេញទៅ យើងត្រូវជិះតាមផ្លូវជាតិលេខ ៤ ឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺ ហួសស្ពានអាកាសថ្មើរជើងបន្តិច មានស្តុបក្បែរហ្គារាស់សាំងមួយ បត់ស្ដាំ ប្រមាណ១គីឡូ យើងនឹងឃើញមានស្លាកបង្ហាញផ្លូវទៅឪរ៉ាល់ រួចបន្តបត់ឆ្វេងតាមផ្លូវលេខ ៤៤ ទៅត្រង់ ឆ្ពោះទៅកាន់រង្វង់មូលឪរ៉ាល់ ប្រមាណជា ៥០គីឡូ។ រួចយើងបន្តទៅមុខត្រង់ទៀត តាមផ្លូវលំ ប្រហែលជា ៣៥គីឡូទៀត ដោយជិះកាត់ រមណីយដ្ឋាន តេទឹកពុះផងដែរ ឆ្ពោះទៅត្រង់យើងនឹងទៅដល់ ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបានមកដល់ហើយ យើងត្រូវឈានចូលទៅកាន់ ទីស្នាក់ការបរិស្ថាន ជាមុនសិន ដើម្បីបំពេញបែបបទ និងស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីជាភាពងាយស្រួល ដល់មន្រ្តីបរិស្ថាន ក្នុងការគ្រប់គ្រងផងដែរ។ បន្ទាប់ពីរួចរាល់ យើងត្រូវជិះទៅកាន់ផ្ទះអ្នកនៅក្នុងសហគម ដើម្បីរកមធ្យោបាយធ្វើដំណើរទៅកាន់ជើងភ្នំ ដូចជាម៉ូតូ ឬគោយន្តជាដើម ដែលត្រូវចំណាយពេលប្រហែលជា ២ ទៅ៣ ម៉ោង ទម្រាំដល់ជើងភ្នំ។
-ការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំ
ជាមួយគ្នានេះ នៅពេលយើងធ្វើដំណើរដោយគោយន្តឆ្លងកាត់ព្រៃជាច្រើន រួចយើងនឹងទៅដល់ជើងភ្នំ ដោយត្រូវឡើងដោយថ្មើរជើង ជាមួយនឹងផ្លូវទួលចោតខ្លះ រាបស្មើខ្លះ ថ្មច្រើន សម្រាប់អ្នកមានឥវ៉ាន់មិនសូវធ្ងន់ អាចជាការល្អ ព្រោះបើដាក់ឥវ៉ាន់ទៅច្រើន អាចនឹងធ្ងន់ ធ្វើឲ្យពិបាកធ្វើដំណើរ និងដើរមិនបានលឿន ហើយត្រូវចំណាយពេលយូរ។
សម្រាប់ការដើរ ប្រសិនបើអ្នកមានកម្លាំងមាំមួន ដើរមិនសូវឈប់ អាចនឹងចំណាយពេល ប្រហែលជា ៤ទៅ ៥ម៉ោងទើបដល់ ប៉ុន្តែ បើសម្រាប់អ្នកដែលខ្សោយ អាចនឹងចំណាយពេលប្រហែលជា ៦ ម៉ោងទៅ ៧ម៉ោង ទើបអាចទៅដល់កំពូលភ្នំខ្នងផ្សារនេះ។
-សម្ភារៈមួយចំនួនសម្រាប់ការពារខ្លួន
ចំពោះការធ្វើដំណើរតាមផ្លូវ យើងគួរតែមាន សម្ភារៈបរិក្ខាពេទ្យមួយចំនួនដូចជា ប្រេងកូឡា ឬប្រេងសម្រួលសរសៃរជាដើមទុកបម្រុង ព្រោះជើងរបស់យើងងាយនឹងប្រឈមនឹងបញ្ហា គ្រេច ថ្លោះ ឬ រមួលក្រពើរ ជាញឹកញាប់។ មួយវិញទៀត យើងក៏គួរតែមានពិល ព្រមទាំងឈើច្រត់មួយកាន់នឹងដៃផងដែរ។ ហើយអ្វីដែលចាំបាច់ទៀតនោះ យើងក៏ត្រូវត្រៀមទឹកសម្រាប់បរិភោគ យ៉ាងហោចណាស់ ១ទៅ២ ដបដាក់ជាប់ខ្លួនជាការល្អបំផុត។
-ប្រការគួរប្រុងប្រយ័ត្ន
ចំពោះរឿងមួយដែលយើងប្រាកដជាបានដឹងរួចហើយ តាមរយៈចាស់ៗលោកធ្លាប់និយាយថា ត្រូវតែប្រយ័ត្នមាត់ ប្រយ័ត្នសម្ដី ពេលនិយាយអ្វីមួយឲ្យចេះគិត ព្រោះចាស់ៗ មានជំនឿថា ខ្លាចខុសមាត់ខុសកជាមួយម្ចាស់ទឹក ម្ចាស់ដី ឬអ្នកតាព្រៃភ្នំជាដើម។ ដូច្នេះហើយ ត្រូវនិយាយតែរឿងសប្បាយៗបានហើយ កុំពោលពាក្យជេស្តី អាក្រក់ៗ ឬអ្វីដែលប៉ះពាល់ដល់អ្នកដែលថែរក្សានៅទីនោះ។ ហើយក្នុងនោះផងដែរ យើងក៏ត្រូវតែប្រយ័ត្នជាមួយនឹងសត្វម្យ៉ាង គឺសត្វទៀក (សត្វម្យ៉ាងស្រដៀងសត្វឈ្លើង) ដែលអាចនឹងមាននៅតាមតំបន់ព្រៃភ្នំត្រជាក់បែបនេះ។
យ៉ាងណាមិញ បើទោះបី ជាមានការពិបាកច្រើននៅតាមផ្លូវក៏ពិតមែន ប៉ុន្តែ ជឿជាក់ថា នៅពេលដែល ប្រិយមិត្ត បានទៅដល់លើកំពូលភ្នំមួយនេះហើយ ច្បាស់ជាមានអារម្មណ៍ ស្រស់ស្រាយឡើងវិញជាក់ជាមិនខាន ជាពិសេស នៅពេលដែលបានឃើញ ទេសភាពស្អាតៗ វាលស្មៅលាតសន្ធឹង ក្រាលគ្របលើពីលើដងភ្នំ អមនឹងខ្យល់ត្រជាក់បក់មកប៉ះរាងកាយបន្តិចៗផងនោះ ពិតជាអាចនាំយកអារម្មណ៍តានតឹង របស់អស់លោកអ្នក ឲ្យបានធូរស្រាលជាក់ជាមិនខាន។
ជាក់ស្ដែង ថ្ងៃនេះផងដែរ ខ្មែរឡូត យើងក៏បានធ្វើដំណើរ ទៅកាន់តំបន់ដ៏ទាក់ទាញមួយនេះផងដែរ និងបានផ្តិតយករូបភាពស្អាតៗ នៅទីនោះជាច្រើន សម្រាប់យកមកចែកជូនប្រិយមិត្តរាល់គ្នាទស្សនាថែមទៀតផង។
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]